ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 25/08 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 24/08 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 24/08 12h00 GMT
general

ចាប់​ពីពេល​​នេះ ដល់​ដើម​ខែ​ក្រោយ កម្ដៅ​នឹង​ឡើង​​ដល់​៤២​អង្សា​នៅតំបន់​ខ្ពង់​រាប

media  
រូបភាព​ឯកសារ

សីតុណ្ហភាព​នៅ​កម្ពុជា​នឹង​បន្ត​កើន​ឡើង​។ ចាប់​តាំង​ពី​ពេល​នេះ រហូ​ត​ដល់​ដើមខែ​​ក្រោយ កម្ដៅ​នឹង​កើន​ឡើង​ដល់​៤២​អង្សា នៅ​តំបន់​ខ្ពង់រាប ខណៈ​តំបន់​ទំនាប​កណ្ដាល នឹង​មាន​សីតុណ្ហភាព​​ក្នុង​រង្វង់​៤១​អង្សា​។ បន្ថែម​ពី​លើ​អាកាសធាតុ​ក្ដៅ ក្រសួង​ធនធាន​ទឹក​នឹង​ឧតុនិយម បាន​ប្រាប់​ឲ្យ​ប្រជាពលរដ្ឋ​បន្ត​ប្រុង​ប្រយ័ត្ន​បន្ថែម​ទៀត​ចំពោះ​បាតុភូត ភ្លៀង​កក់​ខែ​ ដែល​នឹង​នាំ​មក​នូវ​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់​ដ៏​គ្រោះ​ថ្នាក់​។

រហូត​ទាល់​តែ​ពាក់​កណ្ដាល​សប្ដាហ៍​ទី​៤​នៃ​ខែ​មេសា ឬ​ចាប់​ពី​ថ្ងៃ​ទី​២៨​មេសា រហូត​ដល់​ថ្ងៃ​ទី​៣​ខែ​ឧសភា ទើប​កម្ពុជា​មាន​ភ្លៀង​ធ្លាក់​ច្រើន និង​រាយប៉ាយ​ទូទាំង​ប្រទេស​។ ប៉ុន្តែ​ក្នុង​ខណៈ​ពេល​នេះ លោក ចាន់ យុត្ថា អ្នក​នាំ​ពាក្យ​ក្រសួង​ធនធាន​ទឹក គូស​បញ្ជាក់​ប្រាប់​វិទ្យុ​បារាំង​ថា ភ្លៀង​ធ្លាក់​នៅ​តែ​មាន​បរិមាណ​តិច​តួច​​។

 

វត្តមាន​​ភ្លៀង​ធ្លាក់​តិច​តួច​នេះ ជា​បញ្ហា​មួយ​។ ប៉ុន្តែ សីតុណ្ហភាព​ ដែល​នឹង​បន្ត​កើន​ឡើង​ គឺ​ជា​បញ្ហា​គួរ​ឲ្យ​ព្រួយ​បារម្ភ​មួយ​ទៀត​។ តាម​ការ​ព្យាករណ៍ ចាប់​ពី​ពេល​នេះ​ត​ទៅ សីតុណ្ហភាព​នៅ​តំបន់​ខ្ពង់​រាប នឹងបន្ត​កើន​ឡើង​១​អង្សា​ទៀត។ មាន​ន័យ​ថា កំដៅ​នឹង​ឡើង​​ដល់​៤២​អង្សា ខណៈ​តំបន់​ទំនាប​កណ្ដាល នឹង​មាន​សីតុណ្ហភាព​​ក្នុង​រង្វង់​៤១​អង្សា​។ លោក ចាន់ យុត្ថា អះអាង​ថា មាន​តែ​តំបន់​មាត់​សមុទ្រ​ប៉ុណ្ណោះ​ ដែល​មាន​សីតុណ្ហភាព​​​ស្រាលជាង​គេ ពោល​គឺ​កំដៅ​មាន​ត្រឹម​តែ​៣៥​ទៅ​៣៧​អង្សា​​។

រស់​នៅ​ក្នុង​បរិយាកាស​ដ៏​ក្ដៅ​បែប​នេះ សត្វ​មួយ​ចំនួន​អាច​ប្រឈម​មុខ​នឹង​គ្រោះ​ថ្នាក់​រហូត​ដល់​ងាប់​។ ប៉ុន្តែ​សម្រាប់​មនុស្ស លោក ចាន់ យុត្ថា អះអាង​ថា មិន​អាច​រង​គ្រោះ​ថ្នាក់​ធ្ងន់ធ្ងរ​ដល់​អាយុ​ជីវិត​​ទេ ប្រសិន​បើ​រស់​នៅ​ដោយ​ប្រុង​ប្រយ័ត្ន ស្រប​តាម​ការ​ណែនាំ​ពី​ក្រសួងសុខា​ភិបាល​។ បើ​តាម​ក្រសួង​សុខាភិបាល ដើម្បី​ការពារ​សុខភាព​ពេល​អាកាសធាតុ​ក្ដៅ​ខ្លាំង ប្រជាពលរដ្ឋ​ត្រូវ​តែ​ងូត​ទឹក​ត្រជាក់ និង​ជ្រក​ក្រោម​ម្លប់​ឲ្យ​បាន​ច្រើន ចៀសវាង​នៅ​ក្រោម​ថ្ងៃ​ផ្ទាល់​។ ត្រូវ​ស្លៀក​សម្លៀក​បំពាក់​ស្ដើង ស្រាល និង​មាន​ពណ៌​ភ្លឺ និង​ត្រូវ​ទទួល​ទាន​ទឹក​ឲ្យ​បាន​ច្រើន​ជាង​ពេល​ធម្មតា ដើម្បី​រក្សា​ជាតិ​ទឹក​នៅ​ក្នុង​រាង​កាយ​ឲ្យ​បាន​គ្រប់​គ្រាន់​។

ក្រសួង​ធនធាន​ទឹក​នឹង​ឧតុនិយម ក៏បាន​ប្រាប់​ឲ្យ​ប្រជាពលរដ្ឋ​បន្ត​ប្រុង​ប្រយ័ត្ន​បន្ថែម​ទៀត​ចំពោះ​បាតុភូត ភ្លៀង​កក់​ខែ​ ដែល​នឹង​នាំ​មក​នូវ​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់​ដ៏​គ្រោះ​ថ្នាក់​៕

 

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ