អានតួអត្ថបទ
កម្ពុជា

លោក​ស៊ុន ចាន់​ថុល ត្រៀម​ខ្លួន​រួច​ហើយ​សម្រាប់​កំណែ​ទម្រង់​នៅ​ក្រសួង​សាធារណការ ​និង​ដឹក​ជញ្ជូន​

លោក​ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​បច្ចុប្បន្ន ហើយ​ដែល​នឹងត្រូវ​ផ្លាស់​ទៅកាន់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​នៅក្នុងពេលឆាប់ៗខាងមុខនេះ បានប្រកាស​ពី​ការ​បេ្ត​ជ្ញា​ចិត្ត​របស់លោក​ក្នុងការ​ធ្វើកំណែទម្រង់​នៅ​ក្រសួង​ថ្មី ឲ្យ​កាន់តែ​ល្អ​ប្រសើរឡើង​សម្រាប់​ប្រជាពលរដ្ឋ​កម្ពុជា។ ការប្រកាស​នេះ​ត្រូវបាន​ធ្វើឡើង​នៅ​ក្នុងឱកាស​សិក្ខាសាលា​ជា​ស៊េរី ស្តីពី​វេទិការ​ពិភាក្សា​អំពី​វិស័យ​ពាណិជ្ជកម្ម និង​អប់រំ​នៅ​កម្ពុជា​បច្ចុប្បន្ន នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា ឬ​តិច​ណូ នៅ​ព្រឹក​ថ្ងៃទី ១៩ មីនា​នេះ។

លោកស៊ុន ចាន់ថុល និង លោកហង់ ជូនណារ៉ុន ក្នុង​វេទិកា​ពិ​ភាក្សា​អំពី​វិស័យ​ពាណិជ្ជកម្ម និង​អប់​រំ​នៅ​កម្ពុជា​បច្ចុប្បន្ន​
លោកស៊ុន ចាន់ថុល និង លោកហង់ ជូនណារ៉ុន ក្នុង​វេទិកា​ពិ​ភាក្សា​អំពី​វិស័យ​ពាណិជ្ជកម្ម និង​អប់​រំ​នៅ​កម្ពុជា​បច្ចុប្បន្ន​ @Prak Thida
ផ្សាយពាណិជ្ជកម្ម

លោក​ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​ដែល​ល្បីឈ្មោះ ខាង​ធ្វើកំណែទម្រង់​ស៊ីជម្រៅ និង​ចូលរួម​កាត់បន្ថយ អំពើពុករលួយ​នៅ​ក្រសួង​តាមរយៈ​ពេល​ការបង្កើត​ការចុះបញ្ជី​ពាណិជ្ជកម្ម​តាមរយៈ​ប្រព័ន្ធ​អន​ឡាញ​នោះ ត្រូវបាន​រដ្ឋាភិបាល​ក​ម្ពុ​ជាស​ម្រេច​ផ្លាស់ប្តូ​រលោក​ទៅកាន់​នៅ​ក្រសួង​ថ្មី​វិញ គឺ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​នៅពេល​ដ៏​ខ្លី​ខាងមុខនេះ។

ឆ្លើយតប​នឹង​សំណួរ​របស់​អ្នកសារព័ត៌មាន លោក​ស៊ុន ចាន់ថុល បាន​បញ្ជាក់ថា លោក​នឹង​បេ្ត​ជ្ញា​ចិត្ត​ធ្វើកំណែទម្រង់​នៅក្នុង​ក្រសួង​ថ្មី ហើយ​ជាពិសេស​ធ្វើយ៉ាងណា សម្រួល​សេវាសាធារណៈ​ជូន​ដល់​ប្រជាពលរដ្ឋ​ឲ្យ​បាន​កាន់តែ​ប្រសើរឡើង។ ហើយ​លោក​ក៏​សុំ​ឲ្យ​ប្រជាពលរដ្ឋ​ទុកពេល​វេលា​ខ្លះ សម្រាប់​លោក​ក្នុងការ​ធ្វើកំណែទម្រង់​ថ្មី​ផងដែរ។

គួរ​រំលឹក​ជូន​ផងដែរ​ថា សមាសភាព​ក្បាលម៉ាស៊ីន​ថ្មី​រដ្ឋាភិបាល​លោក​ហ៊ុន សែន ត្រូវបាន​ទម្លាយ​ជា​សាធារណៈ កាលពី​ថ្ងៃទី ១៨ មីនា​តាមរយៈ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​អ្នកនាំពាក្យ​ទីស្តីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ី​ផាន។ សមាសភាព​រដ្ឋមន្ត្រី​ថ្មី​ទាំងនោះ គឺ​ស្ថិតក្នុង​សេចក្តីស្នើ​របស់លោក​នាយ​ក​រដ្ឋមន្ត្រី​ហ៊ុន សែន សម្រាប់​រដ្ឋសភា​ធ្វើការ​អនុម័ត។ ក្នុងនោះ​មានការ​ផ្លាស់ប្តូរ​រដ្ឋមន្ត្រី​ចំនួន៦រូប ដែល​ក្នុងនោះ​លោក ស៊ុន ចាន់ថុល ដែល​កន្លង​មកជា​រដ្ឋ​មន្ត្រី​ក្រសួងពាណិជ្ជកម្ម ត្រូវបានតែងតាំង​ជា​រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន។ លោក ត្រាំ អ៊ីវតឹក ដែល​កន្លង​មកជា​រដ្ឋ​មន្ត្រី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ត្រូវបានតែងតាំង​ជា​រដ្ឋមន្ត្រីក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍។ លោក ប្រាក់ សុខុន ដែល​កន្លង​មកជា​រដ្ឋ​មន្ត្រី​ក្រសួង​ប្រៃសណីយ៍ ត្រូវបានតែងតាំង​ជា​រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ជំនួស​លោក ហោ ណាំហុង។ លោក ជា សុផារ៉ា ដែល​កន្លង​មកជា​រដ្ឋ​មន្ដ្រី​ក្រសួង​អភិវឌ្ឍន៍ជនបទ ត្រូវបានតែងតាំង​ជា​រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់។ លោក អ៊ុក រ៉ាប៊ុន ដែល​កន្លង​មកជា​រដ្ឋ​មន្ត្រី​ក្រសួងកសិកម្ម ត្រូវបានតែងតាំង​ជា​រដ្ឋមន្ត្រីក្រសួង​អភិវឌ្ឍន៍ជនបទ និង លោក មិន ឃិន ដែល​កន្លង​មកជា​រដ្ឋ​មន្ត្រី​ក្រសួង​ធម្មការ ត្រូវបានតែងតាំង​ជា​ទេសរដ្ឋមន្ត្រី។ នេះ​បើតាម​សេចក្តីស្នើ​របស់លោក​ហ៊ុន សែន កាលពី​ថ្ងៃទី១៦ ខែមីនា​ដាក់ជូន​ប្រធានរដ្ឋសភា​លោក ហេង សំរិន។

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ