អានតួអត្ថបទ
កម្ពុជា-សង្គម

​ស្ថាបនិក​កាសែត The Cambodia Daily លោក Bernard Krisher បាន​ទទួល​មរណ​ភាព​ក្នុង​ជន្មាយុ​៨៧​ឆ្នាំ​

អតីត​សហការី​ស្ថាបនិក​កាសែត The Cambodia Daily បាន​រៀប​ចំ​គោរព​វិញ្ញាណ​ក្ខន្ធ​សព​របស់​លោក ប័រណាត គ្រីស័រ (Bernard Krisher) នៅ​ក្នុង​ប្រទេស​កម្ពុជា បន្ទាប់​ពី​លោក​បាន​ទទួល​មរណភាព កាលពីថ្ងៃទី ៥ ខែ មីនា ឆ្នាំ២០១៩ នៅ​ឯ​មន្ទីរ​ពេទ្យ​មួយ​ក្នុង​ទីក្រុង​តូក្យូ ប្រទេស​ជប៉ុន ក្នុង​វ័យ​៨៧​ឆ្នាំ​។ អតីត​សហការី​របស់​លោក គ្រីស័រ បាន​ចាត់​ទុក​ថា «មរណ​ភាព​របស់​លោក ប័រណាត គ្រីស័រ (Bernard Krisher) គឺ​ជា​ការ​សោក​ស្តាយ​បំផុត ប៉ុន្តែ​រាល់​ស្នាដៃ​របស់​លោក នឹង​នៅ​តែ​ស្ថិត​នៅ​ក្នុង​ការ​ចង​ចាំ​ជានិច្ច​»។  

លោក ប័រណាត គ្រីស័រ (Bernard Krisher) ស្ថាបនិកកាសែត The Cambodia Daily
លោក ប័រណាត គ្រីស័រ (Bernard Krisher) ស្ថាបនិកកាសែត The Cambodia Daily @Internet
ផ្សាយពាណិជ្ជកម្ម

ពិធី​គោរព​វិញ្ញាណ​ក្ខន្ធ​សព​លោក ប័រណាត គ្រីស័រ (Bernard Krisher) ស្ថាបនិក​កាសែត The Cambodia Daily ត្រូវ​បាន​អតីត​សហការី​របស់​លោក រៀប​ចំ​ធ្វើ​ឡើង នៅ​ឯ​អង្គ​ការ Japan Relief for Cambodia (JRFC) & World Assistace for Cambodia (WAFC) ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ស្រុក​កៀន​ស្វាយ ខេត្ត​កណ្តាល ចាប់​ពី​ថ្ងៃទី ១៨ មីនា​មក​។ ពិធី​តាម​បែប​ព្រះពុទ្ធ​សាសនា​នេះ នឹង​ត្រូវ​បញ្ចប់​នៅ​ថ្ងៃ​ទី ១៩ មីនា ប៉ុន្តែ​ការ​គោរព​វិញ្ញាណ​ក្ខន្ធ​នឹង​បន្ត​ធ្វើ​ក្នុង​រយៈ​ពេល​៧ថ្ងៃ ដោយ​ចាប់​ផ្តើម​ពី​ថ្ងៃ​ទី១៨ ដល់​ថ្ងៃ​ទី២៥​មីនា​។ សូម​រំលឹក​ជូន​ថា លោក ប័រណាត គ្រីស័រ (Bernard Krisher) ស្ថាប​និក​កាសែត The Cambodia Daily បាន​ទទួល​មរណ​ភាព តាំង​ពីថ្ងៃទី ៥ ខែ មីនា នៅ​ឯ​មន្ទីរ​ពេទ្យ​មួយ​ក្នុង​ទីក្រុង​តូក្យូ ប្រទេស​ជប៉ុន ក្នុង​ជន្មា​យុ​៨៧​ឆ្នាំ ដោយ​សារ​បញ្ហា​បេះ​ដូង​។ សព​របស់​លោក​ត្រូវ​បាន​ក្រុម​គ្រួសារ​បញ្ចុះ​រួច​រាល់​ហើយ​នៅ​ឯទីក្រុង​ញូយ៉ក​សហ​រដ្ឋ​អាមេរិក​។

លោក ប័រណាត គ្រីស័រ កើតនៅថ្ងៃទី ៩ ខែសីហា ឆ្នាំ១៩៣១ នៅ​ប្រទេស​អាល្លឺម៉ង់​។ កាល​នៅ​រស់ លោក Bernard Krisher ត្រូវ​បាន​គេ​ស្គាល់​ថា ជា​អតីត​អ្នក​សារ​ព័ត៌មាន​បរទេស​នៅ​ប្រទេស​ជប៉ុន​អស់​រយៈ​ពេល​បី​ទសវត្សរ៍ ហើយ​បន្ទាប់​មក​លោក​បាន​មក​បង្កើត​កាសែត The Cambodia Daily កាសែត​សរសេរ​ជា​ភាសា​អង់គ្លេស​ដំបូង​នៅ​កម្ពុជា​នៅ​ក្នុង​ឆ្នាំ​១៩៩៣ ក្រោម​បេសកកម្ម​របស់​ខ្លួន គឺ«សរសេរ​ព័ត៌មាន​ដោយ​គ្មាន​ការ​ភ័យ​ខ្លាច​»។ ប៉ុន្តែ​ជា​អកុសល កាសែត The Cambodia Daily ដែល​បាន​ដំណើរ​ការ​អស់​រយៈ​ពេល​២៦​ឆ្នាំ​នៅ​កម្ពុជា​មួយ​នេះ​ បាន​បិទ​ការ​ផ្សាយ​របស់​ខ្លួន នៅ​ថ្ងៃទី ០៤ កញ្ញា ឆ្នាំ ២០១៧ បន្ទាប់​ពី​រដ្ឋា​ភិបាល​កម្ពុជា បាន​បង្ខំ​ឲ្យ​បង់​ពន្ធ​ជាង​៦លាន​៣សែន​ដុល្លារ​។

«មរណភាព​របស់​លោក ប័រណាត គ្រីស័រ (Bernard Krisher) គឺ​ជា​ការ​សោក​ស្តាយ​បំផុត ប៉ុន្តែ​រាល់​ស្នាដៃ​របស់​លោក នឹង​នៅ​តែ​ស្ថិត​នៅ​ក្នុង​ការ​ចង​ចាំ​ជានិច្ច​ក្នុង​ចំណោម​អតីត​សហការី និង​មិត្តភក្តិ​របស់​លោក»។ នេះ​គឺ​ជា​ការ​លើក​ឡើង​របស់​លោក ឆន ចាន់ស៊ី អតីត​សហការី​ម្នាក់​ក្នុង​ចំណោម​អតីត​សហការី​ជា​ច្រើន​នាក់​របស់​លោកគ្រីស័រ ដែល​បាន​ទៅ​គោរព​វិញ្ញាណ​ក្ខន្ធ​របស់​លោក នៅថ្ងៃទី ១៩ មីនា​។ ចំណែក​ឯស្ថាន​ទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា​វិញ ក៏​បាន​ចូល​រួម​មរណ​ទុក្ខ​ដ៏​ក្រៀម​ក្រំ​នេះ និង​បាន​ប្រកាស​ផ្តល់​កិត្តិយស​ដល់​កេរ​ដំណែល​របស់​លោក ដោយ​ដាក់​ឈ្មោះ​បន្ទប់​មួយ​តាម​ឈ្មោះ​របស់​លោក Bernard Krisher។ សម្រាប់​ស្ថាន​ទូត​អាមេរិក លោក Krisher មិន​ត្រឹម​តែ​បាន​ធ្វើ​ឲ្យ​ប្រជាជន​កម្ពុជា​រាប់​លាន​នាក់​ទទួល​បាន​ព័ត៌មាន​តែ​ប៉ុណ្ណោះ​ទេ តែ​លោក​ថែម​ទាំង​បាន​ចំណាយ​ពេល​វេលា​របស់​លោក រាប់​ទសវត្សរ៍ នៅ​ក្នុង​ជីវិត​របស់​លោក ដើម្បី​ធ្វើ​ការ​ងារ​មនុស្ស​ធម៌​នៅ​កម្ពុជា​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ