ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 19/11 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 19/11 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 18/11 12h00 GMT
កម្ពុជា

ស៊ុយអ៊ែត​ព្រមាន​ពិនិត្យ​មើល​ឡើង​វិញ​នូវ​ទំនាក់​ទំនង​ជាមួយ​កម្ពុជា បើ​សិន​បក្ស​ប្រឆាំង​ត្រូវ​រំលាយ

media  
លោក​ស្រី Annika Ben David អគ្គរាជ​ទូត​សិទ្ធិ​មនុស្ស លទ្ធិ​ប្រជាធិបតេយ្យ និង​នីតិរដ្ឋ​របស់​ស៊ុយអ៊ែត​ @facebook/swenden embassy

រដ្ឋាភិបាល​ស៊ុយអ៊ែត​នឹង​គិត​ឡើង​វិញ​អំពី​ទំនាក់​ទំនង​ទ្វេ​ភាគី​រវាង​ស៊ុយអ៊ែត និង​កម្ពុជា ប្រសិន​ណា​បើ​គណបក្ស​សង្រ្គោះ​ជាតិ​ត្រូវ​រំលាយ​ចោល​នោះ។ នេះ គឺ​ជា​ការ​ព្រមាន​របស់​លោក​ស្រី Annika Ben David អគ្គរាជ​ទូត​សិទ្ធិ​មនុស្ស លទ្ធិប្រជាធិបតេយ្យ និង​នីតិរដ្ឋ​របស់​ស៊ុយអ៊ែត​នៅ​ក្នុង​សន្និសីទ​កាសែត​មួយ​នា​រសៀល​នេះ បន្ទាប់​លោក​ស្រី​បញ្ចប់​ដំណើរ​ទស្សនៈ​កិច្ច​នៅ​កម្ពុជា។ ការ​ព្រមាន​នេះ បាន​កើត​ឡើង​នៅ​ចំ​ពេល​ដែល​រដ្ឋសភា​ខ្មែរ​កំពុង​ដំណើរ​ការ​កែ​ប្រែ​ច្បាប់​ឆ្ពោះ​ទៅ​រក​ការ​រំលាយ​គណបក្ស​សង្រ្គោះ​ជាតិ។

នៅ​ចំពោះ​មុខ​អ្នក​កាសែត​ជាតិ​និង​អន្តរជាតិ​នៅ​ក្នុង​ស្ថានទូត​ស៊ុយអ៊ែត​ប្រចាំ​នៅ​កម្ពុជា លោក​ស្រី Annika Ben David អគ្គរាជ​ទូត​សិទ្ធិ​មនុស្ស លទ្ធិប្រជាធិបតេយ្យ និង​នីតិរដ្ឋ​របស់​ស៊ុយអ៊ែត​បាន​ចង្អុល​បង្ហាញ​ថា ប្រសិន​គណបក្ស​ប្រឆាំង​ដ៏​ធំ​មួយ​ត្រូវ​បាន​រំលាយ​នោះ គឺ​កម្ពុជា​ស្ថិត​ក្នុង​ដំណើរ​មិន​ត្រឹម​ត្រូវ​ឆ្ពោះ​ទៅ​កាន់​លទ្ធិ​ប្រជាធិបតេយ្យ។ នៅ​ត្រង់​ចំណុច​នេះ លោក​ស្រី​បញ្ជាក់​ថា រដ្ឋាភិបាល​ស៊ុយអ៊ែត​នឹង​គិត​គូរ​ពិចារណា​ឡើង​វិញ ថា​តើ​គួរ​រៀប​ចំ​ទំនាក់​ទំនង​ជាមួយ​កម្ពុជា​យ៉ាង​ដូច​ម្តេច​ប្រសិន​បើ​មិន​មាន​វត្តមាន​គណបក្ស​ប្រឆាំង​នោះ។ តែ​ទោះ​យ៉ាង​ណា លោក​ស្រី​បាន​អះ​អាង​ជា​មុន​ហើយ​ថា ការ​គិត​ឡើង​វិញ​អំពី​ទំនាក់​ទំនង​ជាមួយ​កម្ពុជា​នេះ ស៊ុយអ៊ែត​នឹង​មិន​រើស​យក​ការ​ផ្តាច់​ចំណង​ការ​ទូត​និង​ដក​ទូត​ចេញ​ពី​ប្រទេស​កម្ពុជា​ឡើយ។ យ៉ាង​ណា​មិញ និយាយ​ដល់​ការ​កាត់​ជំនួយ​វិញ លោក​ស្រី​មិន​អាច​បញ្ជាក់​យ៉ាង​ណា​ទេ​ដោយ​គ្រាន់​តែ​អះ​អាង​ថា នឹង​រាយការណ៍​បញ្ហា​នេះ​ទៅ​កាន់​រដ្ឋាភិបាល​ស៊ុយអ៊ែត។

លោក​ផៃ ស៊ីផាន អ្នក​នាំ​ពាក្យ​ទី​ស្តី​ការ​គណៈរដ្ឋមន្ត្រី​កម្ពុជា​បាន​ចាត់​ទុក​ការ​ព្រមាន​របស់​លោក​ស្រី​តំណាង​សិទ្ធិ​មនុស្ស លទ្ធិប្រជាធិបតេយ្យ និង​នីតិរដ្ឋ​របស់​ស៊ុយអ៊ែត​នេះ​ថា ជា​ការ​ឈ្លាន​ពាន​ដែន​អធិបតេយ្យ និង​ការ​សម្រេច​ចិត្ត​របស់​កម្ពុជា។ ដោយ​ប្រកាស​មិន​អាច​ទទួល​យក​បាន​នូវ​ការ​ព្រមាន​បែប​នេះ លោក​ផៃ ស៊ីផាន បាន​គូស​បញ្ជាក់​ថា អ្វី​ដែល​រដ្ឋសភា និង​តុលាការ​កម្ពុជា​កំពុង​ធ្វើ​នៅ​ពេល​នេះ គឺ​ឈរ​លើ​សន្តិភាព សន្តិសុខ​ជាតិ និង​ដើម្បី​ផល​ប្រយោជន៍​កម្ពុជា​តែ​ប៉ុណ្ណោះ។

កាល​ពី​ថ្ងៃ​ចន្ទ​រដ្ឋសភា​ខ្មែរ​ដែល​មាន​តែ​តំណាង​រាស្រ្ត​គណបក្ស​កាន់​អំណាច​បាន​អនុម័ត​សេចក្តី​ស្នើ​វិសោធនកម្ម​ច្បាប់​ស្តី​ពី​ការ​បោះ​ឆ្នោត​ចំនួន​៤ ដែល​គេ​ដឹង​ថា ជា​រូបមន្ត​សម្រាប់​យក​អាសនៈ​គណបក្ស​សង្រ្គោះ​ជាតិ​ទៅ​ចែក​គ្នា នៅ​ពេល​ដែល​គណបក្ស​ប្រឆាំង​ត្រូវ​បាន​រំលាយ។ រឿង​នេះ​កើត​ឡើង​ដំណាល​គ្នា​តែ​ម្តង​នឹង​រឿង​ក្តី​លោក​កឹម សុខា ប្រធាន​គណបក្ស​សង្រ្គោះ​ជាតិ​ដែល​កំពុង​ជាប់​ពន្ធនាគារ​ក្រោម​បទ​ចោទ​ក្បត់​ជាតិ។ ជា​បទ​ចោទ​ដែល​លោក​កឹម សុខា និង​គណបក្ស​សង្រ្គោះ​ជាតិ​បាន​ទាត់​ចោល។

សម្រាប់​លោក​ស្រី Annika Ben David ស្ថានភាព​កម្ពុជា​នៅ​ពេល​នេះ កំពុង​ប៉ះ​ពាល់​ដល់​មុខ​មាត់​កម្ពុជា​ជា អវិជ្ជមាន​នៅ​លើ​ឆាក​អន្តរជាតិ។ លោក​ស្រី​បាន​សង្កត់​ធ្ងន់​ថា ការ​រឹត​បន្តឹង​ទៅ​លើ​សិទ្ធិ​ពលរដ្ឋ សិទ្ធិ​នយោបាយ​ដែល​កំពុង​តែ​កើត​មាន​នៅ​ប្រទេស​កម្ពុជា​នេះ វា​គឺ​ជា​ការ​បញ្ជូន​នូវ​សារ​អវិជ្ជមាន​ទៅ​ដល់​អតិថិជន ដៃ​គូ​អភិវឌ្ឍន៍ ឬ​អ្នក​វិនិយោគ​ទុន​បរទេស​ផ្សេងៗ ហើយ​រូបភាព​នេះ វា​នឹង​បង្ក​ការ​ប៉ះ​ពាល់​ដល់​ការ​រីក​ចំរើន​នៃ​សេដ្ឋកិច្ច​របស់​កម្ពុជា៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ