អានតួអត្ថបទ
កម្ពុជា

សង្គម​ស៊ីវិល សាទរ​ចំពោះ​ការ​សម្រេច​ដំឡើង​ពន្ធ​លើ​ផលិតផល​គ្រឿង​ស្រវឹង និង​ថ្នាំ​ជក់

អង្គការ​ចលនា​ដើម្បី​សុខភាព​កម្ពុជា ដែល​ធ្វើ​សកម្មភាព​ជំរុញ​ឱ្យ​មាន​ការ​ត្រួត​ពិនិត្យ​ថ្នាំ​ជក់ និងគ្រឿង​ស្រវឹង បាន​សាទរ​ចំពោះ​ការ​សម្រេច​ដំឡើង​ពន្ធ​លើ​ផលិត​ផល​គ្រឿង ស្រវឹង និងថ្នាំជក់ របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ។ សូម​បញ្ជាក់​ថា បើ​តាម​សេចក្តី​ជូន​ដំណឹង​របស់​ក្រសួងសេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ចាប់​ពី​ថ្ងៃ​ទី​ ១ ខែ​មេសា ខាង​មុខ​នេះ​ត​ទៅ ក្រសួង​នឹង​កែ​សម្រួល​អាត្រាអាករ​ពិសេស​លើ​មុខទំនិញ​ដែល​ផលិត និង​ផ្គត់ផ្គង់​ក្នុង​ស្រុក ដូច​ជា​ស្រាបៀរ សុរា ឬ​ស្រា និង​បារី​គ្រប់​ប្រភេទ​។សរ ពិសី រាយការណ៍៖

ផ្សាយពាណិជ្ជកម្ម

អង្គការ​ចលនា​ដើម្បី​សុខ​ភាព​កម្ពុជា នៅ​ថ្ងៃទី​ ២៣ មីនា​នេះ បាន​សាទរ និង​ស្វាគមន៍​ចំពោះ​ការ​សម្រេច​របស់​រដ្ឋាភិបាល​កម្ពុជា ក្នុង​ការ​កែ​សម្រូល​អាត្រា​អាករ​ពិសេស​លើ​មុខ​ទំនិញ​និងផ្គត់​ផ្គង់​ក្នុង​ស្រុក ដូច​ជា ផលិត​ផល​ថ្នាំ​ជក់ និង គ្រឿង​ស្រវឹង ចាប់​ពី​ថ្ងៃទី ០១ ខែ មេសា ខាងមុខ​នេះ​ត​ទៅ​។

សូម​បញ្ជាក់​ថា យោង​តាម​សេចក្តី​ជូន​ដំណឹង​របស់​អគ្គនាយកដ្ឋាន​ពន្ធ​ដា​នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញ​វត្ថុ ចុះ​ថ្ងៃទី ២២ ខែ​មីនា បញ្ជាក់​ថា ក្រសួង​នឹង​ធ្វើ​ការ​ដំឡើង​ពន្ធ​លើ​ផលិត​ផល​គ្រឿង​ស្រវឹង និង​ថ្នាំជក់ ដែល​ផលិត និង​ផ្គត់ផ្គង់​នៅ​ក្នុង​ស្រុក។ ដោយ​នៅ​ក្នុង​នោះ ៣០​ភាគរយ លើ​មុខ​ទំនិញ​ស្រាបៀរ​គ្រប់​ប្រភេទ ៣៥ % លើ​មុខ​ទំនិញ សុរា (ស្រា) និង​២០ ភាគ​រយ លើ​មុខ​ទំនិញ​បារី​គ្រប់​ប្រភេទ។ បើ​ប្រៀប​ធៀប កាល​ពី​ពេល​កន្លង​ទៅ ពន្ធ​ចំពោះ​ផលិតផល​ស្រា ស្រាបៀរ មាន (២០%) និង​បារី ត្រឹម​តែ​១៥% តែ​ប៉ុណ្ណោះ។

បើ​តាម​កញ្ញា ម៉ក់ ទេវិន្ទ ​ប្រធាន​គម្រោង​អង្គការ​ចលនា​ដើម្បី​សុខភាព​កម្ពុជា​ ការ​ដំឡើង​ពន្ធលើ​ផលិត​ផល​គ្រឿង​ស្រវឹង និង ថ្នាំជក់ នឹង​ក្លាយ​ជា​ចំណុច​ចាប់​ផ្តើម​ដ៏​មាន​ប្រសិទ្ធិភាព​មួយសម្រាប់​កម្ពុជា ដើម្បី​កាត់​បន្ថយ និង ទប់ស្កាត់ ការ​ពិសារ​ផលិផល​គ្រឿង​ស្រវឹង និង ថ្នាំ​ជក់ នៅ​ក្នុង​ចំណោម ប្រជាជន​កម្ពុជា។ មាន​ប្រសិទ្ធិភាព​ ដោយ​សារ​តែ វិធានការណ៍​នេះ ត្រូវ​បានអនុវត្ត​នៅ​តាម​បណ្តា​ប្រទេស​ជា​ច្រើន នៅ​លើ​ពិភព​លោក និង ទទួល​បាន​លទ្ធផល​ជា​វិជ្ជមាន។

តំណាង​អង្គការ​ចលនា​ដើម្បី​សុខភាព​កម្ពុជា យល់​ឃើញ​ថា ការ​ធ្វើ​ដូច្នេះ ក៏​នឹង​ធ្វើ​ឲ្យ​ប្រាក់ចំណូល​របស់​រដ្ឋ​មាន​ការ​កើន​ឡើង​ផង​ដែរ តាមរយៈ​ការ​យក​ពន្ធ​ពី​ម្ចាស់ក្រុមហ៊ុន គ្រឿង​ស្រវឹង និង​ថ្នាំជក់​ទាំង​នោះ។

ទោះ​បី​ជា​យ៉ាង​ណា​ក៏ដោយ ប្រធាន​គម្រោង​អង្គការ​ចលនា​ដើម្បី​សុខភាព​កម្ពុជា ដែល​ធ្វើ​ការ តស៊ូ​មតិ ឲ្យ​មាន​ការ​ទប់ស្កាត់ និង កាត់​បន្ថយ ការ​ប្រើប្រាស់​គ្រឿង​ស្រវឹង និង​ ថ្នាំជក់ បាន​សំណូម​ពរ ឲ្យ​មាន​ការ​ពន្លឿន​នូវ​ដំណើការ​អនុម័ត​ច្បាប់​ស្តី​ពី​ការ​ត្រួត​ពិនិត្យ​គ្រឿង​ស្រវឹង នៅកម្ពុជា ដើម្បី​រួម​ចំណែក​កាត់​បន្ថយ ហានិភ័យ​គ្រោះថ្នាក់​ដោយ​សារ​គ្រឿង​ស្រវឹង។

គួរ​ជម្រាប​ជូន​ថា តាម​របាយការណ៍​អង្គការ​សុខភាព​ពិភពលោក បង្ហាញ​ថា នៅលើ​ពិភព​លោក ជា​រៀង​រាល់​ឆ្នាំ មាន​អ្នក​ស្លាប់​ដោយ​សារតែ​ការ​ប្រើ​ប្រាស់​ផលិតផល​ថ្នាំជក់​ជាង​មួយ​លាន​នាក់​ ដោយនៅក្នុង​ប្រទេស​កម្ពុជា មាន​ប្រជាជន​ប្រមាណ​ជាង​១​ម៉ឺន​នាក់ បាន​បាត់​បង់ជីវិត​ដោយ​សារតែ​ការប្រើប្រាស់​ថ្នាំជក់​ ហើយក្នុង​១​ថ្ងៃ​មាន​ពលរដ្ឋ​កម្ពុ​ជា​ជិត៣០ នាក់​បានស្លាប់​ដោយ​សារ​ការ​ប្រើ​ប្រាស់​ថ្នាំ​ជក់។​

បន្ថែម​ពី​លើ​ការ​តំឡើង​ពន្ធ កាល​ពី​ពេល​ថ្មីៗ​នេះ រដ្ឋាភិបាល​កម្ពុជា ​ក៏​បាន​ចេញ​នូវ​អនុក្រឹត្យ​ស្ដី​ពី ការ​បោះ​ពុម្ពសារ​ព្រមាន សុខភាព​ជា​ភាសាខ្មែរ និង​ជា​រូបភាព​នៅ​លើ​កញ្ចប់​ផលិត​ផល បារី និង ថ្នាំ​ជក់ នៅខែ​កក្កដា ឆ្នាំ​២០​១៦​ខាង​មុខ​នេះ។

នៅ​ក្នុង​អនុក្រឹត្យ​បាន​បញ្ជាក់​ថា ការ​បោះពុម្ពសារ​ព្រមាន​សុខភាព​ជា​រូបភាព​លើ កញ្ចប់​បារី គឺជា​វិធីសាស្ត្រ​សង្គ្រោះ​ជីវិត​ពលរដ្ឋ​កម្ពុជា​ពី​ផល​ប៉ះ​ពាល់​នៃ​ការ​ប្រើ​ប្រាស់​ថ្នាំ​ជក់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ