អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ខ្មែរ

តើ​ឃុំ​សង្កាត់​ត្រូវការ​លុយ​ថែម ឬ​ត្រូវ​កែ​ប្រព័ន្ធ​ធ្វើការ​ថ្មី?

ចុះផ្សាយ​នៅ​ថ្ងៃ៖

ការ​បោះឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ អាណត្តិទី​៤ គឺ​កាន់​តែ​ខិត​ជិត​ចូល​មក​ដល់​។ នៅ​ថ្ងៃ​ទី​៤មិថុនា​ឆ្នាំ​២០១៧​ខាង​មុខ​នេះ គឺពលរដ្ឋ​ខ្មែរ​នឹង​ត្រូវទៅ​បោះឆ្នោត​ជ្រើស​រើស​​ក្រុម​ប្រឹក្សាឃុំ​-សង្កាត់ ​ចំនួន ១១,៥៧២​នាក់​ដើម្បី​ឲ្យ​ពួក​គេ​ទាំង​នោះ ទៅ​ធ្វើ​ការ​បម្រើ​ពលរដ្ឋ​មូលដ្ឋាន​ នៅ​ឃុំ​សង្កាត់​ចំនួន ១,៦៤៦ នៅ​ទូទាំង​ប្រទេស​។ ឆ្លៀត​ឱកាស​នេះ ហេង ឧត្តម សូម​ពិនិត្យ​មើល​ឡើង​វិញ​បន្តិច ពី​កិច្ច​ការងារ​របស់​សមាជិក​ក្រុម​ប្រឹក្សា​ឃុំសង្កាត់​ ក្នុង​អាណត្តិ​នេះ និង​ថា​តើ​ឃុំ​សង្កាត់​ត្រូវការ​លុយ​ថែម ឬ​ត្រូវ​កែ​ប្រព័ន្ធ​ធ្វើការ​ថ្មី?

ការបោះឆ្នោតឃុំសង្កាត់
ការបោះឆ្នោតឃុំសង្កាត់ @RFI
ផ្សាយពាណិជ្ជកម្ម

ការ​បោះឆ្នោត​ក្រុ​មប្រឹក្សា​ឃុំ​សង្កាត់​ អាណត្តិទី​៣ កន្លង​ទៅ​ គឺមាន​សមាជិក​គណបក្ស​​នយោ​បាយ​ ​ចំនួន៧បក្ស ដែល​បានជាប់​ឆ្នោត​ ហើយត្រូវ​ធ្វើ​ជា​សមាជិក​ក្រុមប្រឹក្សា​ឃុំ-សង្កាត់ នៅតាម​បណ្តា ឃុំនិង​សង្កាត់ ចំនួន​១.៦៣៣។ មេឃុំ​ ចៅ​សង្កាត់ ជំទប់​ទី១ និងជំទប់​ទី​២ ជារួម​សមាជិក​ក្រុម​ប្រឹក្សាឃុំសង្កាត់ ប្រមាណ​ជា ១១ ៤៥៩​នាក់ ដែល​ត្រូវ​ធ្វើ​ការ​ជាមួយ​គ្នា​ រយៈ​ពេល​៥ឆ្នាំ​ពេញ កន្លងមកនេះ​។

ជា​បឋម​ បញ្ហាស្រួល​ស្រាល់​ដំបូង​គេ គឺក្រុម​ប្រឹក្សា​នៅ​តាម​បណ្តា​ឃុំ​ស​ង្កាត់ខ្លះ ដែល​មាន​​សមាជិក​ក្រុម​ប្រឹក្សា​មក​ពី​បក្ស​នយោបាយ​ចម្រុះគ្នា​​ គឺមាន​ភាព​លំបាកធ្វើការឲ្យ​ចុះ​ចូល​គ្នា​តែ​ម្តង!​ ព្រោះ​ថា ការ​មក​ពីបក្ស​ផ្សេង​គ្នា ក៏​គំនិត​នយោបាយ និង​របៀបរបប​ការងារ​​ក៏​ផ្សេង​គ្នា​ដែរ​។ ដូច​បាន​ជ្រាប​ស្រាប់​ ការ​បោះឆ្នោត​ឃុំ​សង្កាត់ ២០១២​ អាណត្តិ​ទី៣នោះ គឺ​មានសមាជិក​ក្រុម​ប្រឹក្សា​ជាប់​ឆ្នោត​​គណបក្សចំនួន​៧ គឺ​មក​ពី​បក្ស​ប្រជាជន​កម្ពុជា, បក្ស​ សម រង្ស៊ី, បក្ស ហ៊្វុនស៊ិនប៉ិច, បក្ស រោត្តម រណឫទ្ធិ, បក្ស សិទ្ធិមនុស្ស,​ បក្ស សញ្ជាតិ​កម្ពុជា និង បក្ស​សម្ព័ន្ធ​ដើម្បី​លទ្ធិ​ប្រជាធិបតេយ្យ។

ចំពោះ​សមាជិក​ក្រុម​ប្រឹក្សា​ឃុំសង្កាត់ ដែល​ជាប់​ឆ្នោតមកពីបក្ស​ដទៃ​ពីគ្នា គឺ​ភាគ​ច្រើន​រង​ការ​លំបាក​ខ្លាំង​។ ភាព​យ៉ាប់​យឺន​ធំ​នោះ ​គឺពួកគេមិន​ត្រូវបាន​សមាជិក​ក្រុម​ប្រឹក្សាដូចគ្នា​​​ ចាត់​ទុក​ថា​​ជាដៃគូ​រួម​ការងារ ជា​សហការី​នឹង​គ្នា​ទេ តែបែរ​សម្លឹង​និង​ចាត់ទុក​គ្នា​ ថា​ជា​គូ​សត្រូវ​ទៅ​វិញ​។ លើស​ពីនេះ ក្នុង​កិច្ច​ការ​សម្រេច​អ្វី​ផ្សេងៗ នៅក្នុង​មូលដ្ឋាន​ គឺច្រើន​តែ​លាក់​លាម​មិន​ចង់​ឲ្យ​សមាជិក​ក្រុម​ប្រឹក្សា​មកពី​បក្ស​ផ្សេង​ ដឹងឮទេ ពិសេស​រឿង​តម្លាភាព​លុយកាក់ និង​ចំណូល​ចំណាយ​ជាដើម។​ ហើយ​ពេល​ខ្លះ សូម្បី​តែ​ឯកសារ​ការងារ​មួយ​ចំនួន ក៏​ពុំ​ព្រម​ចែក​គ្នា​ឲ្យ ​បាន​ត្រឹមត្រូវ​នោះដែរ។

មាន​មេឃុំ​ខ្លះ គឺ​ចាត់​ចែង​ការងារ​ណា​ដែល​ផ្តល់ប្រយោជន៍ ​លាភ​សក្ការៈ​ទៅដល់​សមាជិក​របស់​ខ្លួន​ទាល់តែអស់ ឬ​ឲ្យ​សមាជិក​បក្ស​ខ្លួន​ជាមុន​សិន ទើប​​ទុក​ការ​ងារ​ណា​លំបាកៗ​ ឲ្យ​សមាជិក​ក្រុមប្រឹក្សា​ដែល​មកពីបក្ស​ផ្សេង​។​ឧទាហរណ៍ ជាក់​ស្តែង បើ​អង្គការ​សង្គម​ស៊ីវិល​ ធ្វើ​កម្មវិធីអ្វី​មួយ​ ឬ​វគ្គបណ្តុះ​បណ្តាល​នៅ​មូលដ្ឋាន​របស់ខ្លួន ហើយ​ផ្តល់​ការ​ឧបត្ថម្ភ​លុយ​កាក់​ខ្លះ​ សម្រាប់ការ​ចូលរួម​ គឺ​ប្រធាន​ក្រុម​ប្រឹ​ក្សា​ ច្រើន​តែ​ចូល​ខ្លួនឯងតែម្តង​ ឬ​ចាត់​ឲ្យ​ក្រុម​គ្នា​គាត់​ចូលរួម។ គឺទាល់តែ​ក្រុម​បក្សពួកខ្លួន​រវល់​អស់ ទើប​ដល់វេន​សមាជិក​ក្រុម​ប្រឹក្សា​មកពីបក្ស​ដទៃ​។​

នេះ​គ្រាន់តែ​ជា​បញ្ហា​សាមញ្ញ​ធម្មតា​មួយ ហើយ​នៅមាន​រឿង​ស្មុគស្មាញ​ផ្សេងៗទៀត​ តែនេះ​ក៏​​វាបាន​សបញ្ជាក់​ឲ្យ​ឃើញថា ប្រព័ន្ធការងារ​នៅ​មូលដ្ឋាន​ថ្នាក់ក្រោម​ជាតិ គឺមិន​ទាន់​ដើរ​ចូល​គ្នា​ឲ្យ​រលូន​នៅឡើយ​ទេ។ ហេតុអ្វីបាន​ជា​ដូច្នេះ​? បញ្ហា​នេះ គឺជា​ជំងឺ​ដុះស្លែ  ដ្បិត​​ប្រព័ន្ធ​រដ្ឋបាល​ដែល​ចាស់​គំរឹល​ ប្រព័ន្ធ​ការងារ​ថ្នាក់ក្រោម​ជាតិ​យូរ​ឆ្នាំ​ រួម​ទាំង​មន្ត្រី​បម្រើ​សេវា​កម្ម​នោះទៀត​សោត សុទ្ធតែ​អ្នក​កាន់ការងារ​ចាស់​វស្សា​ថែមទៀត។

ម្យ៉ាង​ទៀត​ សមាជិក​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​ទាំងនោះ​ មិនទាន់​ត្រូវ​បាន​រៀន​បើក​ចំហ​ចិត្ត​ឲ្យ​ច្រើន  ឲ្យ​បាន​ទូលំ​ទូលាយ​នៅ​ឡើយ​។ យើង​ឃើញថា ការ​បោះឆ្នោត​ឃុំ​សង្កាត់​កន្លងទៅនេះ គណបក្ស ប្រជាជន​កម្ពុជា​មាន​មេឃុំចៅ​សង្កាត់​ ១.៥៩២, គណបក្ស សម រង្ស៊ី ២២ មេឃុំចៅ​សង្កាត់,​គណបក្ស​ហ៊្វុនស៊ិនប៉ិច​១​មេឃុំ​និង​គណបក្ស សិទ្ធិមនុស្ស ទទួល​បាន​មេឃុំ ១៨ឃុំ។ នៅ​ក្នុង​ចំណោម​​ប្រធាន​ក្រុម​ប្រឹក្សា​ទាំង​នេះ គឺ​មាន​មេឃុំ​តិច​តួច​បំផុត ដែលត្រូវ​បាន​ជួយ​ជ្រោម​ជ្រែង​ ឲ្យ​សិក្សា​រៀន​សូត្រ​បន្ថែម​ និង​បំពាក់​បំប៉ន​យក​បទពិសោធ​នៅ​បរទេស នៅ​ប្រទេស​ជឿនលឿន ប្រទេស​លោកសេរី​​ គឺមាន​តិច​តួច​ណាស់​។​

ចំណែក​ធនធាន​ថវិកាវិញ! គម្រោង​កញ្ចប់​ថវិកា​ប្រមាណ​៤-៥ម៉ឺនដុល្លារ សម្រាប់​ឃុំ​-សង្កាត់​ក្នុង​​មួយ​ឆ្នាំៗ ទំនង​ជា​ពុំ​ទាន់​គ្រប់​គ្រាន់​នៅឡើយ​ទេ ចំពោះ​តម្រូវការ​ជាក់​ស្តែង ក្នុង​ការ​អភិវឌ្ឍ​មូលដ្ឋាន​។​ ទន្ទឹមនេះ មេឃុំ​-ចៅសង្កាត់ គឺគ្មាន​ប្រាក់​ខែ​ទេ តែ​បាន​ទទួល​ប្រាក់របប​​ឧបត្ថម្ភ ប្រមាណ​ជាង​​៧០ម៉ឺន​រៀល, ជំទប់​ទី១-ទី២ បាន​ការ​ឧបត្ថម្ភ​ប្រហែល​ជាង​៦០ម៉ឺន​រៀល​ ហើយ​សមាជិក​ក្រុមប្រឹក្សា​ទូទៅ​​ បាន​៥០ម៉ឺន​រៀល​ ជាង​។ បញ្ហាថវិកា​ឧបត្ថម្ភ​ទាប​ដូច្នេះ​ គឺលំបាក​នឹង​ទាក់ទាញ ​អ្នក​ចេះ​ដឹង​ខ្លាំងៗ ឲ្យ​ទៅ​ធ្វើ​ការ​នៅ​មូលដ្ឋាន​ណាស់។ ក៏ប៉ុន្តែ​ ចំពោះ​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​របស់​បក្ស​ធំៗ ដែល​មាន​លុយ​ច្រើន គឺ​ពួក​គេ​ទាំង​នោះ បា​នទទួល​ការឧបត្ថម្ភ​បន្ថែម​ពី​បក្ស។ ប្រការ​នេះ គឺ​តម្រូវ​ឲ្យ​ពួក​គេ​ផ្តេកផ្តួល​ទៅលើ​បក្ស​ដដែល​ជា​ដដែល​។​ ពោលគឺគ្មាន​ស្វ័យភាព​ក្នុង​ការ​សម្រេច​រឿង​រ៉ាវ​មួយ​ចំនួន​នៅ​ក្នុង​មូលដ្ឋាន​របស់​ខ្លួនឡើយ​។

ដូច្នេះ ដើម្បី​ពង្រឹង​ប្រជាធិតេយ្យ​មូលដ្ឋាន, នៅក្នុង​ការ​បោះឆ្នោត​ក្រុ​មប្រឹក្សា​ឃុំ​សង្កាត់​ អាណត្តិ​ទី​៤ ខាងមុននេះ​ គេ​គួរ​តែ​​គិត​គូរ​ពីការការ​ពង្រីក​កញ្ចប់​ថវិកា​សម្រាប់​អភិវឌ្ឍ​មូលដ្ឋាន​ថ្នាក់​ក្រោម​ជាតិ និង​​បង្កើន​​លុយ​​ឧបត្ថម្ភសមាជិក​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់ ​ក៏ត្រូវ​ធ្វើ ហើយ​ការ​បណ្តុះ​បណ្តាល​ពួក​គេ​ទាំងនោះ​ ក៏​រឹង​រឹត​តែ​ត្រូវ​ធ្វើ​ថែមទៀត​។

សំខាន់ជាង​នេះទៅទៀត គឺត្រូវ​ពិចារណា​ពី​ប្រព័ន្ធ​បោះ​ឆ្នោត​ចម្រុះ ឲ្យ​មាន​ប្រព័ន្ធឯកនាម ដើម្បី​ឲ្យ​បំបែក​អំណាច​ប្រមូល​ផ្តុំ និង​ដើម្បី​ឲ្យ​បេក្ខជន​ទាំងនោះ រួច​ផុត​ពី​ក្រញាំ​ដៃ​របស់​បក្ស​ ហើយស្មគ្រ​ចិត្ត​បម្រើ​ពលរដ្ឋ​ដោយ​សុទ្ធចិត្ត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ