អានតួអត្ថបទ
កម្ពុជា-សង្គម

​ថៃ​ដំណើរ​ការ​រថភ្លើង​មក​ព្រំ​ដែន​កម្ពុជា ខណៈ​ទំហំ​ពាណិជ្ជ​កម្ម​កើន​ឡើង​

នៅ​ថ្ងៃ​ទី១ ខែ​កក្កដា នេះ​ប្រទេស​ថៃ​បាន​ចាប់​ផ្តើម​ដំណើរ​ការ​ខ្សែ​រថភ្លើង​របស់​ខ្លួន​ពី​បាងកក មក​កាន់​ព្រំ​ដែន​កម្ពុជា ខណៈ​ទំហំ​ពាណិជ្ជ​កម្ម​រវាង​ប្រទេស​ទាំង​ពីរ​កើន​ឡើង​ក្នុង​រយៈ​ពេល​៥ខែ ដើម​ឆ្នាំ​២០១៩​នេះ​។ អ្នក​នាំ​ពាក្យ​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា​បញ្ជាក់​ថា​ការ​ដឹក​ជញ្ជូន​តាម​រថ​ភ្លើង​នឹង​ផ្តល់​ផល​ប្រយោជន៍​បន្ថែម​ដល់​ប្រទេស​ទាំង​ពីរ​។ 

ថៃដំណើរការរថភ្លើងមកព្រំដែនកម្ពុជា ខណៈទំហំពាណិជ្ជកម្មកើនឡើង
ថៃដំណើរការរថភ្លើងមកព្រំដែនកម្ពុជា ខណៈទំហំពាណិជ្ជកម្មកើនឡើង @State Railway Thailand
ផ្សាយពាណិជ្ជកម្ម

សេវាកម្ម​ដឹក​ជញ្ជូន​តាម​រថភ្លើង​ប្រចាំ​ថ្ងៃ​រវាង​ក្រុង​បាងកក មក​កាន់​ច្រក​ព្រំដែន បាន​ក្លង​លឹក (Ban Klong Luk) ដែល​ជាប់​នឹង​ច្រក​ព្រំ​ដែន​ប៉ោយ​ប៉ែត​របស់​កម្ពុជា បាន​ដំណើរ​ជា​ផ្លូវ​ការ​ហើយ​នា​ថ្ងៃ​ទី១ ខែ​កក្កដា​នេះ​។ នេះ​បើ​តាម​សេចក្តី​ប្រកាស​របស់​ក្រុម​ហ៊ុន​រថ​ភ្លើង​របស់​ថៃ។ ខ្សែ​រថភ្លើង​រវាង​ក្រុង​បាងកក និង​ព្រំដែន​កម្ពុជា នឹង​ធ្វើ​ប្រតិបត្តិ​ការ​ដឹក​អ្នក​ដំណើរ​៤ដង​ក្នុង​មួយ​ថ្ងៃ ទាំង​ទៅ​ទាំង​មក​។

អ្នក​នាំ​ពាក្យ​ក្រសួង​សាធារណៈ​ការ និង​ដឹក​ជញ្ជូន លោក វ៉ាស៊ឹម សុរិយ៉ា បាន​បញ្ជាក់​ប្រាប់​វិទ្យុបារាំង​អន្តរជាតិ​ថា​រថភ្លើង​កម្ពុជា​មិន​ទាន់​អាច​ឆ្លង​ដែន​ដោយ​ត្រង់​ទៅ​កាន់​ប្រទេស​ថៃ​នៅ​ឡើយ​ទេ​។ ប៉ុន្តែ​កម្ពុជា​បាន​ដំណើរ​ការ​ខ្សែ​រថភ្លើង​របស់​ខ្លួន​ប្រចាំ​សប្តាហ៍ ពី​ក្រុង​ភ្នំពេញ​ទៅ​ក្រុង​ប៉ោយ​ប៉ែត​។

សូម​ជម្រាប​ជូន​ថា​ប្រទេស​កម្ពុជា និងថៃ បាន​ចុះ​កិច្ច​ព្រម​ព្រៀង​មួយ កាល​ពី​ខែ​មេសា ស្តី​ពី​ប្រតិបត្តិ​ការ​រួម​គ្នា​លើ​ការ ដឹក​ជញ្ជូន​ផ្លូវ​ដែក​ឆ្លង​កាត់​ព្រំ​ដែន​។

អ្នក​នាំ​ពាក្យ​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា លោក ស៊ាង ថៃ បាន​ថ្លែង​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​ថា ទោះ​បី​ពេល​នេះ​ខ្សែ​រថភ្លើង​រត់​មក​ត្រឹម​ព្រំដែន​ក្នុង​ទឹក​ដី​នៃ​ប្រទេស​ទាំង​ពីរ​ក្តី ក៏​ភាគី​ទាំង​ពីរ​ទទួល​បាន​ផល​ប្រយោជន៍​មួយ​ចំនួន​ដែរ​។ លោក​បន្ថែម​ថា ភាគី​ទាំង​ពីរ​នឹង​ទទួល​បាន​ផល​ប្រយោជន៍​បន្ថែម​ទៀត​នៅ​ពេល​មាន​ផ្លូវ​ដែក ភ្ជាប់​ត្រង់​រវាង​ប្រទេស​ទាំង​ពីរ ដោយ​សារ​តែ​ការ​ដឹក​ជញ្ជូន​តាម​ផ្លូវ​ដែក​មាន​តម្លៃ​ថោក​ជាង​ការ​ដឹក​ជញ្ជូន​តាម​មធ្យោបាយ​ផ្សេង​។

គិត​ត្រឹម​រយៈ​ពេល​៥ ខែ ដើម​ឆ្នាំ​២០១៩​នេះ ទំហំ​ពាណិជ្ជ​កម្ម​កម្ពុជា-ថៃ​មាន​ប្រមាណ ៣ ២៨២ លាន​ដុល្លារ​អាមេរិក មាន​ការ​កើន​ឡើង បើ​ប្រៀប​ធៀប​នឹង ៥ខែ ដើម​ឆ្នាំ​២០១៨ ដែល​មាន​ត្រឹម ៣ ១៧៥​លាន​ដុល្លារ​អាមេរិក​។ នេះ​បើ​តាម​របាយការណ៍​ពាណិជ្ជកម្ម​របស់​ក្រសួង​ពាណិជ្ជកម្ម​ថៃ​។

សម្រាប់​ប្រទេស​ថៃ កម្ពុជា​គឺ​ជា​ដៃ​គូ​ពាណិជ្ជកម្ម​ដ៏​សំខាន់​មួយ នៅ​ក្នុងចំណោម​​ប្រទេស​អាស៊ាន​​។ ពាណិជ្ជកម្ម​ទ្វេ​ភាគី​រវាង​ប្រទេស​ទាំង​ពីរ​មាន​ទំហំ ​៨,៣​​ ប៊ីលាន​ដុល្លារ​នៅ​ឆ្នាំ​២០១៨ ដែល​ចំនួន​នេះ កើន​ឡើង​ប្រមាណ​៣៥,៥​ភាគ​រយ បើ​ធៀប​នឹង​ឆ្នាំ​២០១៧​។ ​កម្ពុជា​និង​ថៃ ​ប្ដេជ្ញា​ពង្រីក​ទំហំ​ពាណិជ្ជកម្ម​រួម​គ្នា​ឲ្យ​បាន​១៥​ប៊ីលាន​ដុល្លារ នៅ​ឆ្នាំ​២០២០​ខាង​មុខ​។

សូម​ជម្រាប​ជូន​ថា​កម្ពុជា​បាន​នាំ​ទំនិញ​ភាគ​ច្រើន​ជា​ផលិផលផល​កសិកម្ម​ចូល​ក្នុង​ប្រទេស​ថៃ ខណៈ​ប្រទេស​ថៃ​ភាគ​ច្រើន​នាំ​ចេញ​មក​កម្ពុជា ជា​គ្រឿង​ឧប​ភោគ បរិភោគ គ្រឿង​សំណង់ និង​សម្លៀក​បំពាក់​ផង​ដែរ​៕​

អត្ថបទដោយ៖ សឿង ភារៈ និង ងួន វឌ្ឍនៈបណ្ឌិត

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ