អានតួអត្ថបទ
កម្ពុជា

រដ្ឋាភិបាល​គ្រោង​ដក​ពន្ធ​លើ​ប្រាក់​ខែចាប់​ពី មួយ​លាន​រៀលឡើង​ទៅ នៅ​ដើម​ឆ្នាំ​ ២០១៧

បើ​គ្មាន​អ្វី​ប្រែប្រួល​ទេ នៅ​ដើម​ឆ្នាំ​ ២០១៧ រដ្ឋាភិបាល​នឹង​ផ្តើម​អនុគ្រោះ​ការ​ដក​ពន្ធ​លើ​ប្រាក់​បៀវត្ស​ចាប់ពី មួយ​លាន​រៀល ឡើង​ទៅ ដើម្បី​ជួយ​លើក​កម្ពស់​ជីវភាព​មន្រ្តី​រាជការ គ្រូ​បង្រៀន​ និង​កម្មករ​និយោជិត ដែល​មាន​ចំណូល​តិច។ សម្រាប់​អ្នក​វិភាគ​សេដ្ឋកិច្ច​ឯករាជ្យ លោក ចាន់ សុផល យល់​ថា ការ​អនុគ្រោះ​ពន្ធ​លើ​ប្រាក់​បៀវត្ស ពី​មួយ​លាន​រៀល​នេះ មិ​នមែន​ជា​រឿង​ថ្មី​ទេ ព្រោះ​ជា​ការ​ឆ្លើយតប​នឹង​អតិផរណា​ផង​ដែរ។

អគ្គនាយកដ្ឋាន​ពន្ធដារ
អគ្គនាយកដ្ឋាន​ពន្ធដារ ©ABC Radio Australia
ផ្សាយពាណិជ្ជកម្ម

អគ្គនាយក​នៃ​អគ្គនាយក​ដ្ឋាន​ពន្ធដារ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ លោក គង់ វិបុល បាន​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ នៅ​ថ្ងៃ​ពុធ ​នេះ​ថា ចាប់​ពី​ថ្ងៃ​ទី​១ ខែ​មករា ឆ្នាំ​២០១៧ តទៅ ក្រសួង​នឹង​ផ្តើម​អនុគ្រោះ​ការ​ដក​ហូត​ពន្ធ​លើ​ប្រាក់​ខែ សម្រាប់​កម្មករ និយោជិត ដែល​មាន​ចំណូល​លើស​ពី ១​លាន​រៀល ឬ​២៥០​ដុល្លារ​សហរដ្ឋអាមេរិក នៅ​ពេល​ រដ្ឋសភា​អនុម័ត​ ច្បាប់​ស្តីពី​ការ​គ្រប់គ្រង​ថវិកា​ជាតិ​ឆ្នាំ​២០១៧ រួច​រាល់។ សេចក្តី​ព្រាង​ច្បាប់​ថវិកា​ជាតិ​ឆ្នាំ​២០១៧ ដែល​បាន​ឆ្លង​ទីស្តីការ​គណៈ​រដ្ឋ​មន្រ្តី និង​បញ្ជូន​ទៅ​រដ្ឋសភា​ ដើម្បី​រងចាំ​អនុម័ត។

លោក គង់ វិបុល បាន​បន្ថែម​ថា ទោះ​បី​ជា រដ្ឋ​នឹង​បាត់​បង់​ចំណូល​ខ្លះ តែ​រដ្ឋាភិបាល​មាន​គោលដៅ​ ចង់​លើក​កម្ពស់​ជីវភាព​កម្មករ និយោជិត គ្រូ​បង្រៀន មន្រ្តី​រាជការ តាម​រយៈ​ការ​អនុគ្រោះ​ពន្ធ​លើ​ប្រាក់​ខែ លើស​ពី​មួយ​លាន​រៀល​នេះ។

ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ កាល​ពី​ថ្ងៃ​ទី​ ៨ វិច្ឆិកា បាន​ចេញ​ផ្សាយ​ ចំណូល​ពន្ធ​អាករ​ប្រចាំ​ខែ​តុលា ឆ្នាំ​២០១៦ មាន​ចំនួន​ជាង ១២៤.០៣ លាន​ដុល្លារ ហើយ​ចំណូល​សរុប​ សម្រាប់​រយៈ​ពេល​ ១០​ខែ ឆ្នាំ​២០១៦ មាន​ប្រមាណ ១៣១៥.២៩ លាន​ដុល្លារ ស្មើ​នឹង ៩២.៥២% នៃ​គោលដៅ​កំណត់​ដោយ​ច្បាប់។ បើ​ប្រៀប​ធៀប​នឹង​រយៈ​ពេល​ដូចគ្នា ឆ្នាំ​២០១៥ ចំណូល​ពន្ធអាករ គ្រប់​ប្រភេទ កើន​ឡើង ២០.៨១% ឬស្មើ​នឹង ២២៦.៥៥ លានដុល្លារ។ ក្នុង​នោះ ពន្ធ​លើ​ប្រាក់​បៀវត្ស កើន​ឡើង ២៤.៩% និង​ពន្ធ​លើ​ប្រាក់​ចំណេញ​ កើន​ឡើង ១៩.១%។

អ្នក​វិភាគ​សេដ្ឋកិច្ច​ឯករាជ្យ លោក ចាន់ សុផល ចាត់​ទុក​ថា ការ​អនុគ្រោះ​ពន្ធ​លើ​ប្រាក់​បៀវត្ស ចាប់ពី​មួយ​លាន​រៀល ដែល​ពី​មុន​គិត​ចាប់​ពី ៥​សែន​រៀល ជា​រឿង សម​ហេតុ​សម​ផល និង​ស្រប តាម​អតិផរណា​បច្ចុប្បន្ន។ អ្នក​វិភាគ​សេដ្ឋកិច្ច​រូប​នេះ យល់​ថា ការ​អនុគ្រោះ​ពន្ធ​លើ​ប្រាក់​ខែ នឹង​ជួយ​សម្រួល​ខ្លះ​ដែរ ដល់​មន្រ្តី​រាជការ កម្មករ កម្មការនី គ្រូ​បង្រៀន បើ​ទោះ​បី​ជា អ្នក​មាន​ប្រាក់​ខែ​ខ្ពស់​ខ្លះ​ អាច​ត្រូវ​ដក​ហូត​ពន្ធ​ដល់​ទៅ ២០% តាម​អត្រា​កំណើន​នៃ​ប្រាក់​បៀវត្ស។

លោក ចាន់ សុផល បាន​កត់​សម្គាល់​ថា ច្បាប់​ថវិកា​ជាតិ​ឆ្នាំ ២០១៧ អាច​ជា របត់​ធំ​មួយ ដែល​ជម្រុញ​ឲ្យ សហគ្រាស​ធុន​តូច និង​មធ្យម ដូរ​វប្បធម៌ បង់ពន្ធ​ពី​របប​ម៉ៅ​ការ មក​រៀន​កត់​ត្រា​បញ្ជី​ចំណូល​ចំណាយ ឲ្យ​ច្បាស់​លាស់ នៅ​ពេល​ ច្បាប់​តម្រូវ​ឲ្យ ​សហគ្រាស ដែល​ចុះ​បញ្ជី​ទាំង​អស់​ ត្រូវ​ជាប់​កាតព្វកិច្ច​បង់​ពន្ធ ដោយ​ស្វ័យ​ប្រកាស លើ​ប្រាក់​ចំណេញ ផល​របរ​ លើស​ពី ២៥០​លាន​រៀល ក្នុង​មួយ​ឆ្នាំ។ យ៉ាង​ណា​ក៏​ដោយ អ្នក​វិភាគ​សេដ្ឋកិច្ច រូប​នេះ បាន​សម្តែង​បារម្ភ​ពី​ការ​ដក​ហូត​ពន្ធ ប្រសិន​បើ​មិន​ស្មើភាព​គ្នា​ទេ អាច​នាំ​ឲ្យ​មាន​ការ​ប្រកួត​ប្រជែង​មិន​ស្មោះ​ត្រង់ និង​ប៉ះពាល់​ដល់​ប្រសិទ្ធិភាព​ធុរកិច្ច​ក្នុង​ស្រុក។

គួរ​រម្លឹក​ថា ការ​អនុគ្រោះ​ពន្ធ​លើ​ប្រាក់​ខែ​នេះ ទំនង​ជា​មិន​រំញោច ដល់​កម្មករ​រោងចក្រ កាត់ដេរ ជាង ៧០​ម៉ឺន​នាក់​ ដែល​នឹង​ទទួល​បាន​ប្រាក់​ឈ្នួល​អប្បបរមា ១៥៣​ដុល្លារ សហរដ្ឋអាមេរិក នៅ​ដើម​ឆ្នាំ​ ២០១៧ ខណៈ​ប្រាក់​បៀវត្សរ៍​អប្បបរមា​ របស់​គ្រូ​បង្រៀន និង​បុគ្គលិក​អប់រំ ជាង ១០​ម៉ឺននាក់​​ (១០៨៧៤១ នាក់ ក្នុង​ឆ្នាំសិក្សា​២០១៥-២០១៦) នឹង​កើន​ដល់​ជិត​ ១ ​លាន​រៀល ​ក្នុង​ឆ្នាំ​ ២០១៧៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ