ប្រព័ន្ធសន្តិសុខសង្គម គួរតែចាប់ផ្តើមអនុវត្តឲ្យពេញលេញសម្រាប់អនាគតគ្រូបង្រៀន!
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៤:៤៨
ថ្ងៃស្អែក គឺជាទិវាគ្រូបង្រៀនពិភពលោក។ កម្ពុជា ក៏នឹងប្រារព្ធទិវានេះ ដូចរាល់ឆ្នាំដែរ។ ពាក់ព័ន្ធនឹងគ្រូបង្រៀន គេសង្កេតឃើញថា បើទោះប្រាក់ខែបុគ្គលិកអប់រំឡើងស្រឺតៗក៏ដោយ ក៏គ្រូបង្រៀនជាច្រើន នៅតែត្អូញត្អែចំពោះអនាគតរបស់ពួកគេ។ ត្អូញត្អែ ព្រោះថាប្រាក់ខែឡើង តែចាយមិនគ្រប់ បើធៀបនឹងថ្លៃទំនិញ ព្រមទាំងការចំណាយផ្សេងៗទៀត នៅក្នុងគ្រួសារ។ បើងាកទៅមើលផ្នែកប្រព័ន្ធសន្តិសុខសង្គមសម្រាប់គ្រូបង្រៀនវិញ គឺហាក់នៅឆ្ងាយពីក្តីសង្ឃឹមនៅឡើយ។
កំណែទម្រង់ស៊ីជម្រៅ ដែលក្រសួងអប់រំខំប្រឹងប្រែងប៉ុន្មានឆ្នាំចុងក្រោយនេះ គឺសុទ្ធតែបញ្ជាក់ពីសុឆន្ទៈ ចង់លើកស្ទួយវិស័យសិក្សាធិការជាតិ និងជាការគិតគូរដល់តម្លៃរបស់គ្រូបង្រៀន។ ទំនងជាយល់ពីសារៈសំខាន់ និងតម្លៃដែលកាត់ថ្លៃមិនបានរបស់គ្រូបង្រៀននេះហើយ ទើបរដ្ឋាភិបាល និងក្រសួងអប់រំ តែងតែចាត់ចែងប្រារព្ធទិវាគ្រូបង្រៀនពិភពលោកជារៀងរាល់ឆ្នាំ។ សម្រាប់ឆ្នាំនេះទៀត តាមរយៈហ្វេសប៊ុក ក្រសួងអប់រំ បានខិតខំឲ្យអ្នកប្រើហ្វេសប៊ុក បោះឆ្នោតរើសពាក្យស្លោកល្អៗ ដើម្បីឲ្យសក្តិសមនឹងគុណបំណាច់របស់គ្រូបង្រៀន ដើម្បីយកទៅផ្សព្វផ្សាយ។
ថែមពីនេះ ទាំងរដ្ឋាភិបាល និងក្រសួងសាមី បានជំរុញ និងបង្កើនប្រាក់បៀវត្សរ៍របស់គ្រូបង្រៀន ឲ្យឡើងជាបន្តបន្ទាប់។ បើគ្រាន់តែនិយាយពីគ្រូកម្រិតវិទ្យាល័យ គឺប្រាក់បៀវត្សរ៍ ទទួលបានរវាងចន្លោះពីជាង ៦០ម៉ឺនរៀល ទៅជាង ៨០ម៉ឺន នៅឆ្នាំនេះ ហើយនឹងបន្តកើនទៅដល់ជាង១លានរៀល ក្នុងមួយខែ នៅឆ្នាំ២០១៨។
ប្រាក់បៀវត្សរ៍កើនឡើង ជារឿងល្អមួយ! ក៏ប៉ុន្តែ មានគ្រូបង្រៀនជាច្រើន នៅតែបន្តរអ៊ូត្អូញត្អែពីជីវភាព។ ជាក់ស្តែង ដើម្បីតែបង្គ្រប់ជីវភាព នៅមានគ្រូបង្រៀនមួយចំនួន បង្ខំចិត្តប្រព្រឹត្តិអំពើប្រាស់ចាកក្រមសីលធម៌វិជ្ជាជីវៈផ្សេងៗ។
លើសពីនេះ ដោយសារតែពុំមានប្រព័ន្ធសន្តិសុខសង្គមពេញលេញ! គ្រូបង្រៀន ដែលចាស់ជរា ចូលនិវត្តន៍ទៅ ហាក់ពុំសូវជាបានការគាំទ្រលើកទឹកចិត្តច្រើននោះឡើយ។ អតីតគ្រូបង្រៀនមួយចំនួន ត្រូវរស់នៅក្នុងជរាភាព ឯកោ គ្មានអ្នកនឹកនា។ ពេលមានជំងឺ ឈឺថ្កាត់ គ្រូបង្រៀន មិនដឹងទៅពឹងពាក់ ទាក់ទងជំនួយពីខាងណា។
ចំណែកប្រាក់វិភាគទាន ដែលក្រុមគ្រូបង្រៀនខំបង់រាល់ខែ សម្រាប់សមាគមបុគ្គលិកសិក្សាខ្មែរ (ស.ប.ស.ខ.) ក៏ពួកគាត់ពុំសូវទទួលដំណឹងពីជំនួយតបស្នងមកវិញ ហើយពេលខ្លះ ទាល់តែគ្រូបង្រៀនស្លាប់បាត់បង់ជីវិតតែម្តង ទើបមានថវិកាជំនួយតិចតួចសម្រាប់ធ្វើបុណ្យសព។ ប្រាក់សម្រាប់បុណ្យសពនេះទៀតសោត ក៏មានភាពយឺតយ៉ាវទៅទៀត ទម្រាំបានបញ្ចូនទៅដល់គ្រួសារសព។
ដោយឡែក ប្រាក់សោធននិវត្តន៍របស់គ្រូបង្រៀនទៀតនោះ ក៏ពុំសូវជាបានខ្ពស់ណាស់ណាដែរ ប៉ុន្តែតម្រូវឲ្យពួកគេធ្វើការបម្រើជាតិយ៉ាងតិច ៣០ឆ្នាំ ទើបទទួលបានប្រាក់សោធននិវត្តន៍អតីតភាព។ បើការបង្រៀនតិចឆ្នាំជាងនេះ គឺប្រាក់សោធននិវត្តន៍ នឹងត្រូវដក ទូទាត់កាន់តែបានតិតតួច ទៅតាមអត្រាការប្រាក់ជាដើម។ នេះបើតាមច្បាប់ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល ឆ្នាំ១៩៩៤ ជំពូកទី៧។
បើនិយាយពីរង្វាន់ ឬប្រាក់លើកទឹកចិត្តផ្សេងៗវិញ! គ្រូបង្រៀនបច្ចុប្បន្ន គឺមិនត្រូវបានផ្តល់របបអង្ករ សម្លៀកបំពាក់ ស្បែកជើង និងអង្រឹងដូចពលទាហាននោះទេ វៀរលែងតែគ្រូថ្នាក់ឧត្តមសិក្សា ដែលបានទទួលសម្លៀកបំពាក់សម្រាប់ឧត្តមមន្ត្រីនិងបានកាំប្រាក់ខែ ១ម៉ឺន២ម៉ឺនរៀល បើមិនដូច្នោះទេ គឺគ្រូបង្រៀនស្ទើរតែគ្មានការលើកទឹកចិត្តផ្នែកសម្ភារៈអ្វីច្រើនឡើយ។
ចំពោះប្រាក់បេសកម្ម ប្រាក់រង្វាន់ ឬប្រាក់លើកចិត្តសម្រាប់ក្រុមការងារបច្ចេកទេស! ក៏លំបាកនឹងទទួលបានដែរ។ មានពេលខ្លះ គ្រូបង្រៀន ដែលជាក្រុមការងារបច្ចេកទេស ទៅប្រជុំនៅសាលាម្តងៗ ស្ទើរតែគ្មានទឹកសុទ្ធទទួលទានផងក៏មាន។ បើនាយកសាលាខ្លះ ដែលអាចចាត់ចែងប្រាក់គម្រោងចំណាយប្រចាំឆ្នាំ ដែលហៅថា PB- Program Budget បានត្រឹមត្រូវល្អ និងសល់ខ្លះ អាចលៃលក់ដកឲ្យគ្រូៗចាក់សាំងម៉ូតូបន្តិច ប៉ុន្តែនាយកសាលាខ្លះ ក៏មិនបានគិតគូររឿងនេះទេ។ ធ្ងន់ធ្ងរជាងនេះ គឺប្រាក់PB ក៏មានភាពស្មុគស្មាញ ហើយការទម្លាក់ប្រាក់ត្រូវធ្វើជាច្រើនដំណាក់កាល និងមានយឺតយ៉ាវទៅទៀត។
ជារួម យុគសម័យនេះ ជីវិតជាគ្រូបង្រៀន ត្រូវគេមើលឃើញថា ហាក់គ្រាន់តែជាអ្នកស៊ីឈ្នួលបង្រៀនកូនគេដោយស្របច្បាប់តែប៉ុណ្ណោះ។
ដូច្នេះ តើធ្វើដូចម្តេច ដើម្បីផ្តល់ភាពកក់ក្តៅដល់គ្រូបង្រៀនទាំងឡាយ?
ដំណោះស្រាយ ដែលមានតម្លៃយូរអង្វែង គឺការដាក់ឲ្យដំណើរការប្រព័ន្ធសន្តិសុខសង្គមសម្រាប់បុគ្គលិកសិក្សា មន្ត្រីរាជការស៊ីវិល ដែលប្រព័ន្ធនេះ គឺធានាកុំឲ្យមានហានិភ័យការងារ ការធានារ៉ាប់រងអាយុជីវិត ធានារ៉ាប់រងសុខភាព រួមទាំងដាក់ផែនការដំឡើងប្រាក់បៀវត្សរ៍ឲ្យកាន់តែច្រើនថែមទៀត។ ទាំងនេះ គឺជាការផ្តល់ភាពកក់ក្តៅ មិនមែនសម្រាប់តែគ្រូបង្រៀនទាំងជាង ១១ម៉ឺននាក់នោះទេ ដែលចង់បាន ពលរដ្ឋមន្ត្រីរាជការទូទៅក៏ប្រាថ្នាដូចគ្នា ហើយនេះគឺជាកាតព្វកិច្ចរបស់រដ្ឋាភិបាលសម្រាប់ប្រយោជន៍សមូហភាពចំពោះប្រជាជនរបស់ខ្លួន។
ម្យ៉ាងវិញទៀត ចំពោះគ្រូបង្រៀន ដែលត្រូវគេចាត់ទុកថាជាវិស្វករនៃដួងព្រលឹងនោះ ក្នុងទិវាគ្រូបង្រៀន គឺគួរតែធ្វើពិធីរម្លឹកគុណគ្រូ ឲ្យបានវិសេសវិសាល នៅតាមសាលានានា និងលំដាប់ថ្នាក់ជាតិ ដើម្បីជាការដឹងគុណដល់លោកគ្រូអ្នកគ្រូ សាស្ត្រាចារ្យ និងដើម្បីលើកទឹកចិត្តពួកគាត់ ឲ្យមានកម្លាំងប្រឹងប្រែងអប់រំកូនខ្មែរ តទៅមុខទៀត៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ