អានតួអត្ថបទ
កម្ពុជា

តុលាការ​​កំពូល​​​រក្សា​​​ការ​​​​សម្រេច​​មិន​​ឲ្យ​​លោក​ហ៊ុន សែន​​មក​​ត​ទល់​​ក្តី​​នឹង​​លោក​​គឹម ​​សុខ​​នៅ​ក្នុង​​តុលាការ​

តុលាការ​កំពូល​នៅ​ព្រឹក​មិញ​នេះ បានសម្រេច​ទាត់ចោល​បណ្តឹង​ជំទាស់​សុំ​នៅក្រៅ​ឃុំ​របស់លោក គឹម សុខ និង​បាន​ទាត់ចោល​បណ្តឹង​ជំទាស់​ការមិន​អនុញ្ញាត​ឲ្យ​ដើមបណ្តឹង​គឺ​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​មក​តទល់​ក្តី​នៅក្នុង​តុលាការ​តាម​ការស្នើសុំ​របស់​លោ​គឹម សុខ។ តុលាការ​កំពូល​បានចាត់ទុក​ការសម្រេច​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ​លើ​បណ្តឹង​ទាំងពីរ​នេះ​ថា ត្រឹមត្រូវ​ហើយ​ចាត់ទុកជា​បានការ។

អ្នក​វិភាគ​សង្គម​និង​នយោបាយ លោក គឹម សុខ និង ព្រះ​អង្គ​ ប៊ុត ប៊ុនតិញ នៅ​ក្នុង​ក្បួន​ទៅ​កាន់​សាលា​ដំបូង​រាជធានី​ភ្នំពេញ ថ្ងៃ​ទី​១៧ កុម្ភៈ ២០១៧
អ្នក​វិភាគ​សង្គម​និង​នយោបាយ លោក គឹម សុខ និង ព្រះ​អង្គ​ ប៊ុត ប៊ុនតិញ នៅ​ក្នុង​ក្បួន​ទៅ​កាន់​សាលា​ដំបូង​រាជធានី​ភ្នំពេញ ថ្ងៃ​ទី​១៧ កុម្ភៈ ២០១៧
ផ្សាយពាណិជ្ជកម្ម

លោក​គី តិច មេធាវី​តំណាង​ឲ្យ​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន បាន​អះអាងថា មូលហេតុ​ដែល​តុលាការ​កំពូល​ទាត់ចោល​បណ្តឹង​ជំទាស់​ចំពោះ​ការមិន​អនុញ្ញាត​ឲ្យ​លោក​គឹម សុខ បាន​នៅក្រៅ​ឃុំ គឺ​ដើម្បី​ការពារ​មិន​ឲ្យ​ជនជាប់ចោទ​រូបនេះ បង្កើត​បទល្មើស​បន្ថែម​ទៀត និង​បង្កបញ្ហា​ធ្វើ​ឲ្យ​ច​លាច​នៅក្នុង​សង្គម។ បើតាម​លោក​គី តិច លោក​គឹម សុខ ធ្លាប់បាន​បង្កបញ្ហា​ជាច្រើន​មកហើយ​ដូច​ជាការ​មកកាន់​តុលាការក្រុង​ភ្នំពេញ​ដំបូង លោក​គឹម សុខ បាន​នាំ​ប្រជាពលរដ្ឋ​ជាច្រើន​មកជា​មួយ​បង្ក​ឲ្យ​បរិយាកាស​អាប់អួរ។ លោក​គឹម សុខ ក៏​ធ្លាប់បាន​ចោទថា លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន បាន​បញ្ជូន​មនុស្ស​ទៅ​បញ្ចុះបញ្ចូល​លោក​ឲ្យ​សុំទោស​ហើយ​ថែមទាំង​គំរាមកំហែង​ដាក់គុក​ងងឹត​ទៀត។ ទាំងនេះហើយ​ដែល​លោក​គី តិច បង្ហាញ​ជាការ​បង្កើត​ឲ្យ​មាន​បញ្ហា​ចលាចល។

ចំពោះ​រឿងនេះ លោក​ជួង ជូ​ងី​មេធាវី​ការពារ​លោក​គឹម សុខ បា​នះ​អាង​ថា​តប​វិញ​ថា លោក​គឹម សុខ ពុំមាន​អំណាច ឬ​ឥទ្ធិពល​ធ្វើ​ឲ្យ​ចលាចល​ក្នុងសង្គម​នោះទេ។ សម្រាប់​លោក​ជួង ជូ​ងី ការទាត់ចោល​របស់​តុលាការ​កំពូល​នេះ​គឺ​មិន​យុត្តិធម៌​និង​ផ្ដល់​ការឈឺចាប់​ទៅដល់​កូនក្តី​របស់លោក។ លោក​ថា កាលណា​តុលាការ​អត់​ទាន់​ចេញ​សេចក្ដីសម្រេច​ជា​ស្ថាពរ​ថា គាត់​មានទោស​ឬក៏​យ៉ាងណា​នោះ ផ្លូវច្បាប់​អាច​ឲ្យ​គាត់​នៅក្រៅ​ឃុំ​បាន។

ដោយឡែក ចំពោះ​ការបដិសេធ​បណ្តឹង​ជំទាស់​ការមិន​អនុញ្ញាត​ឲ្យ​លោក​ហ៊ុន សែន​មក​តទល់​ក្តី​នៅក្នុង​តុលាការ​វិញ លោក​មេធាវី​គី តិច​បាន​បញ្ជាក់ថា គឺ​ដោយសារតែ​ការស្នើសុំ​មិន​ច្បាស់លាស់​និង​មិន​ត្រឹមត្រូវ​តាមច្បាប់ និយាយ​ជារួម គឺ​ការស្នើសុំ​នោះ​គ្មាន​សំអាង​ហេតុតែ​ម្តង។ ផ្ទុយទៅវិញ លោក​ជួង ជូ​ងី បានចាត់ទុក​ការទាត់ចោល​បណ្តឹង​ជំទាស់​ការមិន​អនុញ្ញាត​ឲ្យ​លោក​ហ៊ុន សែន​មក​តទល់​ក្តី​នៅក្នុង​តុលាការ​នេះ​ថា គឺ​មិន​បង្ហាញ​នូវ​តម្លាភាព​និង​មិន​បង្ហាញ​នូវ​ភាពយុត្តិធម៌​សម្រាប់​លោក​គឹម សុខ។ បើតាម​មេធាវី​រូបនេះ តុលាការ​កំពូល​បាន​រឹត​ត្បឹ​ត​ការនិយាយ​របស់លោក​គឹម សុខ​នៅក្នុង​តុលាការ​ដោយ​លោក​គឹម សុខ បាន​លើក​ពី​សំអាង​ហេតុ​បានតែ៤ចំណុចធំៗប៉ុណ្ណោះ ខណៈ​សំអាង​ហេតុ​មាន​ដល់​ទៅ៦ចំណុច​ឯណេះ ហើយ​ចុងក្រោយ​តុលាការ​បែរជា​ថា មិន​ច្បាស់លាស់ ឬក៏​មិនមាន​សំអាង​ហេតុ​ទៅវិញ។

សូមបញ្ជាក់ថា លោក គឹម សុខ អ្នកឃ្លាំមើល​បញ្ហានយោបាយ​និង​សង្គម ត្រូវបាន​តុលាការ​ឃុំខ្លួន​នៅក្នុង​ពន្ធនាគារ​តាំងពី​កាលពី​ខែមីនា។ លោក​គឹម សុខ ត្រូវបាន​លោកនាយក​មន្ត្រី​ហ៊ុន សែន ប្តឹង​ពីបទ​ញុះញង់​បង្ក​ឲ្យ​មាន​មាន​ភាពវឹកវរ​ដល់​ស​ង្គ​ម ហើយ​ទាមទារ​សំណង​ជំងឺ​ចិត្ត៥០ម៉ឺន​ដុល្លារ​អាមេរិក បន្ទាប់ពី​អ្នកឃ្លាំមើល​បញ្ហានយោបាយ និង​សង្គម​រូបនេះ បាន​អត្ថាធិប្បាយ​ថា គណបក្ស​ប្រជាជន​កម្ពុជា​អ្នក​នៅ​ពីក្រោយ​ឃាតកម្ម​លោក​បណ្ឌិត​កែម ឡី។ បន្ថែម​លើ​នេះ លោក​ហ៊ុន សែន ក៏បាន​ប្តឹង​លោក​គឹម សុខ ពី«បទ​បរិហារកេរ្តិ៍​ជា​សាធារណៈ»ទៀត​ដែរ ក្រោយពី​លោក​បាន​ចោទ​រដ្ឋាភិបាល​បច្ចុប្បន្ន​ថា បាន​បង្កើត​ឲ្យ​មាន​ប្រព័ន្ធ​មួយ​ដែលមាន​ការសម្លាប់​មនុ​ស្ស​ហើយ​រកមុខ​ឃាតករ​មិនឃើញ។ ចំពោះ​ករណីនេះ លោក​ហ៊ុន សែន បានទាមទារ​សំណង​ជំងឺ​ចិត្ត​ចំនួន១០លាន​រៀល ដែល​ស្មើនឹង២ពាន់៥រយ​ដុល្លារ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ