អានតួអត្ថបទ
កម្ពុជា-ពាណិជ្ជកម្ម

ថៃ​នឹង​លែង​ឲ្យ​កម្ពុជា​ដឹក​ទំនិញ​ឆ្លង​កាត់​ទៅ​កាន់​ប្រទេស​ទី​បី​នៅ​ចុង​ខែ​នេះ

ប្រទេស​ថៃ នឹង​មិន​អនុញ្ញាត​ឲ្យ​កម្ពុជា​ដឹក​ជញ្ជូន​ទំនិញ​ឆ្លង​កាត់​ប្រទេស​ខ្លួន​ទៀត​ឡើយ​ចាប់​ពី​ថ្ងៃ​ទី​១៣​ខែ​វិច្ឆិកា។​ ការ​ដឹក​ជញ្ជូន​ឡើង​វិញ អាច​ធ្វើ​ទៅ​បាន​លុះ​ត្រា​តែ​ថៃ​ព្រម​ចុះ​កិច្ច​ព្រម​ព្រៀង​ជា​ថ្មី​ជាមួយ​កម្ពុជា។ នេះ​បើ​ផ្អែក​តាម​សេចក្ដី​ជូន​ដំណឹង​របស់​អគ្គ​នាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា​នៃ​ក្រសួង​សេដ្ឋកិច្ច​នៅ​ថ្ងៃ​ទី​៣១​ខែ​តុលា​ម្សិល​មិញ។

រូបភាព​តំណាង៖​ ផលិតផល​របស់​កសិករ​កម្ពុជា
រូបភាព​តំណាង៖​ ផលិតផល​របស់​កសិករ​កម្ពុជា ©ម៉េងហួរ
ផ្សាយពាណិជ្ជកម្ម

ច្បាប់​គយ​ថ្មី​របស់​ប្រទេស​ថៃ​ ដែល​នឹង​ចូល​ជា​ធរមាន​នៅ​ថ្ងៃ​ទី​១៣​ខែ​វិច្ឆិកា បាន​ហាម​ឃាត់​ការ​ដឹក​ជញ្ជូន​ទំនិញ​ឆ្លង​កាត់​ប្រទេស​ខ្លួន​តាម​ផ្លូវ​គោក។ ក្នុង​ន័យ​នេះ អាជ្ញាធរ​ថៃ​នឹង​មិន​អនុញ្ញាត​ឲ្យ​មាន​ការ​ដឹក​ជញ្ជូន​ទំនិញ​ពី​ប្រទេស​ទី​បី​ឆ្លង​កាត់​ប្រទេស​ថៃ​ដើម្បី​នាំ​ចូល​មក​កម្ពុជា ឬ​ក៏​ការ​ដឹក​ជញ្ជូន​ទំនិញ​របស់​កម្ពុជា​ឆ្លង​កាត់​ប្រទេស​ថៃ​ដើម្បី​នាំ​ចេញ​ទៅ​ប្រទេស​ទី​បី​ឡើយ ដរាប​ណា​ពុំ​ទាន់​មាន​កិច្ច​ព្រម​ព្រៀង​ស្ដី​ពី​ការ​ដឹក​ជញ្ជូន​រវាង​ប្រទេស​ទាំង​ពីរ​ឡើង​វិញ។

បើ​តាម​អគ្គនាយក​ដ្ឋាន​និង​រដ្ឋាករ​នៃ​ក្រសួង​សេដ្ឋកិច្ច ស្ថាប័ន​ខ្លួន​កំពុង​ខិត​ខំ​ជំរុញ​អស់​ពី​លទ្ធភាព ក្នុង​ការ​ចរចា​ជាមួយ​ភាគី​ថៃ​ដើម្បី​រៀប​ចំ​កិច្ច​ព្រម​ព្រៀង​ថ្មី​ ដែល​គ្រោង​ចុះ​ហត្ថ​លេខា​​ឲ្យ​បាន​មុន​កាល​បរិច្ឆេទ​ចូល​ជា​ធរមាន​នៃ​ច្បាប់​គយ​ថ្មី​របស់​ថៃ។ កន្លង​មក កិច្ច​ព្រម​ព្រៀង​នេះ ភាគី​ទាំង​ពីរ​បាន​ឯកភាព​គ្នា​លើ​ខ្លឹមសារ​រួច​ហើយ កាល​ពី​ថ្ងៃ​ទី​១១​ខែ​កញ្ញា តែ​កំពុង​រង​ចាំ​សេចក្ដី​សម្រេច​ពី​ភាគី​ថៃ។

ដោយ​សារ​តែ​ពេល​វេលា​ហាម​ឃាត់​ការ​ដឹក​ទំនិញ​ឆ្លង​កាត់​តែ​គៀក​ហើយ នៅ​តែ​មិន​ទាន់​បាន​ឆ្លើយ​តប​ពី​ថៃ​វិញ​នោះ ទើប​អគ្គនាយកដ្ឋាន​និង​រដ្ឋាករ​នៃ​ក្រសួង​សេដ្ឋកិច្ច​សម្រេច​ជូន​ដំណឹង​ទៅ​ដល់​ធុរជន​ពាក់​ព័ន្ធ​ឲ្យ​មាន​ការ​ត្រៀម​ទុក​ជា​មុន​ក្នុង​ការ​កែ​ប្រែ​តម្រាយ​ផ្លូវ​ដឹក​ជញ្ជូន​ទំនិញ​របស់​ខ្លួន ឲ្យ​បាន​សម​ស្រម​និង​ទាន់​ពេល​វេលា ជៀស​វាង​រង​នូវ​ការ​ហាម​ឃាត់ និង​រឹត​បណ្តឹង​ពី​ថៃ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ