អានតួអត្ថបទ
កម្ពុជា-នយោបាយ

ស៊ុន ឆៃ៖ បក្ស​សង្គ្រោះ​ជាតិ​មិន​ពាក់​ព័ន្ធ​ក្នុង​ការ​ធ្វើ​បាតុកម្ម​នៅ​បរទេស

ក្រោយ​មាន​ការ​ចាប់​ខ្លួន​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ កាល​ពី​ដើម​សប្ដាហ៍​នេះ អ្នក​គាំទ្រ​បក្ស​នេះ​នៅ​បរទេស​កំពុង​រៀប​ចំ​ធ្វើ​បាតុកម្ម​ទាម​ទារ​រដ្ឋាភិបាល​ឲ្យ​មាន​ការ​ដោះ​លែង​លោក​ កឹម សុខា វិញ​ជា​បន្ទាន់។ សកម្មជន​ទាំង​នោះ​បាន​អះ​អាង​ថា ការ​ចាប់​ខ្លួន​លោក កឹម​ សុខា ជា​រឿង​នយោបាយ​សុទ្ធ​សាធ។ ​ បាតុកម្ម​របស់​សកម្មជន​ទាំង​នោះ ត្រូវ​បាន​ថ្នាក់​ដឹក​នាំ​គណប្ស​សង្គ្រោះ​ជាតិ​ក្នុង​ទីក្រុង​ភ្នំពេញ​បដិសេធ​ថា មិន​បាន​ជាប់​ពាក់​ព័ន្ធ​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ​នោះ​ទេ។

លោក ស៊ុន ឆៃ ​តំណាង​រាស្ត្រ និង​ជា​អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ
លោក ស៊ុន ឆៃ ​តំណាង​រាស្ត្រ និង​ជា​អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ ©ចាន់ណា
ផ្សាយពាណិជ្ជកម្ម

កូន​ស្រី​ពៅ​លោក​កឹម សុខា គឺកញ្ញា កឹម សម្មាធីតា បញ្ជាក់​ថា សកម្មជន​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ក្រៅ​ប្រទេស​យ៉ាង​ហោច​ណាស់​៧ ប្រទេស​បាន​ប្រកាស​ធ្វើ​បាតុកម្ម​ដើម្បី​ទាម​ទារ​ឲ្យ​មាន​ការ​ដោះ​លែង​លោក​កឹម សុខា។ តាម​រយៈ​ទំព័រ​ហ្វេស​ប៊ុក កញ្ញា កឹម សម្មាធីតា បាន​ឲ្យ​ដឹង​ថា បាតុកម្ម​ទាំង​នោះ នឹង​រៀប​ចំ​ធ្វើ​នៅ​អូស្ត្រាលី កាណាដា បារាំង និងអាឡឺម៉ង់ នៅ​ថ្ងៃ​ទី​៩​កញ្ញា។ នៅ​រដ្ឋ​មួយ​ចំនួន​នៃ​សហរដ្ឋ​អាមេរិក នៅ​ថ្ងៃ​ទី​១០ និង​១៥​កញ្ញា។ នៅ​ប្រទេស​ណូវែលហ្សេឡង់ ថ្ងៃ​ទី​១៦​កញ្ញា។ និង​នៅ​ប្រទេស​ប៊ែលហ្ស៊ិក នៅ​ថ្ងៃ​ទី​១៨​កញ្ញា។

លោក ស៊ុន ឆៃ បាន​ប្រាប់​វិទ្យុ​បារាំង​អន្ដរជាតិ​នៅ​ថ្ងៃ​នេះ​ថា ថ្នាក់​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ​ក្រុង​ភ្នំពេញ​ មិន​បាន​ដឹង ឬ​មាន​ការ​ពាក់​ព័ន្ធ​ការ​ធ្វើ​បាតុកម្ម​របស់​ប្រជាពលរដ្ឋ​នៅ​បរទេស​នោះ​ទេ។ លោក​បន្ដ​ថា ការ​ធ្វើ​បាតុកម្ម​ទាំង​នោះ​ជា​សិទ្ធិ​របស់​ពួក​គេ បើ​ទោះ​បី​ជា​មាន​ការ​ប្រើ​ប្រាស់​ទង់ ឬ​បដា​ដែល​មាន​រូប​សញ្ញា​បក្ស​សង្គ្រោះ​ជាតិ​ក៏​ដោយ។

ដូច​គ្នា​ដែរ លោក ផៃ ស៊ីផាន វិញ​ បាន​ចាត់​ទុក​ថា បាតុកម្ម​ទាំង​នោះ​ ជា​សិទ្ធិ​សេរីភាព​របស់​ពលរដ្ឋ។ យ៉ាង​ណា​ក៏​ដោយ​ បើ​តាម​ លោក ផៃ ស៊ីផាន បាតុកម្ម​ទាំង​នោះ មិន​អាច​មាន​ឥទ្ធិពល​មក​លើ​អំណាច​តុលាការ​កម្ពុជា​ឡើយ។ ចំពោះ​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​រូប​នេះ បាតុកម្ម​ទាំង​នោះ​ជា​សកម្មភាព​នយោបាយ​របស់​កូន​ស្រី​លោក កឹម សុខា ដើម្បី​ស្វែង​រក​ដំណោះ​ស្រាយ​ជូន​ឪពុក។ ប៉ុន្ដែ​លោក​ថា វា​អាច​ជា​បន្ទុក​បន្ថែម​ទៅ​លើ​លោក​ កឹម សុខា ទៅ​វិញ។ អ្នក​នាំ​ពាក្យ​រូប​នេះ ក៏​ផ្ដល់​ជា​អនុសាសន៍​ថា ប្រជាពលរដ្ឋ​ទាំង​នោះ​គួរ​ស្វែង​រក​មេធាវី​ឆ្នើម​ទៅ​ការពារ​លោក​កឹម សុខា តាម​ផ្លូវ​តុលាការ​ប្រសើរ​ជាង នាំ​គ្នា​បាតុកម្ម។

ចំណែក​លោក ហុង លីម តំណាង​រាស្ត្រ​អូស្ត្រាលី​មាន​ដើម​កំណើត​ខ្មែរ ដែល​នឹង​ចូល​រួម​ធ្វើ​បាតុកម្ម​នៅ​ប្រទេស​អូស្ត្រាលី​នៅ​ថ្ងៃ​ទី ០៩ កញ្ញា ស្អែក យល់​ថា បាតុកម្ម​នេះ ទំនង​ជា​មិន​ជះ​ឥទ្ធិពល​ដល់​ការ​សម្រេច​ចិត្ត​របស់​រដ្ឋាភិបាល​ខ្មែរ​ទេ។ ប៉ុន្តែ​លោក​បញ្ជាក់​ថា វា​នឹង​បង្ហាញ​ទៅ​កាន់​សហគមន៍​អន្ដរជាតិ​ថា ពលរដ្ឋ​ខ្មែរ​នៅ​បរទេស​មិន​អាច​ទទួល​យក​បាន​ទេ ការ​ចាប់​ខ្លួន​លោក កឹម សុខា ដោយ​សារ​បទ​ល្មើស​ក្បត់​ជាតិ​នេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ