អានតួអត្ថបទ
កម្ពុជា

លោក​ សុន ឆ័យ៖ សភា​អាច​នឹង​កោះ​ហៅ​រដ្ឋ​មន្ត្រី​២​ក្រសួង​ មក​បំភ្លឺ​រឿង​បូម​ខ្សាច់​នៅ​កោះកុង​

លោក សុន ឆ័យ ​តំណាង​រាស្ត្រ​គណបក្ស​ប្រឆាំង ​គ្រោង​នឹង​ស្នើ​ទៅ​សភា​ដើម្បី​អោយ​កោះ ​ហៅ​រដ្ឋមន្រ្តី ក្រសួង​រ៉ែ ​និង​ថាមពល​ និង​រដ្ឋមន្រី្ត​ក្រសួង​បរិស្ថាន​មក​ឆ្លើយ​បំភ្លឺ​ជុំវិញ​ ការ​បូម​ខ្សាច់​​នៅ​កោះកុង។​ ការ​គ្រោង​នេះ​ធ្វើ​ឡើង ​បន្ទាប់​ពី​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន ​បាន​ឆ្លើយ​តប​ទៅ​នឹង​ការ​ស្នើ​សុំរ​បស់​ លោក សុន ឆ័យ នឹង​ការ​បូម​ខ្សាច់​នៅ​កោះកុង។ ​លោក ​សុន ឆ័យ ​ហៅ​ការ​ឆ្លើយ​បំភ្លី​នេះ​ថា ​ធ្វើតាម​របាយ​ការណ៍​មិន​ពិត​របស់​មន្ត្រី​ក្រោម​ឱវាទ។​

លោក សុន ឆ័យ តំណាងរាស្រ្តគណបក្សសង្គ្រោះជាតិ។
លោក សុន ឆ័យ តំណាងរាស្រ្តគណបក្សសង្គ្រោះជាតិ។ @RFI/ Siv Channa
ផ្សាយពាណិជ្ជកម្ម

នៅ​ក្នុង​លិខិត​ឆ្លើយ​តប​ ចុះ​ថ្ងៃ​ទី​១៦ ​ខែ​វិច្ឆិកា ​ឆ្នាំ​២០១៥ ​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន ​បាន​បំភ្លឺ​ថា​ក្រុមហ៊ុន​២​ គឺ​ក្រុមហ៊ុន ​International Rainbow និង​ក្រុមហ៊ុន ​Direct Access​ ជា​ក្រុមហ៊ុន​ ​ដែល​​គ្រប់គ្រង​ដោយ​ខ្មែរ​ មិន​មែន​វៀតណាម​ ហើយ​លោក​ថា​ក្រុមហ៊ុន​ទាំង​ពីរ​ បាន​គោរព​តាម​ការ​ណែនាំ​របស់​រដ្ឋាភិបាល​ក្នុង​ការ​ធ្វើ​អាជីវកម្ម​បូម​ខ្សាច់​ ដោយ​មិន​បាន​ប៉ះ​ពាល់​​ដល់​ធនធាន​ទឹក​ ប្រព័ន្ធ​អេកូឡូស៊ី​និង​បរិស្ថាន​​នោះទេ។​

នៅ​ថ្ងៃ​នេះ​ លោក​សុន ឆ័យ តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះជាតិ​ ​បាន​លើក​ឡើង​ថា​ ការ​ឆ្លើយ​បំភ្លឺ​របស់​​លោក​នាយក​​រដ្ឋមន្ត្រីហ៊ុន សែន ទាក់ទង​នឹង​ការ​បូម​ខ្សាច់​នៅ​កោះកុង​ មិន​ឆ្លុះ​បញ្ចាំង​ការ​ពិត​នៅ​មូលដ្ឋាន​ និង​មិន​មាន​ការ​ស្រាវជ្រាវ​ច្បាស់​លាស់។​

ទាក់​ទង​នឹង​រឿង​នេះ ​លោក​សុន ឆ័យ ស្នើ​អោយ​មាន​ការ​បង្កើត​គណកម្មការ​ឯក​រាជ្យ​មួយ ​ដើម្បី​ស៊ើប​អង្កេត និង​ធ្វើ​របាយការណ៍​ជូន​លោក​នាយក​រដ្ឋមន្ត្រី​ ហើយ​បើសិន​ជា​អាច​​លោកនឹង​​ស្នើ​ទៅ​សភា​ដើម្បី​អោយ​កោះ​ហៅ​រដ្ឋមន្រ្តី​ ក្រសួងរ៉ែ ​និង​ឋាមពល ​និង​​រដ្ឋមន្រី្ត​ក្រសួង​បរិស្ថាន​មក​ឆ្លើយ​បំភ្លឺ​ជុំវិញ​ ការ​បូម​ខ្សាច់​ ​នៅ​កោះកុង។

ដូចគ្នា​នេះ​ដែរ​ លោក ថុន រដ្ឋា សមាជិក​អ​ង្គការ​មាតា​ធម្មជាតិ​ប្រចាំ​នៅ​ខេត្ត​កោះកុង​ បាន​ហៅ​ការ​ឆ្លើយ​បំភ្លឺ​របស់​លោក​នាយក​រដ្ឋ​មន្ត្រីហ៊ុន សែន នេះ​ថា​ប្រាសចាក​ពី​ការ​ពិត។​ លោក ​បន្ត​ថា​ តាម​ការ​សិក្សា​​ផ្ទាល់​របស់​លោក ​កម្មករ​ដែល​ធ្វើការ​អោយ​ក្រុមហ៊ុន​បូម​ខ្សាច់​ទាំង​២ ​គឺ​សុទ្ធតែ​ជា​ជនជាតិ​វៀតណាម ​ហើយ​​ការ​បូម​ខ្សាច់​នេះ​ ពិត​បាន​ប៉ះពាល​ដល់​ជីវភាព​របស់​អ្នក​ស្រុក ​និង​បរិស្ថាន​ផង​ដែរ។​

សូម​រំលឹក​ថា​ កាល​ពី​ថ្ងៃ​ទី​ ៣០ ខែ​កក្កដា ​ឆ្នាំ​២០១៥ ​លោក​សុន ឆ័យ តំណាង​រាស្ត្រ​គណបក្ស​​ប្រឆាំង បាន​ស្នើ​ឲ្យ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ពន្យល់​ពី​បែប​បទ​ និង​ការ​គ្រប់គ្រង​អាជីវកម្ម​បូម​ខ្សាច់​ របស់​ក្រុមហ៊ុន​វៀតណាម​ចំនួន​ពីរ​ ​នៅ​ខេត្ត​កោះកុង។

​លិខិត​របស់​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ លោក សុន ឆ័យ បាន​សរសេរ​ថា​ ក្រុមហ៊ុន​វៀតណាម​ទាំង​នោះ​ បាន​ប្រើប្រាស់​កប៉ាល់​បូម​ខ្សាច់​ចំនួន​១៧​គ្រឿង ​និង​សាឡង​ដឹក​ខ្សាច់​ចំនួន​៤១​គ្រឿង ​ដែល​លោក​ថា​ប៉ះពាល់​ដល់​បរិស្ថាន «យ៉ាង​ធ្ងន់ធ្ងរ» ដោយ​បណ្តាល​ឱ្យ​បាក់​ច្រាំង​ និង​បង្ក​ឱ្យ​ទឹក​ខ្មៅ​កង្វក់៕

អត្តបទដោយ៖ ឃុត សុខឿន

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ