អានតួអត្ថបទ
កម្ពុជា

ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​របស់ UN បារម្ភ​ពី​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា

ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្សនៃអង្គការ​សហប្រជាជាតិ បាន​បើក​កិច្ច​ប្រជុំ​លើក​ទី​៣៦​របស់​ខ្លួន នៅ​ទីក្រុង​ហ្សឺណែវ កាល​ពី​ម្សិលមិញ​។ នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​បើក​កិច្ច​ប្រជុំ​នោះ ឧត្តម​ស្នងការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស បាន​លើកឡើង​ពី​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​។ ជា​ស្ថានភាព​សិទ្ធិ​មនុស្ស​ដែល លោក​យល់​ថា កំពុង​ធ្លាក់​ទៅ​ក្នុង​សភាព​គួរ​ឲ្យ​បារម្ភ​។ ប៉ុន្តែ​ប្រធាន​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា​បាន​បដិសេធ​។

កិច្ច​ប្រជុំ​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​នៃ​អង្គការ​សហប្រជាជាតិ លើក​ទី​៣៦ នៅ​ទីក្រុង​ហ្សឺណែវ ថ្ងៃ​ទី​១១ កញ្ញា ២០១៧
កិច្ច​ប្រជុំ​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​នៃ​អង្គការ​សហប្រជាជាតិ លើក​ទី​៣៦ នៅ​ទីក្រុង​ហ្សឺណែវ ថ្ងៃ​ទី​១១ កញ្ញា ២០១៧ REUTERS
ផ្សាយពាណិជ្ជកម្ម

លោក ហ្សេដ រ៉ាអាដ អាល់ ហ៊ូសេន ឧត្តម​ស្នងការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស បាន​សម្ដែង​ក្ដី ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង អំពី​ការ​ចាប់​ខ្លួន​ប្រធាន​បក្ស​ប្រឆាំង គឺ​លោក កឹម សុខា​។ សម្រាប់​លោក ហ្សេដ រ៉ាអាដ អាល់ ហ៊ូសេន ការ​ចាប់​ខ្លួន​នេះ ហាក់​ដូច​ជា​បាន​ធ្វើ​ឡើង​ដោយ​មិន​គោរព​តាម​នីតិវិធី​ច្បាប់​ត្រឹម​ត្រូវ ឬ​អភ័យ​ឯកសិទ្ធិ​សភា​របស់​លោក​ កឹម សុខា​។ ឧត្តម​ស្នង​ការ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស ក៏​បាន​លើក​ឡើង​ពី​ក្ដីព្រួយ​បារម្ភ​ចំពោះ​ការ​ថ្លែងរបស់​លោក​នាយករដ្ឋ​មន្ដ្រី ហ៊ុន សែន និង​មន្ដ្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល​មួយ​ចំនួនផង​ដែរ ដែល​តែងតែ​លើក​ឡើង​ពី​ទោស​ក្បត់​ជាតិ​របស់​លោក កឹម សុខា ជា​សាធារណៈ​។ ជា​ការ​ថ្លែង​ដែល​លោក អាល់ ហ៊ូសេន ចាត់​ទុក​ថា​បាន​រំលោភ​ទៅ​លើ​ការ​សន្មត​ថា​គ្មាន​ទោស និង​ទទួល​បាន​ការ​ជំនុំ​ជម្រះក្ដី​​ដោយ​យុត្តិធម៌​។

មិន​ត្រឹម​តែ​ប៉ុណ្ណោះ លោក អាល់ ហ៊ូសេន ក៏​បាន​លើក​ឡើង​ផង​ដែរ អំពី ការ​បិទ​អង្គការ​សង្គម​ស៊ីវិល​អន្ដរជាតិ NDI ការ​ដក​ហូត​អាជ្ញាប័ណ្ណ​របស់​វិទ្យុ​មួយ​ចំនួន និង​ការ​បិទ​ទ្វារ​របស់​កាសែត​ The Cambodia Daily។ តាម​រយៈ​ក្ដី​ព្រួយ​បារម្ភ​អស់​ទាំង​នេះ ឧត្តម​ស្នង​ការ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស បាន​ជំរុញ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ធានា​នូវ​សិទ្ធិ​នយោបាយ ​សិទ្ធិ​ស៊ីវិល និង​សេរីភាព​ប្រព័ន្ធ​ផ្សព្វផ្សាយ​​ពេញ​លេញ មុន​ពេល​ការ​បោះ​ឆ្នោត​ជាតិ​នៅ​ឆ្នាំ​ក្រោយ​។

យ៉ាង​ណា​ក៏​ដោយ សេចក្ដី​ព្រួយ​បារម្ភ​អស់​ទាំង​នេះ ត្រូវ​បានច្រាន​ចោល​ដោយ​លោក កែវ រ៉េមី ប្រធាន​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា​។ នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍ នៅ​ថ្ងៃ​ទី​១១​កញ្ញា លោក កែវ រ៉េមី បាន​អះអាង​ថា ការ​ចាប់ខ្លួន​លោក កឹម សុខា ការ​បិទ​ប្រព័ន្ធ​ផ្សព្វផ្សាយ​មួយ​ចំនួន រួម​ទាំង​អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ គឺ​ធ្វើ​ឡើង​ដោយ​អនុលោម​តាម​នីតិវិធី​ច្បាប់​និង​ប្រព័ន្ធ​តុលាការ​។ ប៉ុន្តែលោក កែវ រ៉េមី កត់​សម្គាល់​ឃើញ​ថា ​រឿងរ៉ាវ​ទាំង​នេះ បែរ​ជា​​ត្រូវបាន​បក​ស្រាយ​ខុស ថាជា​ការ​បំពាន​អភ័យ​ឯកសិទ្ធិ​សភា គំរាម​កំហែង​សេរីភាព​សារព័ត៌មាន ឬ​ជា​ចេតនា​រឹត​ត្បិត​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ​ទៅ​វិញ​។

​ប្រធាន​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា បាន​ឆ្លៀត​យក​ឱកាស​នេះ អះអាង​ពី​ឆន្ទៈ​របស់​កម្ពុជា ក្នុង​ការ​លើក​កម្ពស់​កិច្ច​ការពារ​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​។ លោក កែវ រ៉េមី ស្នើ​ផង​ដែរ​ថា រាល់​ទំនាក់ទំនង កិច្ច​សហប្រតិបត្តិការ និង​ភាព​ជា​ដៃគូ​ទាំង​អស់ គួរ​តែ​ធ្វើ​ឡើង​ដោយ​ការ​គោរព​គ្នា​ទៅ​វិញ​ទៅ​មក​ ចៀស​ឲ្យ​ផុត​ពី​ការ​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃ​ក្នុង​នៃ​ដែន​យុត្តាធិការ​របស់​រដ្ឋ​ភាគី​នីមួយ​ៗ ដូច​មាន​ចែង​ក្នុង​ធម្មនុញ្ញ​របស់​អង្គការ​សហប្រជាជាតិ​​។ នេះ​បើ​តាម​លោក កែវ រ៉េមី​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ