អានតួអត្ថបទ
កម្ពុជា

រដ្ឋាភិបាល​បង្គាប់​ឲ្យ​លោក​ស្រី​ស៊ុយ សុផាន ចូល​ខ្លួន​ដោះ​ស្រាយ​បញ្ហា​ជម្លោះ​ដី​ធ្លី​នៅ​ភ្នំពេញ​និង​ខេត្ត​កណ្តាល

រដ្ឋាភិបាល​កម្ពុជា​តាម​រយៈ​លិខិត​ចុះ​ថ្ងៃ​ទី​ ២​ខែ​កុម្ភៈ​ឆ្នាំ​២០១៧ បាន​យល់​ព្រម​ឲ្យ​ក្រសួង​ដែនដី​និង​នគរូបនីយកម្ម និង​សំណង់ កោះ​ហៅ លោក​ស្រី ស៊ុយ សុផាន ប្រធាន​ក្រុម​ហ៊ុន​ផាន​អ៊ីម៉ិច​ចូល​ខ្លួន​មក​ដោះស្រាយ​បញ្ហា​ជម្លោះ​ដីធ្លី​ជាមួយ​ប្រជាពលរដ្ឋ​ប្រមាណ​ចំនួន ៥៥៦ គ្រួសារ ស្ថិត​នៅ​ក្នុង​ខណ្ឌ​ច្បារ​អំពៅ​ក្រុង​ភ្នំពេញ និង​ខេត្ត​កណ្តាល។ លោកស្រី ស៊ុយ សុផាន ដែល​គេ​ដឹង​ថា ជា​ម្ចាស់​អភិវឌ្ឍន៍​តំបន់​បុរី​កីឡា​ ដែល​មាន​ជម្លោះ​រហូត​មក​ទល់​នឹង​សព្វ​ថ្ងៃ។

ដី​មួយ​កន្លែង​របស់ក្រុមហ៊ុន ​ផានអ៊ីមិច ​ដែល​ស្ថិត​នៅ​ស្រុក​ពញាឮ ខេ​ត្ត​កណ្តាល​
ដី​មួយ​កន្លែង​របស់ក្រុមហ៊ុន ​ផានអ៊ីមិច ​ដែល​ស្ថិត​នៅ​ស្រុក​ពញាឮ ខេ​ត្ត​កណ្តាល​
ផ្សាយពាណិជ្ជកម្ម

យោង​តាម​លិខិត​របស់​ទីស្តីការ​គណៈ​រដ្ឋ​មន្រ្តី ចុះ​ថ្ងៃ​ទី ២​ ខែ​កុម្ភៈ​ ឆ្នាំ​២០១៧ ផ្ញើ​ជូន​លោក​ទេសរដ្ឋ​មន្រ្តី ជា សុផារ៉ា រដ្ឋមន្រ្តី​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម​ និង​សំណង់ មិន​បាន​បញ្ជាក់​ថា តើ​ការ​បង្គាប់​ឲ្យ​លោក​ស្រី ស៊ុយ សុផាន ចូល​ខ្លួន​ទៅ​ដោះស្រាយ​រឿង​ដីធ្លី​ជា​ច្រើន​កន្លែង​ស្ថិត​នៅ​ក្នុង​ខណ្ឌ​ច្បារ​អំពៅ​ក្រុង​ភ្នំពេញ និង​ស្រុក​ពញាឮ​ខេត្ត​កណ្តាល​នោះ នឹង​ធ្វើ​ឡើង​នៅ​ពេល​ណា​នោះ​ទេ។ ក៏​ប៉ុន្តែ​បាន​បង្គាប់​ឲ្យ​លោក​ស្រី ស៊ុយ សុផាន ដែល​គេ​ដឹង​ថា ជា​ប្រធាន​ក្រុមហ៊ុន​ផានអ៊ីម៉ិច​នោះ ចូលខ្លួន​ទៅ​ដោះស្រាយ​ជាមួយ​ប្រជាពលរដ្ឋ និង​ជាមួយ​អាជ្ញាធរ​មាន​សមត្ថកិច្ច ប្រកប​ដោយ​សុឆន្ទៈ និង​ស្មារតី​ទទួល​ខុស​ត្រូវ ដើម្បី​បញ្ចប់​វិវាទ​ដីធ្លី​ទាំង​នោះ។ យោងតាម​លិខិត​របស់​ទីស្តីការ​គណៈ​រដ្ឋ​មន្រ្តី ចុះ​ថ្ងៃ​ទី ២​ ខែ​កុម្ភៈ ឆ្នាំ​២០១៧ ​ក៏​បាន​បង្គាប់​ឲ្យ​រដ្ឋបាល​សុរិយោដី ផ្អាក​ការ​ចុះ​បញ្ជី ឬ​ធ្វើ​ការ​ផ្ទេរ​ដី​ ដែល​មិន​ទាន់​ដោះស្រាយ​ផង​ដែរ ដើម្បី​ចៀសវាង​ធ្វើ​ឲ្យ​វិវាទ​កាន់​តែ​រីករាល​ដាល​តទៅ​ទៀត។

បើ​ផ្អែក​តាម​របាយការណ៍​របស់​ក្រសួង​ដែនដី នគរូបនីយកម្ម និងសំណង់​បាន​រក​ឃើញ​ថា ពលរដ្ឋ​ប្រមាណ​ជាង​ ៤០០ គ្រួសារ​នៅ​ខណ្ឌ​ច្បារ​អំពៅ បាន​ប្ដឹង​ក្រុមហ៊ុន​ផានអ៊ីម៉ិច ដែល​រំលោភ​យក​ដី​ពួក​គាត់ រំលោភ​យក​ផ្លូវ​សាធារណៈ​មក​ធ្វើ​ជា​កម្មសិទ្ធិ​របស់​ក្រុមហ៊ុន និង​លួច​ធ្វើ​ប័ណ្ណ​ខុស​ប្រក្រតី​ជា​ដើម។ ចំណែក​ដី​ពលរដ្ឋ​ជាង ៩០​គ្រួសារ ស្ថិត​នៅ​ក្នុង​ស្រុក​ពញាឮ ខេត្ត​កណ្ដាល​វិញ បាន​ប្ដឹង​ក្រុម​ហ៊ុន ផានអ៊ីម៉ិច ថា​បាន​ក្លែង​បន្លំ​ឯកសារ​កែ​ប្រែ​ប័ណ្ណ​សម្គាល់​សិទ្ធិ​កាន់​កាប់​អចលន​វត្ថុ​របស់​ប្រជាពលរដ្ឋ។

គួរ​ជម្រាប​ជូន​ថា លោក​ស្រី ស៊ុយ សុផាន ប្រធាន​ក្រុមហ៊ុន​ផានអ៊ីម៉ិច ដែល​ស្និទ្ធិ​នឹង​រដ្ឋាភិបាល​កម្ពុជា ក៏​ធ្លាប់​មាន​រឿងរ៉ាវ​ជម្លោះ​ដីធ្លី និង​ការ​បណ្តេញ​ប្រជាពលរដ្ឋ​ចេញ​ពី​បុរី​កីឡា​នៅ​ចំ​កណ្តាល​ទីក្រុង​ភ្នំពេញ​កាល​ពី​ឆ្នាំ ២០១២​ផង​ដែរ។ ការ​បណ្តេញ​ប្រជាពលរដ្ឋ​ចេញ​ពី​តំបន់​បុរី​កីឡា​ក្រោម​ពាក្យ​អភិវឌ្ឍន៍​នៅ​នឹង​កន្លែង​នោះ បាន​បន្សល់​ទុក​នូវ​ការ​តវ៉ា​របស់​ប្រជាពលរដ្ឋ​ ១៥៦​គ្រួសារ ដែល​នៅ​មិន​ទាន់​ទទួល​បាន​សំណង​មក​ទល់​នឹង​ពេល​បច្ចុប្បន្ន​នេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ