ច្បាប់គ្រប់គ្រងការធ្វើអាជីវកម្មតាមអនឡាញត្រូវបានរដ្ឋាភិបាលកម្ពុជាបានអនុម័តជាផ្លូវការនៅថ្ងៃនេះ
លោកនាយករដ្ឋមន្រ្តីហ៊ុន សែន នៅព្រឹកថ្ងៃសុក្រនេះ បានដឹកនាំប្រជុំគណៈរដ្ឋមន្រ្តីកម្ពុជា ដើម្បីពិនិត្យ និងអនុម័តលើសេចក្តីព្រាងច្បាប់ចំនួន៣ និង គម្រោងវិនិយោគក្នុងវិស័យអគ្គិសនីមួយគម្រោង។ សេចក្តីព្រាងច្បាប់ និងគម្រោងវិនិយោគទាំងនេះ សុទ្ធតែត្រូវបានអនុម័តរួចហើយនៅព្រឹកនេះ។ ក្នុងនោះក៏មានដែរ សេចក្តីព្រាងច្បាប់ស្ដី “ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិច”ដែលជាច្បាប់គ្រប់គ្រងលើការធ្វើអាជីវកម្មតាមអនឡាញ។
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០២:២៤
សេចក្តីច្បាប់ស្ដី “ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិច” ឬ E-Commerce law គឺជាច្បាប់សម្រាប់គ្រប់គ្រងទៅលើរាល់សកម្មភាពទិញលក់ទំនិញ និងទូទាត់សេវាកម្មតាមរយៈប្រព័ន្ធអ៊ិនធើណេត ដែលអាចនាំមកនូវកាលានុវត្តភាពអាជីវកម្មថ្មីៗយ៉ាងច្រើនសម្រាប់សហគ្រិនវ័យក្មេងនៅកម្ពុជាក្នុងការចូលរួមពង្រីកកំណើនសេដ្ឋកិច្ចជាតិ។ សេចក្តីព្រាងច្បាប់ថ្មីនេះ មាន១២ជំពូក និងចែកចេញជា ៩០មាត្រា ហើយត្រូវបានរដ្ឋាភិបាលអនុម័តជាផ្លូវការនៅព្រឹកថ្ងៃសុក្រនេះ និង បញ្ជូនបន្តទៅកាន់រដ្ឋសភាជាតិ ដើម្បីធ្វើការពិនិត្យ និងអនុម័តឱ្យប្រើប្រាស់ជាធរមាននាពេលខាងមុខនេះ។
សេចក្តីព្រាងច្បាប់នេះ ត្រូវបានរៀបចំតាក់តែងឡើងដំបូងដោយក្រុមការងាររបស់ក្រសួងពាណិជ្ជកម្ម ដោយ មានការជួយឧបត្ថម្ភពីអ្នកជំនាញការរបស់ធនាគារពិភពលោក(World Bank) ក្នុងឆ្នាំ២០១២ និងពីជំនាញការជាតិក្នុងឆ្នាំ២០១៤។ នៅក្នុងឆ្នាំ២០១៦ ធនាគារអភិវឌ្ឍន៍អាស៊ី(ADB)ក៏បានផ្ដល់ជំនួយបច្ចេកទេស និងជំនាញការឱ្យជួយផ្ដល់យោបល់លើសេចក្ដីព្រាងច្បាប់នេះជាបន្តបន្ទាប់ផងដែរ។ នេះបើតាមការបញ្ជាក់ឱ្យដឹងពីក្រសួងពាណិជ្ជកម្មកម្ពុជា។
ក្រសួងពាណិជ្ជកម្មកម្ពុជា ក៏បានបញ្ជាក់ឱ្យដឹងទៀតថា ច្បាប់ស្ដីពី “ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក” នឹងផ្ដល់វិធានជាមូលដ្ឋានដ៏សំខាន់ក្នុងការជំរុញពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកក្នុង និងក្រៅប្រទេសប្រកបដោយទំនុកចិត្តតាមរយៈការទទួលស្គាល់សុពលភាព អានុភាព ភាពអាចអនុវត្តបាន និងភាពអាចទទួលយកបាននៃទំនាក់ទំនងអេឡិចត្រូនិក កំណត់ត្រាអេឡិចត្រូនិក និងកិច្ចសន្យាតាមប្រព័ន្ធអេឡិចត្រូនិក ព្រមទាំងមានការទទួលស្គាល់យថាភូតភាពនៃកំណត់ត្រាអេឡិចត្រូនិក និងហត្ថលេខាអេឡិចត្រូនិក ដែលកំណត់ដោយបច្ចេកវិទ្យា និងគ្រប់គ្រងដោយស្ថាប័នរដ្ឋ។
សម្រាប់ក្រសួងពាណិជ្ជកម្ម ច្បាប់នេះនឹងរួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថលនៅកម្ពុជា ដោយហេតុថាក្របខណ្ឌច្បាប់ និងបទដ្ឋានគតិយុត្តនានា ដែលគាំទ្រដល់សកម្មភាព និងប្រតិបត្តិការតាមប្រព័ន្ធអេឡិចត្រូនិក និងឌីជីថល ចាំបាច់ត្រូវរៀបចំនិងធ្វើបច្ចុប្បន្នភាព ដើម្បីអាចបង្កើតសេដ្ឋកិច្ចឌីជីថលរឹងមាំមួយ ព្រមទាំងត្រៀមទទួលយកនូវការឈានមកដល់នៃបដិវត្តន៍ឧស្សាហកម្មទី៤។ ជាងនេះទៅទៀត ច្បាប់នេះនឹងផ្ដល់លទ្ធភាពឱ្យសហគ្រាសធុនតូច និងមធ្យម(SMEs) នៅកម្ពុជាអាចភ្ជាប់ខ្លួនទៅនឹងខ្សែសង្វាក់ផលិតកម្ម និងទីផ្សារក្នុងស្រុក និងអន្តរជាតិ ក៏ដូចជាជំរុញឱ្យមានការច្នៃប្រឌិត និងការបង្កើតទំនិញ និងសេវាថ្មីៗបន្ថែមទៀតផងដែរ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ