អានតួអត្ថបទ
កម្ពុជា

ក្រោយ​មាន​សេរីភាព អ្នក​ស្រី​ទេព វន្នី សុំ​ឲ្យ​មាន​ការ​ដោះ​លែង​សកម្មជន​អតីត​បក្ស​ប្រឆាំង​និង​អតីត​អ្នក​កាសែត

នៅ​ម៉ោង​ប្រមាណ​៨​និង​៣០​នាទី​យប់​មិញ​នេះ អ្នក​ស្រី​ទេព វន្នី សកម្មជន​ដី​ធ្លី​តំបន់​បឹង​កក់​ត្រូវ​បាន​ដោះ​លែង​ឲ្យ​មាន​សេរីភាព​វិញ​ហើយ។ ការ​ដោះ​លែង​ទាំង​យប់​នេះ ធ្វើ​ឡើង​ភ្លាមៗ​ក្រោយ​ពី​ព្រះ​មហាក្សត្រ​កម្ពុជា​បាន​ចេញ​ព្រះ​រាជក្រឹត្យ​លើក​លែង​ទោស​ដល់​អ្នក​ស្រី និង​សកម្មជន​ដី​ធ្លី​បី​នាក់​ទៀត។ បន្ទាប់​ពី​ចេញ​ពី​ពន្ធនាគារ​ភ្លាម អ្នក​ស្រី​ទេព វន្នី បាន​អំពាវនាវ​ឲ្យ​មាន​ការ​ដោះ​លែង​សកម្មជន​អតីត​បក្ស​សង្រ្គោះ​ជាតិ និង​អតីត​អ្នក​កាសែត​អាស៊ី​សេរី​ទាំង​ពីរ​នាក់​ឲ្យ​មាន​សេរីភាព​ឡើង​វិញ​ដូច​អ្នក​ស្រី​ផង​ដែរ។

អ្នក​ស្រី​ទេព វន្នី សកម្មជន​ដី​ធ្លី​តំបន់​បឹង​កក់​ត្រូវ​បាន​ដោះ​លែង​ឲ្យ​មាន​សេរីភាពនៅយប់ថ្ងៃ ២០ សីហា
អ្នក​ស្រី​ទេព វន្នី សកម្មជន​ដី​ធ្លី​តំបន់​បឹង​កក់​ត្រូវ​បាន​ដោះ​លែង​ឲ្យ​មាន​សេរីភាពនៅយប់ថ្ងៃ ២០ សីហា @REUTERS
ផ្សាយពាណិជ្ជកម្ម

ដោយ​លើក​ដៃ​សំពះ​ទៅ​កាន់​កាម៉េរា​អ្នក​កាសែត និង​ទូរស័ព្ទ​របស់​អ្នក​គាំទ្រ​អ្នក​ស្រី ដែល​កំពុង​ថត​ផ្សាយ​ផ្ទាល់​តាម​ហ្វេសប៊ុក អ្នក​ស្រី​ទេព វន្នី បាន​អំពាវនាវ​ដល់​សហគមន៍​អន្តរជាតិ និង​ប្រទេស​មហា​អំណាច​ឲ្យ​ជួយ​អន្តរាគមន៍​មក​កាន់​លោក​នាយក​រដ្ឋមន្រ្តី​ហ៊ុន សែន ដើម្បី​ឲ្យ​ដោះ​លែង​សកម្មជន​អតីត​បក្ស​ប្រឆាំង​ទាំង​១៥​នាក់ និង​អតីត​អ្នក​កាសែត​វិទ្យុ​អាស៊ី​សេរី​២​នាក់​ផង​ដែរ។ អ្នក​ស្រី​ទេព វន្នី បាន​អះអាង​ថា អ្នក​ស្រី​បាន​យល់​ច្បាស់​ពី​ទុក្ខ​លំបាក​របស់​ពួក​គេ​ទាំង​នោះ​នៅ​ក្នុង​ពន្ធនាគារ ថា​តើ​មាន​ការ​លំបាក និង​កើត​ទុក្ខ​ក្នុង​ចិត្ត​បែប​ណា។ ម្យ៉ាង​វិញ​ទៀត អ្នក​ស្រី​ក៏​លើក​ឡើង​ដែរ​ថា ក្រុម​គ្រួសារ​របស់​ពួក​គេ ក៏​កំពុង​រង់​ចាំ​ពួក​គេ​ត្រឡប់​មក​ផ្ទះ​វិញ ដើម្បី​ជួប​ជុំ​រីករាយ​ជាមួយ​ក្រុម​គ្រួសារ។

ជាមួយ​នឹង​ការ​អំពាវនាវ​របស់​អ្នក​ស្រី​ទេព វន្នី​នេះ អតីត​បក្ស​ប្រឆាំង និង​សង្គម​ស៊ីវិល​ក៏​សង្ឃឹម​ថា សកម្មជន​អតីត​បក្ស​ប្រឆាំង និង​អតីត​អ្នក​កាសែត​វិទ្យុ​អាស៊ី​សេរី ក៏​នឹង​ត្រូវ​បាន​ដោះ​លែង​ឲ្យ​មាន​សេរីភាព​វិញ​ផង​ដែរ។ លោក​អ៊ូ ច័ន្ទរ័ត្ន ដែល​ជា​អតីត​តំណាង​រាស្រ្ត​អតីត​គណបក្ស​សង្រ្គោះ​ជាតិ បាន​លើក​ឡើង​ថា ការ​ដោះ​លែង​អ្នក​ស្រី​ទេព វន្នី​នេះ ជា​សញ្ញា​វិជ្ជមាន​សម្រាប់​សកម្មជន​អតីត​បក្ស​ប្រឆាំង​ទាំង​១៥​នាក់ និង​លោក​កឹម សុខា។ ចំណែក​លោក​កន សាវាង្ស មន្រ្តី​ជាន់​ខ្ពស់​នៃ​អង្គការ​ខុមហ្វ្រែល​តាម​រយៈ​ហ្វេសប៊ុក បាន​ស្នើ​សុំ​ព្រះ​មហាក្សត្រ​ឲ្យ​ព្រះ​រាជទាន​លើក​លែង​ទោស​ដល់​អតីត​អ្នក​កាសែត​វិទ្យុ​អាស៊ី​សេរី​ពីរ​នាក់ គឺ​លោក​យាង សុជាមេត្តា និង​លោក​អ៊ួន ឈិន ឲ្យ​មាន​សេរីភាព​ឡើង​វិញ។ លោក​កន សាវាង្ស ក៏​សង្ឃឹម​ថា តុលាការ​ក្រុង​ភ្នំពេញ​នឹង​ទម្លាក់​ការ​ចោទ​ប្រកាន់​មក​លើ​ពួក​គាត់ ។

សូម​បញ្ជាក់​ថា អ្នក​ស្រី​ទេព វន្នី ត្រូវ​បាន​ដោះ​លែង​ចេញ​ពី​ពន្ធនាគារ​ព្រៃ​ស​កាល​ពី​យប់​មិញ​នេះ បន្ទាប់​ពី​ព្រះ​មហាក្សត្រ​បាន​ចេញ​ព្រះ​រាជ​ក្រឹត្យ​លើក​លែង​ទោស​ដល់​អ្នក​ស្រី និង​សកម្មជន​បឹង​កក់​បី​នាក់​ទៀត។ អ្នក​ស្រី​ទេព វន្នី ត្រូវ​បាន​តុលាការ​ផ្ដន្ទា​ទោស​ចំនួន​២​ឆ្នាំ​កន្លះ ដោយ​ចោទ​ប្រកាន់​ពី​បទ «ប្រមាថ​អ្នក​រាជការ​សាធារណៈ និង​បទ​ប្រឆាំង​អ្នក​រាជការ​សាធារណៈ ដោយ​មាន​ស្ថាន​ទម្ងន់​ទោស»។ ក្រោយ​មាន​សេរីភាព អ្នក​ស្រី​ទេព វន្នី អះអាង​ថា នឹង​នៅ​តែ​បន្ត​បញ្ចេញ​មតិ និង​សកម្មភាព​ទៀត រហូត​ទាល់​តែ​បញ្ហា​ដី​ធ្លី​នៅ​តំបន់​បឹង​កក់​ត្រូវ​បាន​បញ្ចប់​ទាំង​ស្រុង។

លោក​សុខ ឥសាន អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​បញ្ជាក់​ថា ការ​សម្រេច​ស្នើ​លើក​លែង​ទោស​អ្នក​ស្រី​ទេព វន្នី​នេះ គឺ​បង្ហាញ​ពី​មនោសញ្ចេតនា​របស់​លោក​នាយក​រដ្ឋមន្រ្តី​ហ៊ុន សែន ដែល​តែង​តែ​សណ្តោស​ប្រោស​ប្រណី​ដល់​ពលរដ្ឋ​ខ្មែរ​គ្រប់​រូប​ដោយ​មិន​ប្រកាន់​និន្នាការ​នយោបាយ ឬ​អតីតកាល​ដែល​ធ្លាប់​ជេរ​ប្រមាថ​លោក​នោះ​ឡើយ។ ដូច្នេះ​ហើយ លោក​សុខ ឥសាន ប្រាប់​ទៅ​អ្នក​ស្រី​ទេព វន្នី ត្រូវ​ចេះ​ភ្ញាក់​រលឹក និង​គិត​ពិចារណា កុំ​ភ្លើត​ភ្លើន​តាម​ការ​ញុះញង់​របស់​គេ និង​កុំ​ចង់​ក្លាយ​ជា​វីរនារី​ដោយ​សារ​តែ​ការ​ញុះញង់​នោះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ