អានតួអត្ថបទ
កម្ពុជា

លោក​ស្រី​ទេព វន្នី​សរសេរ​លិខិត​សុំ​ការ​លើក​លែង​ទោស​ពី​លោក​នាយក​រដ្ឋមន្រ្តី​ហ៊ុន សែន

នៅ​ព្រឹក​មិញ​នេះ សាច់​ញាតិ និង​អ្នក​ភូមិ​បឹង​កក់​មួយ​ចំនួន​បាន​ដាក់​ញត្តិ​ទៅ​កាន់​ខុទ្ទកាល័យ​នាយក​រដ្ឋមន្រ្តី និង​ក្រសួង​យុត្តិធម៌ ដើម្បី​ស្នើ​សុំ​លើក​លែង​ទោស​អ្នក​ស្រី​ទេព វន្នី នៅ​ថ្ងៃ​វិសាខ​បូជា​ខាង​មុខ​នេះ។ ក្រៅ​ពី​លិខិត​ស្នើ​សុំ​របស់​សាច់​ញាតិ​នេះ អ្នក​ស្រី​ទេព វន្នី​ខ្លួន​ឯង​ផ្ទាល់​ក៏​បាន​សរសេរ​លិខិត​ស្វែង​រក​អន្តរាគមន៍​ពី​លោក​ហ៊ុន សែន​និង​រដ្ឋមន្រ្តី​យុត្តិធម៌​កម្ពុជា​ផង​ដែរ។ លិខិត​ស្នើ​សុំ​នេះ ធ្វើ​ឡើង​ខណៈ​ដែល​ក្រសួង​យុត្តិធម៌​នឹង​ប្រជុំ​វាយ​តម្លៃ​បញ្ជី​ទណ្ឌិត​សម្រាប់​បន្ធូរ​បន្ថយ​ទោស​និង​លើក​លែង​ទោស​សម្រាប់​ថ្ងៃ​បុណ្យ​វិសាខ​បូជា​២៩ មេសា នៅ​រសៀល​ថ្ងៃ​ចន្ទ​នេះ។

ទេព វន្នី សកម្មជន​តវ៉ាបញ្ហា​ដីធ្លី​​នៅ​ក្នុង​តំបន់​បឹង​កក់
ទេព វន្នី សកម្មជន​តវ៉ាបញ្ហា​ដីធ្លី​​នៅ​ក្នុង​តំបន់​បឹង​កក់ @សហការី
ផ្សាយពាណិជ្ជកម្ម

នៅ​ក្នុង​លិខិត​ទៅ​កាន់​លោក​នាយក​រដ្ឋមន្រ្តី​ហ៊ុន សែន​ចុះ​ថ្ងៃ​ទី​២១ មេសា និង​លិខិត​ទៅ​កាន់​រដ្ឋមន្រ្តី​ក្រសួង​យុត្តិធម៌​ចុះ​ថ្ងៃ​ទី​១៩ មេសា អ្នក​ស្រី​ទេព វន្នី បាន​លើក​ឡើង​ពី​ជីវភាព​ក្រី​ក្រ​ក្នុង​គ្រួសារ​ជា​ស្រ្តី​មេម៉ាយ និង​បង្ហាញ​ពី​ទុក្ខ​លំបាក​របស់​អ្នក​ស្រី​ផ្ទាល់ ក៏​ដូច​ជា​កូន​ស្រី និង​ម្តាយ​របស់​អ្នក​ស្រី​ដែល​កំពុង​មាន​ជំងឺ។ ទាំង​នេះ​ហើយ ជា​ហេតុ​ផល​ដែល​អ្នក​ស្រី​ទេព វន្នី សុំ​ការ​សណ្តោស​ប្រណី​ពី​សំណាក់​លោក​នាយក​រដ្ឋមន្រ្តី​ហ៊ុន សែន និង រដ្ឋមន្រ្តី​ក្រសួង​យុត្តិធម៌​កម្ពុជា​លោក​អង្គ វង្សវឌ្ឍនា ឲ្យ​ជួយ​អន្តរាគមន៍​ឲ្យ​អ្នក​ស្រី​មាន​សេរីភាព​ឡើង​វិញ ដើម្បី​ទៅ​មើល​ថែ​និង​ចិញ្ចឹម​ម្តាយ​និង​កូនៗ​របស់​អ្នក​ស្រី។ តាម​រយៈ​លិខិត​ផ្ទាល់​ដៃ​របស់​ខ្លួន​នេះ អ្នក​ស្រី​ទេព វន្នី ​ក៏​សង្ឃឹម​ជឿ​ជាក់​ថា ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​នឹង​ផ្តល់​ក្តី​មេត្តា​ដោយ​ធ្វើ​កិច្ច​អន្តរាគមន៍​លើក​លែង​ទោស​ដល់​អ្នក​ស្រី​នៅ​ថ្ងៃ​វិសាខ​បូជា​ខាង​មុខ​នេះ។

លិខិត​ទាំង​ពីរ​ច្បាប់​របស់​អ្នក​ស្រី​ទេព វន្នី ត្រូវ​បាន​ម្តាយ​និង​បង​ស្រី​របស់​អ្នក​ស្រី យក​ទៅ​ដាក់​នៅ​ក្រសួង​យុត្តិធម៌ និង​ខុទ្ទកាល័យ​លោក​នាយក​រដ្ឋមន្រ្តី​ហ៊ុន សែន នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ​ដោយ​ភ្ជាប់​បន្ថែម​ជាមួយ​លិខិត​ស្នើ​សុំ​លើក​លែង​ទោស​អ្នក​ស្រី​ពី​សំណាក់​ក្រុម​គ្រួសារ​ផង​ដែរ។ តំណាង​ក្រសួង​យុត្តិធម៌ និង​ខុទ្ទកាល័យ​លោក​នាយក​រដ្ឋមន្រ្តី​ហ៊ុន សែន បាន​ចេញ​មក​ទទួល​យក​លិខិត​ទាំង​នេះ​ដោយ​ទឹក​មុខ​រីករាយ ហើយ​អះអាង​ថា ពួក​គេ​នឹង​ជួយ​បញ្ចូន​លិខិត​ទាំង​នេះ​ទៅ​កាន់​ថ្នាក់​ដឹក​នាំ​កំពូល​ឲ្យ​បាន​ឆាប់​ថែម​ទៀត។ គឺ​នៅ​ត្រង់​ចំណុច​អស់​ទាំង​នេះ ដែល​អ្នក​ស្រី​ហួត ច័ន្ទសុវណ្ណ ដែល​ជា​បង​ស្រី​អ្នក​ស្រី​ទេព វន្នី សង្ឃឹម​ថា លោក​នាយក​រដ្ឋមន្រ្តី​ហ៊ុន​ សែន និង​រដ្ឋមន្រ្តី​ក្រសួង​យុត្តិធម៌​កម្ពុជា​នឹង​ពិចារណា​ជួយ​អន្តរាគមន៍​ដោះ​លែង​អ្នក​ស្រី​ទេព វន្នី ឲ្យ​មាន​សេរីភាព​ឡើង​វិញ។

សូម​បញ្ជាក់​ថា អ្នក​ស្រី​ទេព វន្នី ត្រូវ​បាន​សាលា​ដំបូង​រាជធានី​ភ្នំពេញ សម្រេច​ផ្តន្ទា​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​រយៈ​ពេល​២​ឆ្នាំ​៦​ខែ ​ពី​បទ​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់​ទោស​ដែល​ប្រព្រឹត្ត​ទៅ​នៅ​ក្បែរ​ផ្ទះ​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន កាល​ពី​ឆ្នាំ​២០១៣ ។ មក​ដល់​ពេល​នេះ អ្នក​ស្រី​ទេព វន្នី ត្រូវ​បាន​អនុវត្ត​ទោស​ក្នុង​ពន្ធនាគារ​ជាង​១​ឆ្នាំ​៨​ខែ​មក​ហើយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ