អានតួអត្ថបទ
កម្ពុជា

សាលាឧទ្ធរណ៍​បន្ត​ឲ្យ​ឃុំ​ខ្លួន​អ្នក​ស្រី​ទេព វន្នី​ នៅ​ពន្ធនាគារ​ព្រៃ​ស

ក្រុម​ប្រឹក្សា​ជំនុំ​ជម្រះ​សភា​ស៊ើប​សួរ​នៃ​សាលាឧទ្ធរណ៍​នៅ​ព្រឹក​នេះ បាន​បដិសេធ​សំណើ​សុំ​នៅ​ក្រៅ​ឃុំ​បណ្តោះ​អាសន្ន​របស់​អ្នក​ស្រី ទេព វន្នី សកម្មជន​ដី​ធ្លី​តំបន់​បឹង​កក់។ លោក​ស្រី​ទេព វន្នី លើក​ឡើង​ថា ការ​សម្រេច​នេះ គឺ​ធ្វើ​តាម​បញ្ជា​របស់​អ្នក​មាន​អំណាច។ សវនាការ​នៅ​ព្រឹក​មិញ​នេះ មិន​មាន​វត្តមាន​មេធាវី​ការពារ​ក្តី​ចូលរួម​នោះ​ឡើយ។

សាលាឧទ្ធរណ៍បន្តឲ្យឃុំខ្លួនអ្នកស្រីទេព វន្នី នៅពន្ធនាគារព្រៃស
សាលាឧទ្ធរណ៍បន្តឲ្យឃុំខ្លួនអ្នកស្រីទេព វន្នី នៅពន្ធនាគារព្រៃស RFI/ Siv Chana
ផ្សាយពាណិជ្ជកម្ម

សវនាការ​លើ​សំណើ​សុំ​នៅ​ក្រៅ​ឃុំ​របស់​អ្នក​ស្រី ទេព វន្នី នេះ គឺ​បាន​ធ្វើ​ឡើង​ជា​អសាធារណៈ ពោល​គឺ​មាន​តែ​អ្នក​ស្រី​ទេព វន្នី អម​ដោយ​អនុរក្ស​ពន្ធនាគារ​ជាមួយ​នឹង​ក្រុម​ប្រឹក្សា​ជំនុំ​ជម្រះ​សភា​ស៊ើប​សួរ​នៃ​សាលា​ឧទ្ធរណ៍​តែ​ប៉ុណ្ណោះ។ រីឯ​អ្នក​ផ្សេង​ទៀត មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចូល​រួម​ស្ដាប់​ដូច​សព្វ​មួយ​ដង​ឡើយ។ ចំណែក​មេធាវី​ការពារ​ក្តី​វិញ ក៏​មិន​មាន​វត្តមាន​នោះ​ដែរ នេះ​គឺ​ដោយសារ​តែ​ខាង​តុលាការ​មិន​បាន​ជូន​ដំណឹង​ទៅ​កាន់​មេធាវី​របស់​អ្នក​ស្រី​ទេព វន្នី។

ក្រោយ​ពី​ការ​សម្រេច​របស់​សាលាឧទ្ធរណ៍​នេះ អ្នក​ស្រី​ទេព វន្នី បាន​ឆ្លៀត​ប្រាប់​អ្នក​កាសែត​ថា មូល​ហេតុ​ដែល​តុលាការ​មិន​ឲ្យ​អ្នក​ស្រី​នៅ​ក្រៅ​ឃុំ គឺ​ដោយសារ​តែ​ភ័យ​ខ្លាច​អ្នក​ស្រី​បង្ក​ចលាចល និង​មាន​អំពើ​ហិង្សា​ណា​មួយ​ក្នុង​សង្គម​នៅ​ពេល​ ដែល​អ្នក​ស្រី​បាន​នៅ​ក្រៅ​ឃុំ​នោះ។ សម្រាប់​សកម្មជន​ដីធ្លី​រូប​នេះ ហេតុ​ផល​ទាំង​នេះ គ្រាន់​តែ​ជា​លេស​ប៉ុណ្ណោះ​ព្រោះ​អ្នក​ស្រី​ចាត់​ទុក​ថា​ករណី​នេះ គឺ​ជា​រឿង​នយោបាយ។ អ្នក​ស្រី​ ទេព វន្នី បាន​បញ្ជាក់​បន្ថែម​ថា ការ​សម្រេច​របស់​តុលាការ​នេះ ស្ថិត​ក្រោម​ការ​បញ្ជា​របស់​អ្នក​មាន​អំណាច និង​អ្នក​មាន​លុយ គឺ​គេ​ឲ្យ​សម្រេច​យ៉ាង​ណា នឹង​សម្រេច​យ៉ាង​នោះ​ហើយ។

អ្នក​ស្រី ទេព វន្នី ត្រូវ​បាន​ចាប់​ខ្លួន​ និង​ឃុំ​ខ្លួន​នៅ​ក្នុង​ពន្ធនាគារ​ព្រៃស​ជាមួយ​សកម្មជន​ម្នាក់​ទៀត​ គឺ​អ្នក​ស្រី​បូវ សោភា កាល​ពី​អំឡុង​ខែ​សីហា ដែល​កាល​ណោះ​តុលាការ​ក្រុង​ភ្នំពេញ​បាន​ចោទ​ប្រកាន់​អ្នក​ទាំង​ពីរ​ពី​បទ​ប្រមាថ​អ្នក​រាជការ​សាធារណៈ​ហើយ​ផ្តន្ទា​ទោស​ក្នុង​ពន្ធនាគារ​ ៦​ថ្ងៃ​ និង​ពិន័យ​ជា​ទឹកប្រាក់​ ៨​ម៉ឺន​រៀល​។ ក្រោយ​មក អ្នក​ស្រី​បូវ សោភា ត្រូវ​បាន​ដោះលែង​ឲ្យ​មាន​សេរីភាព​ឡើង​វិញ។ ក៏​ប៉ុន្តែ​អ្នក​ស្រី​ ទេព វន្នី ត្រូវ​បាន​ឃុំ​ខ្លួន​បន្ត​ជា​មួយ​បទ​ចោទ​ផ្សេង​ទៀត។ នៅ​ថ្ងៃ​ទី​ ១៩ កញ្ញា សាលា​ដំបូង​រាជធានី​ភ្នំពេញ​បាន​សម្រេច​ផ្តន្ទាទោស​អ្នក​ស្រី​ទេព វន្នី និង​សកម្មជន​បឹង​កក់​ ៣​នាក់​ទៀត​ឲ្យ​ជាប់​ពន្ធនាគារ​ម្នាក់​ៗ​ រយៈ​ពេល​៦​ខែពី​បទ​«ប្រមាថ​ និង​ប្រឆាំង​​អ្នក​រាជការ​សាធារណៈ​មាន​ស្ថាន​ទម្ងន់​ទោស»ប្រព្រឹត្ត​នៅ​មុខ​សាលា​រាជធានី​ភ្នំពេញកាល​ពី​ថ្ងៃ​ទី​ ២៨ ខែ​វិច្ឆិកា ឆ្នាំ​២០១១។

សម្រាប់​អ្នក​ស្រី​ទេព វណ្នី នេះ គឺ​ជា​ការ​កាត់​ទោស​ថ្មី​មួយ​ទៀត​លើ​រូប​គាត់ ស្រប​ពេល​ដែល​ស្រ្តី​តំបន់​បឹង​កក់​រូប​នេះ​កំពុង​ត្រូវ​បាន​តុលាការ​ឃុំ​ខ្លួន​បណ្តោះ​អាសន្ន​ក្នុង​ពន្ធនាគារ​ព្រៃស​នៅ​ក្នុង​សំណុំ​រឿង​ហិង្សា​ក្បែរ​ផ្ទះ​លោក​នាយក​រដ្ឋ​មន្ត្រី​កាល​ពី​ឆ្នាំ​២០១៣​កន្លង​ទៅ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ