ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 13/12 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 13/12 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 13/12 12h00 GMT
កម្ពុជា

លោក​ ទៀ បាញ់ ថា​ករណី​នៅ​ខេត្ត​ក្រចេះ​ជា​ការ​វាយ​ប្រហារ​លើ​បក្ស​ប្រជាជន

media  
លោក​ឧបនាយករដ្ឋមន្ត្រី ​ទៀ បាញ់ ​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​កម្ពុជា។ @Facebook

ក្រោយ​ពី​មាន​ករណី​ផ្ទុះ​អំពើ​ហិង្សា​នៃ​ការ​ប៉ះ​ទង្គិច​គ្នា​រវាង​ពលរដ្ឋ និង​សមត្ថកិច្ច នៅ​ឃុំ ​២​ធ្នូ​ ក្នុង​ស្រុក​ស្នូល ​ខេត្ត​ក្រចេះ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​សប្តាហ៍​មុន​មក ក្រៅ​ពី​ទាត់​ចោល​នូវ​រាល់​ព័ត៌មាន​ដែល​ថា​មាន​មនុស្ស​ស្លាប់ និង​របួស​ក្នុង​ហេតុការណ៍​នេះ អាជ្ញាធរ និង​មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល បាន​ទម្លាក់​កំហុស​ទាំង​ស្រុង លើ​ពលរដ្ឋ​អ្នក​តវ៉ា។ ជាមួយ​គ្នា​នេះ​ដែរ រដ្ឋមន្ត្រី​ក្រសួង​ការពារ លោក​ទៀ បាញ់ បាន​ថ្លែង​នៅ​ថ្ងៃ​ម្សិល​មិញ​ដែរ​ថា នេះ​ "ជា​រឿង​តូច"​ ដែល​គេ​យក​មក​ធ្វើ​ជា​រឿង​ធំ ហើយ​វាយ​ប្រហារ​មក​លើ​គណបក្ស​ប្រជាជន​កម្ពុជា។

រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ លោក​ទៀ បាញ់ បាន​លើក​ឡើង​កាល​ពី​ថ្ងៃ​អាទិត្យ​ម្សិល​មិញ ពី​ខេត្ត​កំពង់ឆ្នាំង​ថា ដោយ​សារ​នេះ គឺ​ជា​រដូវកាល​ដែល​គេ​ត្រូវ​ស្វែង​រក​គាំទ្រ ដូច្នេះ​ទើប​មាន​ការ​បំភ្លៃ​ព័ត៌មាន​ពី​ចំនួន​មនុស្ស​ស្លាប់ និង​របួស ក្នុង​ហេតុការណ៍​នៅ​ខេត្ត​ក្រចេះ កាល​ពី​សប្តាហ៍​មុន មក​ធ្វើ​ជា​រឿង ដើម្បី​វាយ​ប្រហារ​លើ​គណបក្ស​ប្រជាជន​កម្ពុជា។ តាម​លោក​ ទៀ បាញ់ នេះ​គឺ​"ជា​រឿង​តូច​តាច" ​សោះ។

ការ​លើក​ឡើង​របស់​លោក ទៀ បាញ់​នេះ ​ទំនង​ជា​ចង់​ឌឺ​ដង ទៅ​កាន់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ។ អតីត​គណបក្ស​សង្រ្គោះ​ជាតិ​ ដែល​បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​ភ្លាមៗ ក្រោយ​ពេល​ហេតុការណ៍​នោះ ​ ​ដោយ​បាន​​ថ្កោល​ទោស​ ចំពោះ​កង​កម្លាំង​ប្រដាប់​អាវុធ​ថា ​បាន​បង្រ្កាប​យ៉ាង​ឃោរឃៅ​ទៅ​លើ​ប្រជាពលរដ្ឋ​នៅ​ភូមិ​ជើង​ឃ្លេ ឃុំ​២​ធ្នូ ស្រុក​ស្នួល​ ខេត្ត​ក្រចេះ​នោះ។ អតីត​គណបក្ស​ប្រឆាំង​ ថែម​ទាំង​បាន​ទាមទារ​ឲ្យ​រដ្ឋាភិបាល​បើក​ការ​ស៊ើប​អង្កេត​ជា​បន្ទាន់ ដើម្បី​ស្វែង​រក​ជន​ដៃ​ដល់​ និងអ្នក​​បញ្ជា មក​ផ្តន្ទា​ទោស​តាម​ច្បាប់។

ប៉ុន្តែ​បើ​តាម​អាជ្ញាធរ​ក្នុង​តំបន់ ដូចជា​អភិបាល​ស្រុក​ស្នួល​ជា​ដើម បាន​អះអាង​​ថា ហេតុការណ៍​នេះ "បង្ក​ឡើង​ដោយ​ពលរដ្ឋ​ខ្លួន​ឯង​ផ្ទាល់" ហើយ​បដិសេធ​ថា គ្មាន​ការ​បង្ក្រាប​ទ្រង់​ទ្រាយ​ធំ​ណា​មួយ ដូច​ការ​លើក​ឡើង​របស់​មជ្ឈដ្ឋាន​មួយ​ចំនួន​នោះ​ទេ។ លោក គង់ គីមនី អភិបាល​ស្រុក​ស្នួល បាន​បញ្ជាក់​ប្រាប់​វិទ្យុ​បារាំង​ថា "គ្មាន​នរណា​ម្នាក់​បាន​ស្លាប់​" ក្នុង​ហេតុការណ៍​នោះ​ទេ គឺ​មាន​តែ​ពលរដ្ឋ ​២​នាក់​ប៉ុណ្ណោះ ដែល​បាន​រង​របួស​ស្រាល ហើយ​ក្រុម​សមត្ថកិច្ច ៧​នាក់ ក៏​រង​របួស​ផង​ដែរ។

គិត​មក​ដល់​ព្រឹក​នេះ សាលា​ដំបូង​ខេត្ត​ក្រចេះ កំពុង​តែ​អនុវត្ត​នីតិ​វិធី បន្ទាប់​ពី​បាន​ចាប់​ឃុំ​ខ្លួន និង​សាក​សួរ​ចម្លើយ​ពលរដ្ឋ ៨​នាក់។ លោក​កែវ សុជាតិ ព្រះរាជ​អាជ្ញាខេត្ត​ក្រចេះ បាន​ប្រាប់​វិទ្យុ​បារាំង​ថា ពលរដ្ឋ ៨​នាក់ ដែល​ក្នុង​នោះ​មាន​ស្រី្ត​តែ​ម្នាក់ ត្រូវ​បាន​ដាក់​ឲ្យ​ស្ថិត​នៅ​ក្រោម​ការ​ឃ្លាំ​មើល​ពី​តុលាការ​ ខណៈ​មាន​ ម្នាក់​ កំពុង​ស្ថិត​នៅ​មន្ទីរពេទ្យ​ដោយ​សារ​ "រង​របួស​ស្រាល"។

ចំណែក លោក​គង់ គីមនី អះអាង​ទៀត​ថា ពេល​នេះ​អាជ្ញាធរ ក៏​កំពុង​តែ​ចាត់​វិធានការ​ដោះ​ស្រាយ​បញ្ហា​ជូន​ពលរដ្ឋ​ផ្សេង​ទៀត ដើម្បី​ទទួល​បាន​ដី​សម្បទាន​ស្រប​ច្បាប់ ខណៈ​ដែល​ពលរដ្ឋ​មួយ​ចំនួន​សម្រេច​ចិត្ត​ចាក​ចេញ​ពី​ខ្ទម​ ដែល​ពួក​​គេ​បាន​​ចំណាក​ស្រុក​មក​រស់​នៅ ហើយ​ត្រលប់​ទៅ​ខេត្ត​របស់​ពួក​គេ​រៀងៗ​ខ្លួន​វិញ៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ