ផ្សារទំនើប និងផ្សារកែច្នៃមួយចំនួន នឹងត្រូវបង្កើតឡើង ស្របពេលដែលផ្សារទំនើបខ្លះ មានសកម្មភាពទិញតិចតួច
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៤:៥៨
តាមគម្រោងផ្សារទំនើបយ៉ាងហោចពី ២ ទៅ ៣បន្ថែមទៀត រួមទាំងផ្សាររាត្រី និងផ្សារបណ្តែតទឹកផងនោះ នឹងត្រូវបើកដំណើរការធ្វើអាជីវកម្ម នៅក្នុងភូមិសាស្ត្ររាជធានីភំ្នពេញនាពេលខាងមុខ។ ការកើនឡើងទីផ្សារសម្រាប់លក់ផលិតផលនេះ ធ្វើឲ្យបរិមាណផ្សារនៅភ្នំពេញ កាន់តែមានចំនួនច្រើនទៅៗ បន្ថែមពីលើ ចំនួនផ្សារដែលគ្រប់គ្រងដោយរដ្ឋ ដែលមានប្រមាណជា ២៥ផ្សាររួចទៅហើយ នៅរាជធានីភ្នំពេញ។ កំរិតជីវភាពរបស់ពលរដ្ឋ ទំលាប់ខ្លាចតម្លៃថ្លៃ និងការប្រជែងគ្នាពីសំណាក់ មធ្យោបាយលក់ទំនិញនានាជាច្រើន បានធ្វើឲ្យផ្សារទំនើបមួយចំនួនមានតែមនុស្សដើរមើល តែគ្មានអ្នកទិញ។
វត្តមានរបស់មជ្ឈមណ្ឌល ឬកន្លែងដោះដូរទំនិញ និងផលិតផលនានានៅទីក្រុងភ្នំពេញ រួមមានផ្សាររបស់រដ្ឋ ផ្សារទំនើបដែលវិនិយោគដោយឯកជន ផ្សាររាត្រី ហាងលក់ទំនិញតាមផ្ទះ ស្តារម៉ាតឬ Boutique ការលក់ដូរចល័ត រួមនឹងការលក់ទំនិញតាមប្រព័ន្ធអនឡាញផងនោះ ឃើញថាចំនួនលក់ ឬការធ្វើជំនួញ មានសន្ទុះ និងសកម្មភាពមមាញឹកខ្លាំង នាដំណាក់កាលចុងក្រោយនេះ។
ការបង្កើតចំនួនផ្សារ ឬកន្លែងលក់ដូរតូច ធំ ដ៏ច្រើនសន្ធឹកសន្ធាប់នេះ ជាការពិតវាបានបង្ហាញពីរូបភាពរស់រវើកពីសង្វាក់ពាណិជ្ជកម្មនៅក្នុងប្រទេស ខណៈដែលកម្ពុជាបង្កលក្ខណៈឲ្យមានការអនុវត្តជំនួញ តាមបែបទីផ្សារសេរី។ ក៏ប៉ុន្តែសំណួរសួរថា ចំនួនផ្សារ និងរបបប្រជាសាស្ត្រមានន័យថាចំនួនអ្នកលក់ និងអ្នកទិញបច្ចុប្បន្ន វាមានលក្ខណៈសមមូលគ្នាដែរឬយ៉ាងណា?
ជាការកត់សម្គាល់តាមផ្សារនីមួយៗ និយាយពីផ្សាររដ្ឋ ដែលជាផ្សារប្រពៃណី ទទួលបានទាំងអ្នកមានធនធាន អ្នកមានជីវភាពមធ្យម និងអ្នកមានជីវភាពក្រីក្រនោះ ជាទូទៅនៅមានសកម្មភាពទិញដូរទំនិញ ជាប្រក្រតី។ អ្នកចូលផ្សារ ភាគច្រើនទិញទំនិញរបស់របរប្រើប្រាស់ ម្ហូបចំណី។ មានតិចតួចណាស់ដែលចូលទៅក្នុងផ្សាររបស់រដ្ឋ ហើយដើរចេញមកវិញ ដោយដៃទទេ។ ផ្សារប្រភេទចំរុះម៉ូយបែបនេះ ដូចជាផ្សារធំថ្មី ផ្សារចាស់ ផ្សារកណ្តាល ផ្សារអូឬស្សី ផ្សារដើមគរ និងផ្សារអូឡាំពិកជាដើម តែងបន្តនិរន្តភាពរបស់ខ្លួន មិនងាយសាបសូន្យ។
ដោយឡែកផ្សារទំនើបៗ ហាងទំនិញល្អតាមបែបបរទេសវិញ គឺជាប្រភេទទីតាំងលក់ទំនិញ ដែលមានការចាប់អារម្មណ៍ និងទាក់ទាញខ្លាំងពីសំណាក់ប្រជាពលរដ្ឋខ្មែរ។ ភាពស្អាតបាត ស្រស់ថ្លា ប្រកបដោយបរិស្ថាន ស្រលះមុខស្រឡះមាត់ នៅពេលចូលទៅក្នុងផ្សារ ភាគច្រើនបានត្រឹមតែតាំងបង្ហាញផលិតផលទំនើបៗ ប៉ុណ្ណោះ មិនបានទាក់ទាញអ្នកទិញឲ្យមានប្រសិទ្ធភាពដូចជាផ្សារធម្មតា ឬផ្សាររដ្ឋឡើយ។ លើសពីនេះ ផ្សារទំនើប ដូចជាផ្សារ អ៊ីអន ផ្សារសូរិយា ឬផ្សារសុវណ្ណា ជាដើម បានក្លាយជាមជ្ឈមណ្ឌលប្រជុំជន ប្រុសស្រី ក្នុងការដើរកំសាន្ត ទស្សនា ផលិតផល ដោយការតាំងលក់ទំនិញនានា ពេលខ្លះប្រៀបបាននឹងតាំងពិព័ណ៌សម្រាប់ការដើរមើលដូច្នោះដែរ។
មានហេតុផលមួយចំនួន បង្ហាញថា ផ្សារទំនើប ឬហាងទំនិញទំនើប ដែលលក់ផលិតផលប្រកបដោយគុណភាព នៅមិនទាន់អាចទាក់ទាញអតិថិជនទូទៅដូចផ្សារធម្មតាបាននោះ គឺ៖
ទី១ ទាក់ទងទៅនឹងប្រាក់ចំណូលរបស់ប្រជាជនខ្មែរ។ ជាទូទៅអ្នកដែលមានជីវភាពមធ្យម និងក្រោមមធ្យម ផ្សារទំនើបជាគោលដៅដែលពួកគេចង់ទៅគ្រាន់ត្រឹមបានស្គាល់ប៉ុណ្ណោះ។ រីឯការទិញវិញ គឺធ្វើឡើងយូរៗម្តង។ បើពុំនោះទេ ក៏ការទៅម្តងម្កាលរបស់អ្នកមានជីវភាពប្រភេទនេះ បានត្រឹមញុំាអាហារប្លែកមាត់បន្តិចបន្តួចជាការស្រេច។
រីឯអ្នកមានជីវភាពធូរធារវិញ ផ្សារទំនើបជាគោលដៅរបស់ពួកគេ។ តែបរិមាណអ្នកមានជីវភាពធូរធារ មានមិនច្រើនទេ ធៀបទៅនឹងប្រជាជនសរុប ដូចជាករណីនៅទីក្រុងភ្នំពេញជាដើម។ ពោលគឺភ្នំពេញប្រជុំដោយពលរដ្ឋចំណាកស្រុក កម្មករ អ្នកធ្វើការនៅក្នុងវិស័យផ្សេងៗដែលមានប្រាក់ចំណូលត្រដាបត្រដួស រួមនឹងអ្នកភ្នំពេញ ដែលមានជីវភាពខ្សត់ខ្សោយស្រាប់នោះ ជាងពាក់កណ្តាលទៅហើយ ក្នុងចំណោមប្រជាពលរដ្ឋជាង ២លាននាក់នៅក្នុងក្រុង។
ទី២ ប្រជាពលរដ្ឋខ្មែរ នៅមានទំលាប់នៅឡើយ គឺមួយចំនួនឃើញកន្លែង ឬហាងល្អ ទំនើប មិនហ៊ានចូល ឬទៅក្បែរទេ រាប់ទាំងហាងលក់គ្រឿងបរិភោគព្រឹក ល្ងាច ថ្ងៃត្រង់ផងដែរ។ ការដែលមានការគិតបែបនេះ ដោយសារតែពួកគេមានអារម្មណ៍ និងទំលាប់ពីមុនមកថា«កន្លែងល្អ ប្រាកដជាមានតម្លៃថ្លៃ ឬលក់ថ្លៃ»។
មួយវិញទៀត វត្តមានរបស់ហាងលក់ទំនិញតាមផ្ទះជាលក្ខណៈក្រុមហ៊ុនក្តី ជាការលក់តាមលក្ខណៈគ្រួសារក្តី ហាងទំនិញនិងកាហ្វេ VIP រទេះលក់ទំនិញចល័តដែលមានគុណភាពដូចជាកាហ្វេជាដើម រួមនឹងទីផ្សាររដ្ឋធំៗ និងផ្សាររាត្រីទៀតនោះ ជាហេតុធ្វើឲ្យការធ្វើដំណើរទៅកាន់ផ្សារទំនើបរបស់ពលរដ្ឋត្រូវបានកាត់បន្ថយ។ ជាទូទៅពាណិជ្ជករនៅផ្សារទំនើបច្រើនអង្គុយមើលមុខគ្នាពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ ហើយមមាញឹកតែថ្ងៃសៅរ៍ អាទិត្យ ចុងសប្តាហ៍ ដែលមិនប្រាកដថាមានអ្នកទិញច្រើនទេ ក្នុងចំណោមអ្នកចូលផ្សារទាំងអស់។
ស្ថានភាពបែបនេះ គេសម្គាល់ឃើញផ្សារទំនើបមួយចំនួន ចាំបាច់ធ្វើការកែទម្រង់រចនាបទ និងរិះរកវិធីដើម្បីទាក់ទាញអតិថិជន ហើយផ្សារមួយចំនួនទៀតប្រឈមនឹងការបិទ និងបានបិទខ្លះរួចហើយក៏មាន៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ