ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 21/06 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 20/06 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 20/06 12h00 GMT
កម្ពុជា

លោក​ស័ក្តិ​៤​ដែល​ប្រើ​អំពើ​ហិង្សា​លើ​ប៉ូលីស​ចរាចរណ៍ អាច​ប្រឈម​នឹង​ការ​ជាប់​ពន្ធនាគារ​ពី​២​ទៅ​៥​ឆ្នាំ

media  
ជន​សង្ស័យ​ឈ្មោះ​សៅ បញ្ញា ​ដែល​ប្រើ​ប្រាស់​អំពើ​ហិង្សា​លើ​ប៉ូលីស​ចរាចរណ៍​ @សហការី

នៅ​ព្រឹក​នេះ ព្រះ​រាជអាជ្ញារង​តុលាការ​ក្រុង​ភ្នំពេញ​បាន​បញ្ចប់​ការ​សួរ​ចម្លើយ​នគរបាល​ស័ក្តិ​៤​ម្នាក់​ដែល​ប្រើ​​ប្រាស់​អំពើ​ហិង្សា​លើ​មន្ដ្រី​ចរាចរណ៍​របស់​សាលា​រាជធានី​ភ្នំពេញ។ ក្រោយ​បញ្ចប់​ការ​សាក​សួរ លោក​ព្រះរាជ​អាជ្ញារង​បាន​សម្រេច​ចោទ​ប្រកាន់​២​បទ​ល្មើស​គឺ «ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់​ទោស និង​ប្រើ​ប្រាស់​ដោយ​គ្មាន​សិទ្ធិ​នូវ​សញ្ញា​សម្គាល់​ដែល​កំណត់​ដោយ​អាជ្ញាធរ​សាធារណៈ» ដែល​អាច​ជាប់​ពន្ធនាគារ​ពី​២​ទៅ​៥​ឆ្នាំ។ នៅ​ពេល​នេះ សំណុំ​រឿង​នេះ​កំពុង​ស្ថិត​ក្នុង​ដៃ​ចៅក្រម​ស៊ើប​សួរ ដើម្បី​សម្រេច​ថា​ត្រូវ​ឃុំ​ខ្លួន​ឫ​មិន​ឃុំ​ខ្លួន​បណ្តោះ​អាសន្ន។

បទ​ល្មើស «ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់​ទោស និង​ប្រើ​ប្រាស់​ដោយ​គ្មាន​សិទ្ធិ​នូវ​សញ្ញា​សម្គាល់​ដែល​កំណត់ ដោយ​អាជ្ញាធរ​សាធារណៈ» គឺ​ធ្វើ​ឡើង​តាម​បញ្ញត្តិ​មាត្រា​២១៨ និង​មាត្រា​៦១៤ នៃ​ក្រមព្រហ្មទណ្ឌ​កម្ពុជា។ បើ​តាម​មាត្រា​២១៨ ជន​សង្ស័យ​នឹង​ត្រូវ​ប្រឈម​ជាប់​ពន្ធនាគារ​ពី​២​ឆ្នាំ​ទៅ​៥​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី​៤​លាន​រៀល ទៅ​១០​លាន​រៀល ។ ចំណែក​មាត្រា​៦១៤​វិញ ជន​សង្ស័យ​ត្រូវ​ប្រឈម​ជាប់​ពន្ធនាគារ​ពី​១​ខែ ទៅ​១​ឆ្នាំ​និង ពិន័យ​ជា​ប្រាក់​ពី ១០​ម៉ឺន​រៀល ទៅ​២​លាន​រៀល។

ជន​សង្ស័យ​ដែល​ប្រើ​ប្រាស់​អំពើ​ហិង្សា​លើ​ប៉ូលីស​ចរាចរណ៍​នេះ មាន​ឈ្មោះ​ថា​សៅ បញ្ញា អាយុ​៣៣​ឆ្នាំ បម្រើ​ការងារ​នៅ​ការិយាល័យ​រដ្ឋបាល​សរុប​នៃ​នាយកដ្ឋាន​ប្រឆាំង​បទ​ល្មើស​បច្ចេកវិទ្យា​របស់​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ។ ជន​សង្ស័យ​រូប​នេះ ត្រូវ​បាន​អាជ្ញាធរ​ឃាត់​ខ្លួន ក្រោយ​ពី​មាន​ការ​បែក​ធ្លាយ​វីដេអូ​មួយ​កាល​ពី​ដើម​សប្តាហ៍​នេះ ដោយ​បង្ហាញ​ថា​រូប​គេ​បាន​ចាប់​អូស​ក​អាវ​ប៉ូលីស​ចរាចរណ៍​ម្នាក់​នៅ​ស្ដុប​ត្រឡោក​បែក ព្រម​ទាំង​វាយ និង​ធាក់​មួយ​ជើង​ចំ​ដើម​ទ្រូង​ផង នៅ​ខណៈ​ដែល​ប៉ូលីស​ចរាចរណ៍​នោះ​លត់​ជង្គង់​លើក​ដៃ​គោរព​សុំអភ័យ​ទោស​ក៏​ដោយ។ បើ​តាម​ជន​រង​គ្រោះ ​អំពើ​ហិង្សា​នេះ​បាន​កើត​ឡើង​មួយ​ថ្ងៃ ក្រោយ​ពី​រូប​គេ​បាន​ឃាត់​រថយន្ត​របស់​ជន​សង្ស័យ ដើម្បី​សួរ​នាំ​រឿង​ជិះ​បំពាន​ភ្លើង​សញ្ញា​ចរាចរណ៍។

ជា​ការ​កត់​សម្គាល់ រឿង​នេះ​គឺ​ជា​ករណី​ធ្វើ​ឲ្យ​មជ្ឈដ្ឋាន​ទូទៅ​មាន​ការ​ភ្ញាក់​ផ្អើល​ដ៏​កក្រើក​មួយ​ទៀត​នៅ​ដើម​ឆ្នាំ​ថ្មី​២០១៨​នេះ បន្ទាប់​ពី​រឿង​ចែក​អំណោយ​ជា​ក្តារ​មឈូស​ដល់​មនុស្ស​ចាស់​ជរា​ក្រីក្រ​នៅ​ក្នុង​ខេត្ត​កំពង់ធំ​របស់​ក្រុមហ៊ុន​ទឹក​សុទ្ធ​វីតាល់។ ប៉ុន្តែ​ករណី​ហិង្សា​លើ​ប៉ូលីស​ចរាចរណ៍​នេះ ត្រូវ​បាន​ចាត់​ការ​តាម​ផ្លូវ​តុលាការ​ភ្លាមៗ​ក្រោយ​ពី​កើត​រឿង​ហេតុ។ គេ​ក៏​មិន​ភ្លេច​ផង​ដែរ កាល​ចុង​ឆ្នាំ​២០១៧ ក៏​មាន​រឿង​ដ៏​ភ្ញាក់​ផ្អើល​មួយ​បាន​កើត​ឡើង​ដែរ នោះ​គឺ​ការ​បង្រ្កាប​ទី​កន្លែង​ជល់​មាន់​ទ្រង់​ទ្រាយ​ធំ​នៅ​ក្នុង​ខេត្ត​កណ្តាល និង​ខេត្ត​តាកែវ។ រឿង​នេះ​ក៏​ត្រូវ​បាន​ចាត់​ការ​ទៅ​តាម​ផ្លូវ​តុលាការ​ផង​ដែរ។

យ៉ាង​ណា​ក៏​ដោយ កាល​ពី​អំឡុង​ឆ្នាំ​២០១៧ កន្លង​ទៅ​នេះ ក៏​មាន​ករណី​បំពាន​ច្បាប់​យ៉ាង​អាណាធិបតេយ្យ​ពី​សំណាក់​កូន​មន្រ្តី​គ្រាក់ៗ និង​ក្រុម​ក្មេង​ស្ទាវ​មួយ​ចំនួន​បាន​កើត​ឡើង។ ប៉ុន្តែ​ករណី​ខ្លះ​ក៏​ត្រូវ​បាន​ចាត់​ការ​តាម​ផ្លួវ​តុលាការ រី​ឯ​ករណី​ខ្លះ​ទៀត​ក៏​ហាក់​ដូច​ជា​ស្ងប់​ស្ងាត់​មិន​ដឹង​ដំណឹង​ក៏​មាន​ដែរ៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ