អានតួអត្ថបទ
កម្ពជា

ប្រជាជន​​កម្ពុជា​​ឈូឆរ​​ជូនពរ​​គ្រូ​បង្រៀន​​តាម​រយៈ​​បណ្ដាញ​​សង្គម​

ប្រជាជន​កម្ពុជា​បាននាំគ្នា​ផ្ញើ​សារ និង​រូបភាព​ជូនពរ​គ្រូបង្រៀន​ជា​បន្តបន្ទាប់ ក្នុងឱកាស​ដែល​ប្រទេស​កម្ពុជា ក៏ដូចជា​ប្រទេស​នានា​ក្នុង​ពិភពលោក ត្រៀម​ប្រារព្ធ​ទិវា​គ្រូបង្រៀន​ឆ្នាំ២០១៥។ ក្រោម​ប្រធានបទ«លើកកម្ពស់​សក្ដានុពល​គ្រូបង្រៀន ដើម្បី​កសាង​សង្គម​ប្រកបដោយ​និរន្តរភាព» ទិវា​គ្រូបង្រៀន​ពិភពលោក ដែល​ត្រូវ​នឹង​ថ្ងៃទី០៥ ខែតុលា​ស្អែក នឹងត្រូវ​ក្រសួង​អប់រំ យុវជន និង​កីឡា​កម្ពុជា រៀបចំ​ធ្វើ​នៅ​ថ្ងៃទី០៧ ខែតុលា។

ទិវា​គ្រូ​បង្រៀន​ឆ្នាំ​២០១៥​
ទិវា​គ្រូ​បង្រៀន​ឆ្នាំ​២០១៥​ @ MoEYS Cambodia
ផ្សាយពាណិជ្ជកម្ម

 

ពេលនេះ នៅលើ​បណ្ដាញ​សង្គម ជាពិសេស​ហ្វេ​ស​ប៊ុ​ក សារ និង​រូបថត​ជាច្រើន ត្រូវបាន​មហាជន​ផ្សាយ និង​ចែកចាយ​បន្ត ក្នុងន័យ​អបអរ​ទិវា​គ្រូបង្រៀន​ពិភពលោក ដែល​ត្រូវ​នឹង​ថ្ងៃទី០៥ ខែតុលា។ សារ​ខ្លះ​មាន​ទម្រង់​ជា​ពាក្យរាយ ខ្លះ​ជា​កំណាព្យ ខ្លះ​ជា​រូបភាព និង​ខ្លះទៀត​ជា​ភាពយន្ត​ខ្លី ត្រូវបាន​ក្រសួង​អប់រំ យុវជន និង​កីឡា​កម្ពុជា ផ្សព្វ​ផ្យា​យ​បន្ត។

អ្នកប្រើប្រាស់​បណ្ដាញ​សង្គម​ជាច្រើន ជូនពរ«វិស្វករ​ព្រលឹង»ទាំងឡាយ​ដែលមាន​គុណ​ចំពោះ​ពួកគេ និង​ដែលមាន​ស្នាដៃ​ក្នុងការ​ស្ថាបនា​សង្គម​កម្ពុជា។ អ្នកខ្លះ​លើកកម្ពស់​គុណូបការៈ​របស់​គ្រូបង្រៀន​ថា«ធ្ងន់​ស្មើនឹង​គុណ​របស់​ឪពុកម្តាយ» រីឯ​អ្នកខ្លះ​ថា ខ្លួន​បាន«ផុត​អិ​វ​ជ្ជា​ដ៏​ក្រៀមក្រំ ខ្ពង់ខ្ពស់​ឧ​ត្ត​ម​ក៏​ព្រោះតែ​គ្រូ» ហើយ​អ្នក​ខ្លះទៀត​ក៏​ថា«គ្រូ​មួយថ្ងៃ គ្រូ​មួយជីវិត» ឬ«រីករាយ​ទិវា​គ្រូបង្រៀន​ពិភពលោក»ជាដើម។

ស្រប​ពេលដែល​ពិភពលោក​នឹង​ប្រារព្ធ​ទិវា​នេះ​នៅ​ថ្ងៃទី០៥ ខែតុលា ក្រសួង​អប់រំ យុវជន និង​កីឡា បានប្រកាស​តាំងពី​ថ្ងៃទី២៩ ខែកញ្ញា​មក​ថា កម្ពុជា​ប្រារព្ធ​ទិវា​គ្រូបង្រៀន​ពិភពលោក​ឆ្នាំ២០១៥ នៅ​ថ្ងៃទី០៧ ខែតុលា ក្នុង​បរិវេណ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា។

ក្រោម​ប្រធានបទ«លើកកម្ពស់​សក្ដានុពល​គ្រូបង្រៀន ដើម្បី​កសាង​សង្គម​ប្រកបដោយ​និរន្តរភាព» ក្រសួង​អប់រំ​កម្ពុជា​បាន​បំផុស​ឱ្យ​សិស្សានុសិស្ស និស្សិត និង​សាធារណជន​ទូទៅ ចូលរួម​ផ្ញើ​សារ ឬ​រូបភាព ដើម្បី​ជូនពរ​ដល់​លោកគ្រូ អ្នកគ្រូ និង​សាស្ត្រាចារ្យ ក្នុងឱកាស​នេះ។

ចាប់តាំងពី​ឆ្នាំ១៩៩៤មក អង្គការ​យូណេស្កូ (UNESCO) បាន​បង្កើតឱ្យមាន​ទិវា​គ្រូបង្រៀន​ពិភពលោក​នេះ​ឡើង។ បើតាម​អង្គការ​នេះ គេ​ទទួលស្គាល់ថា​គ្រូបង្រៀន​មិនមែន​គ្រាន់តែ​ជា​មធ្យោបាយ​សម្រាប់​អនុវត្ត​គោលដៅ​អប់រំ​ប៉ុណ្ណោះ​ទេ ពួកគេ​ជា​គន្លឹះ​នាំទៅ​កាន់​និរន្តរភាព ក៏ដូចជា​សមត្ថភាពរ​បស់​ជាតិ ក្នុងការ​សម្រេចបាន​នូវ​សង្គមមនុស្ស​ប្រកបដោយ​ការសិក្សា និង​ការឆ្នៃប្រឌិត ដោយ​ឈរលើ​ចំណេះដឹង តម្លៃ និង​ក្រមសីលធម៌៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ