អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ខ្មែរ

ហេតុអ្វី​អភិបាល​កិច្ចថ្នាក់​ក្រោម​ជាតិ នៅ​តែ​មាន​កម្រិត​ទាប?

ចុះផ្សាយ​នៅ​ថ្ងៃ៖

កាលពី​ចុង​ខែ​មករា​កន្លងទៅថ្មីៗនេះ ក្រសួង​មហាផ្ទៃ បាន​ត្រួតពិនិត្យ និង​ វាយតម្លៃ ពី​ស្ថាន​ភាព​អភិបាល​​​កិច្ចមូល​ដ្ឋាន​នៅ​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ ពី​ឆ្នាំ​២០១៣​ ដល់ឆ្នាំ​​២០១៦ គឺ​​​មាន​​ការ​​​កើត​ឡើង​​តែ​​៦ភាគ​រយ​​​តែ​ប៉ុណ្ណោះ​។ ហើយ​ក្នុង​នោះ ​ផ្នែក​ខ្លះមាន​ការ​ធ្លាក់​ចុះ​ថែម​ទៅ​ទៀត​​។ ដូច្នេះហេតុអ្វីបាន​ជា​ ​អភិបាល​កិច្ចថ្នាក់​ក្រោម​ជាតិ​ នៅ​តែ​មាន​កម្រិត​ទាប?  

វាលស្រែរបស់ប្រជាពលរដ្ឋក្នុងខេត្តស្វាយរៀង ដែលរងគ្រោះរាំងស្ងួតធ្វើស្រូវមិនបានផល ​នាពេល​កន្លង​ទៅ​!
វាលស្រែរបស់ប្រជាពលរដ្ឋក្នុងខេត្តស្វាយរៀង ដែលរងគ្រោះរាំងស្ងួតធ្វើស្រូវមិនបានផល ​នាពេល​កន្លង​ទៅ​! @Vann Sokunthea
ផ្សាយពាណិជ្ជកម្ម

ការ​​វាស់វែងអំពីស្ថានភាពនៃអភិបាលកិច្ចមូលដ្ឋាន នៅរដ្ឋបាលក្រុង ស្រុក ខណ្ឌ និងឃុំ សង្កាត់ គឺធ្វើ​ឡើង​​បីឆ្នាំ​ម្តង​។ ការ​វាយ​តម្លៃការ​អង្កេត​នេះ គឺផ្អែក​លើ​៨​ចំណុច​ ៖ ១. ការចូលរួម​របស់​ប្រជាពលរដ្ឋ ​២. តម្លាភាព និងការរាយការណ៍ ​៣. គណនេយ្យភាព ៤. អន្តររដ្ឋបាល ៥. ការ​បន្ស៊ីផ្នែកគោលនយោបាយ​ ​៦. ការឆ្លើយតប ​៧.ការគាំទ្រក្រុមជនងាយរងគ្រោះ និង​ ៨. ការផ្តល់សេវា។  

ជាក់ស្តែង ឆ្នាំ២០១៣ ដល់​ឆ្នាំ២០១៦ គឺ​ស្រប​ពេល​នឹង​ការ​ផ្តើម​ការ​ធ្វើ​កំណែទម្រង់​ស៊ី​ជម្រៅ​របស់​រដ្ឋាភិបាល​ដែរ គឺ​សន្ទស្សន៍អភិបាលកិច្ចមូលដ្ឋាន ក្នុងរយៈ​ពេល​នេះ កើន​ឡើង​បាន​តិច​តួច​តែប៉ុណ្ណោះ​ គឺ​ត្រឹម​៦ភាគ​រយ។​  ហើយ​តាម​ការអង្កេត​របស់​ស្ថាប័ន​រដ្ឋ​ខ្លួន​ឯងដដែល​ គឺបា​នទទួល​ស្គាល់ថា ការបន្ស៊ីផ្នែកគោលនយោបាយ, ការចូលរួមរបស់ប្រជាពលរដ្ឋ និងគណនេយ្យភាព ​មាន​ការ​ធ្លាក់​ចុះ។

ចំពោះ​សន្ទស្សន៍អភិបាលកិច្ចមូលដ្ឋាន មាន​ការ​កើត​ឡើង​តិចតួច និង​មាន​ផ្នែក​ខ្លះ​ក៏​ធ្លាក់​ចុះ​ ក្នុង​ឆ្នាំ​កន្លងទៅ​​នេះ គឺ​ត្រូវ​អ្នក​វិភាគ​ខាង​អភិបាល​កិច្ច​ល្អ មើល​ឃើញ​ពីមូលហេតុ គឺដោយ​សារតែ​ឧបសគ្គរាំង​ស្ទះ​ ​ភាព​សកម្ម​ និងភាព​​ចន្លោះ​ប្រហោង​មួយ​ចំនួន។

បញ្ហា​នាំមុខគេ​ ​គឺ​អំពើ​ពុក​រលួយ​តែម្តង​ ដែល​នៅតែ​បន្ត​ស៊ីរូង​ក្នុង​ប្រព័ន្ធ​រដ្ឋបាល និង​ស្ថាប័ន​សាធារណៈ​របស់​​ជាតិ ពិសេសគឺ​​នៅតែបន្ត​មាន​អំពើ​ពុករលួយ​ ទោះ​តិច​ឬច្រើន​ក្តី នៅក្នុង​​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ​​នៅឡើយ។ តាម​របាយការ​ណ៍​របស់អង្គការ​តម្លាភាព​អន្តរជាតិ ដែល​ចេញ​កាលពី​ប៉ុន្មាន​សប្តាហ៍​មុ​ននេះ គឺជា​អំណះអំណាង​ស្រាប់។ គឺ​កម្ពុជា​ជាប់​លេខ​១៥៦ ក្នុង​ចំណោម​ប្រទេស​១៧៦លើពិភពលោក​ ហើយ​កម្ពុជាគឺ​ពុករលួយ​ខ្លាំង​ជាងគេ​បង្អស់​​នៅ​តំបន់​អាស៊ាន​។​

ទន្ទឹ​ម​នេះ ចំពោះ​អំពើ​ពុករលួយ​ក្នុង​ថ្នាក់​មូលដ្ឋាន​នៅ​ស្រុក​ខ្មែរ គឺមាន​កត្តា​ជា​ច្រើន​ដែល​ពាក់​ព័ន្ធគ្នា បើ​ទោះបី​ជា​មាន​យន្តការ​កំណែទម្រង់​ជា​ច្រើន​មកហើយក្តី។  បញ្ហា​នេះ គឺជា​ជំងឺ​ដុះស្លែ ជាមួយ​នឹង​ប្រព័ន្ធ​រដ្ឋបាល​ដែល​ចាស់​គំរឹល​ ប្រព័ន្ធ​ការងារ​ថ្នាក់ក្រោម​ជាតិ​យូរ​ឆ្នាំ​ រួម​ទាំង​មន្ត្រី​បម្រើ​សេវា​កម្ម​នោះទៀតសោត សុទ្ធតែ​អ្នក​កាន់ការងារ​ចាស់​វស្សា​ថែមទៀត។ មន្ត្រី​ថ្នាក់​ក្រោម​ ដែល​ចាស់​ៗ​ គឺធ្លាប់​​មាន​ទម្លាប់ចាស់​ដែរ​ រឿង​យកថ្លៃទឹក​តែ ឬ​ថ្លៃ​ទឹក​ប៊ិច ជាដើម​។
បញ្ហរាំង​ស្ទះក្នុងការ​ធ្វើ​ឲ្យ​អភិបាល​កិច្ច​ថ្នាក់​ក្រោម​ដើរ​លឿន ទៅ​​មិន​រួចនោះ​ គឺទំនង​ជា​អាច មក​​ពី​ខ្វះ​ខាត​ធនធានមនុស្ស​ ដែល​សម្បូរ​​ចំណេះ​ដឹង​និង​សមត្ថភាព ព្រ​មទាំង​ភាពច្នៃ​ប្រឌិត​បង្កើត​ថ្មី​ ក្នុង​ការ​ផ្តល់​សេវា​នៅ​មូលដ្ឋាន។ ផ្ទុយ​ទៅវិញ យុវជន​និង​ធនធានមនុស្ស​​ដែល​ចេះ​ដឹង​ជាន់​ថ្មី​ ហាក់​គិត​តែ​ចង់​សម្រុក​មក​ថ្នាក់​ជាតិ គឺ​មិន​ចង់ធ្វើការ​​នៅ​ថ្នាក់​មូល​ដ្ឋាន​ប៉ុន្មាន​ឡើយ​។

បញ្ហា​នេះ ក៏​ជាប់ព័ន្ធ​នឹង​ធនធាន​ថវិកា​ផង​ដែរ រាប់​ទាំង​ថវិកា​សម្រាប់​អភិវឌ្ឍ​សេវា​អភិបាល​កិច្ចថ្នាក់​ក្រោម​ជាតិ​ រួមទាំង​ថវិកា​សម្រាប់​ប្រាក់​បៀវត្ស​របស់​ពួក​គេ នៅ​មាន​កម្រិត​ទាបនៅ​ឡើយ​។ ដូច្នេះ គឺលំបាក​នឹង​យក​អ្នក​ចេះ​ដឹង​ខ្លាំង ​ទៅ​ធ្វើ​ការ​នៅ​មូលដ្ឋាន​ណាស់។
ឧបសគ្គចម្បង​មួយ​ទៀត គឺ​ប្រព័ន្ធការងារ​ថ្នាក់​ក្រោម​ជាតិ ត្រូវ​រង់​ចាំ​ស្តាប់​បញ្ជា​ទាំង​ស្រុង​ពី​ថ្នាក់​លើ ថ្នាក់​ជាតិ​ដែល​ចាំតែ​ចេញបញ្ជា គឺ​ធ្វើ​ឲ្យ​រដ្ឋបាល​ថ្នាក់​មូល​ដ្ឋាន គ្មាន​ស្វ័យ​ភាព​នៃការ​សម្រេច​ចិត្ត​ បើ​ទោះបី​ជា​ថ្នាក់​ក្រោម​នោះ គិត​ថា​ល្អ​ឬ​ត្រឹមត្រូវ​ក៏ដោយ ក៏​មិន​ហ៊ាន​ធ្វើ​ដែរ​។​ ដូច្នេះ​ដំណើរ​ការ​នៃការ​ស្នើ​យោបល់ និងការ​សម្រេច​ចេញ​បញ្ជា​ គឺត្រូវស៊ីពេល​ និង​ធ្វើឲ្យ​យឺត​យ៉ាវ​ការងារ​យ៉ាង​ប្រាកដ។

លើសពីនេះ គឺ​មាន​ការ​ចែកអំណាច​នៃ​ការ​សម្រេច​ចិត្ត​និង​អំណាច​ក្នុង​ការងារ​ មិនទាន់​ត្រឹមត្រូ​វ។ អ្នក​ជំនាញ​អភិបាល​កិច្ច​ កត់​សម្គាល់ឃើញថា​ រដ្ឋបាល​ថ្នាក់​ជាតិ​និង​ថ្នាក់​ក្រសួងក្តី​ ច្រើ​នតែ​ទម្លាក់​ការងារ​និង​ការ​ទទួល​ខុស​ត្រូវ ទៅ​ថ្នាក់​មូលដ្ឋាន​ ប៉ុន្តែ​​មិនទម្លាក់អំណាចនិង​ទម្លាប់​កញ្ចប់​ថវិកាសមរម្យ​​សម្រាប់​អនុវត្ត​នោះទេ។ ហើយពេល​ខ្លះ គឺ​រង់ចាំ​តែ​បន្ទោសថ្នាក់ក្រោមទៀត​ផង។​

ទោះ​បី​ជា​យ៉ាងណា​ក៏ដោយ ដើម្បីរួមចំណែ​ក​កែ​​​​ទម្រង់រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ​ រដ្ឋាភិបាល​កម្ពុជា បាន​បង្កើត​ការិយាល័យ​ច្រកចេញចូល​តែមួយ។​ នេះ​គឺ​ជាផ្នែក​សំខាន់​នៃ​វិមជ្ឈការ​អំណាច​ ឲ្យ​ការ​ផ្តល់​សេវា​កាន់តែ​ខិត​ជិត​ប្រជាពលរដ្ឋ។ ការិយាល័យច្រកចេញចូលតែមួយ គឺជាមាន​ក្រសួងចំនួន១១ ដែល​បាន​ធ្វើ​ប្រតិភូកម្មមុខងារ។ បាន​ន័យថា ផ្ទេរ​ភារៈ​កិច្ច​ក្នុងការផ្តល់សេវា​រដ្ឋបាល ដល់​ថ្នាក់​រដ្ឋាបាល​ក្រុង ស្រុក និងខណ្ឌ។

ជាមួយ​គ្នា​នេះ ​អង្គការ​មូល​និធិ​អាស៊ី  តាមរយៈ​​គម្រោងគំ​និត​​ផ្តួ​ច​ផ្តើម​ចង​ក្រង​បញ្ជី​កំណែ​ទម្រង់ កាល​​ពាក់​កណ្តាល​ខែ​ធ្នូ​ឆ្នាំ​២០១៦ បាន​រកឃើញ​​ថា ​កម្ពុជា​មាន​កំណែ​ទម្រង់​៣សំខាន់​នៅ​ក្នុង​ចំណោម​ក្រសួង​ទាំង​១៧ នៅ​ឆ្នាំ២០១៦ គឺ​វិស័យ​អប់រំ ការប្រមូល​ពន្ធដារ​ និង​ការ​ផ្គត់​ផ្គង់​ទឹក​ស្អាត។​ ក៏ប៉ុន្តែ ​​ការ​ស្ទង់មតិ​មក ​គេ​រកឃើញថា​ ពល​រដ្ឋ​ខ្មែរ​ភា​គ​ច្រើន ​មិន​ទទួលបា​នព័ត៌​មាន​ពី​ការ​ធ្វើ​កំណែទ​ម្រង់​របស់​រដ្ឋាភិបាលនោះទេ។

ដូច្នេះ នៅក្នុង​ដំណើ​​ការ​កែទម្រង់ថ្នាក់​ក្រោម​ជាតិ ជួប​​បញ្ហរាំង​ស្ទះរៀប​រាប់​ទាំងនេះ​  និង​គឺ​នៅ​តែ​ជា​ឧបសគ្គ​ដដែល។ រឿង​​​​នេះ នឹង​អាចធ្វើ​ឲ្យ​​ស្ថានភាពអភិបាលកិច្ចមូលដ្ឋាន ឡើងបន្តិច​ ឬ​ធ្លាក់​ជា​គំហុក​​ ក៏អាច​ថា​បាន៕ 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ