អានតួអត្ថបទ
កម្ពុជា

សមាគម​គ្រូបង្រៀន៖ ការកែទម្រង់​ប្រព័ន្ធ​ប្រាក់បៀវត្សរ៍​ថ្មី ធ្វើ​ឲ្យ​មន្ត្រីរាជការចាស់ៗ បាត់បង់​អតីតភាព​ការងារ

សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ បានស្នើ​សុំ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុនសែន ពិនិត្យ​ឡើង​វិញ​លើ​ការកែ​ទម្រង់​ប្រព័ន្ធ​​ប្រាក់​​បៀវត្សរ៍​​​មន្ត្រីរាជកា​រ។ ការកែទម្រង់​នោះ ត្រូវបាន​លោក រ៉ុង​ឈុន អះអាងថា ធ្វើ​ឲ្យ​មន្ត្រីរាជការ​បម្រើការ​ច្រើន​ឆ្នាំ បាត់បង់​អតីតភាព​ការងារ។ ប៉ុន្តែ​តំណាង​​​រាជរដ្ឋាភិបាល លោក ផៃ​ស៊ី​ផាន បាន​បដិសេធ ហើយ​ថា របប​​តម្លើង​បៀវត្សរ៍​ថ្មី ដែល​ជាការ​តម្លើង​ប្រាក់ខែ​ដល់​មន្ត្រីរាជការ ធ្វើឡើង​តាមបែប​វិទ្យាសាស្ត្រ និង​ដោយ​សមធម៌។

បាតុកម្ម​កាលពីថ្ងៃ​អាទិត្យ ដឹកនាំ​ដោយ​លោក​រ៉ុង ឈុន ទាមទារ​ដំឡើង​ប្រាក់ឈ្នួល​ដល់​កម្មករ​កាត់ដេរ
បាតុកម្ម​កាលពីថ្ងៃ​អាទិត្យ ដឹកនាំ​ដោយ​លោក​រ៉ុង ឈុន ទាមទារ​ដំឡើង​ប្រាក់ឈ្នួល​ដល់​កម្មករ​កាត់ដេរ RFI/Navin Im
ផ្សាយពាណិជ្ជកម្ម

ក្នុង​លិខិត​ជូន​លោកនាយក​រដ្ឋមន្ត្រី ហ៊ុនសែន ចុះ​ថ្ងៃទី៤កុម្ភៈ លោក រ៉ុង​ឈុន ប្រធាន​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ បាន​លើកឡើងថា ការធ្វើកំណែទម្រង់​ប្រព័ន្ធ​បៀវត្សរ៍ គឺមាន​កំហុស ដែល​ធ្វើ​ឲ្យ​មន្ត្រីរាជការ បាន​បម្រើ​ការងារ​ច្រើន​ឆ្នាំ បាត់បង់​អតីតភាព​ការងារ​របស់​ពួកគាត់។ 

សមាគម​គ្រូបង្រៀន បាន​ពន្យល់ថា តាម​ការកែទម្រង់​ប្រព័ន្ធ​ប្រាក់បៀវត្សរ៍ គឺ​ប្រភេទ​ក្រប​ខណ្ឌ គ៣.១៤ ដែលជា​ក្របខណ្ឌ​ចាស់ កែទម្រង់​ទៅ​ប្រភេទ​ក្របខណ្ឌ គ៩ ដែលជា​ក្រប​ខណ្ឌ​​ថ្មី ដែល​មន្ត្រីរាជការ​ទើប​ចេញ​បម្រើ​ការងារ បានទទួល​ប្រភេទ​ក្របខណ្ឌ គ៩ ដូចគ្នា។ ពោលគឺ​អ្នក​ទើប​ចូលធ្វើការ ជា​មន្ត្រីរាជការ ត្រូវ​ទទួលបាន​ប្រាក់ខែ ស្មើនឹង​អ្នកបម្រើ​ការងារ ជា​មន្ត្រីរាជការ​រយៈពេល ២០ ឆ្នាំ។ ប្រាក់ខែ​មូលដ្ឋាន​របស់​មន្ត្រីរាជកា​រ ក្នុង​កំណែទម្រង់​ថ្មី​នេះ ទទួលបាន​ជាង ៤១ ម៉ឺន​រៀល ក្នុង​មួយខែ។

តាម​លោក​រ៉ុង​ឈុន មន្ត្រីរាជការ​ប្រភេទ​ក្របខណ្ឌ ក៣ និង​ខ៣ ក៏មាន​បញ្ហា​ដូច​មន្ត្រីរាជការ​ប្រភេទ​ក្របខណ្ឌ​គ៣ ផងដែរ។ ដូច្នេះ​សមាគម​គ្រូបង្រៀន សូម​ឲ្យ​លោកនាយក​រដ្ឋមន្ត្រី ធ្វើការ​កែតម្រូវ​លើ​ការកែទម្រង់​ប្រាក់បៀវត្សរ៍​មន្ត្រីរាជកា​រ ដើម្បី​កុំ​ឲ្យ​មន្ត្រីរាជការ បម្រើការ​ច្រើន​ឆ្នាំ ប្រតិកម្ម មិន​សប្បាយចិត្ត ចំពោះ​ការបាត់បង់​អតីតភាព​ការងារ។

ចំពោះ​ការលើកឡើង​ខាងលើ ត្រូវបាន​លោក ផៃ ស៊ី​ផាន រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​គណៈរដ្ឋមន្ត្រី ចាត់ទុកថា ជាការ​លើកឡើង​មិន​ចំ​ទិសដៅ និង​មិនមាន​ការគិតគូ​ច្បាស់​លាស់។ តាម​លោក​ផៃ​ស៊ី​ផាន របប​បៀវត្សរ៍​ថ្មី ដែល​រដ្ឋាភិបាល​បាន​តម្លើង​ប្រាក់ខែ​មន្ត្រី​រាជការ ពិសេស​គ្រូបង្រៀន នៅពេលនេះ គឺធ្វើឡើង​តាម​វិទ្យាសាស្ត្រ និង​ដោយ​សមធម៌។ ពោលគឺ​រដ្ឋាភិបាល កំណត់​យក​ចំណុចកណ្តាល រវាង​អ្នកមាន​ប្រាក់ខែ​ទាប និង​អ្នកមាន​ប្រាក់ខែ​ខ្ពស់។

លោក ផៃ​ស៊ី​ផាន ក៏បាន​បញ្ជាក់ថា រាជរដ្ឋាភិបាល បានគិត​គូ​រួចហើយ លើ​ការ​តម្លើង​ប្រាក់ខែ​មន្ត្រីរាជការ ពិសេស​គ្រូបង្រៀន ឡើង​ឲ្យ​បាន ១ លាន​រៀល ឬ ២៥០ ដុល្លារ នៅ​ឆ្នាំ២០១៨៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ