ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 16/10 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 16/10 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 15/10 12h00 GMT
កម្ពុជា

ក្រសួង​បរិស្ថាន​៖ ទឹក​សមុទ្រ​ប្រែ​ល្អក់ គឺ​ដោយ​សារ​ទឹក​ភ្លៀង និង​សកម្មភាព​អភិវឌ្ឍន៍​ខ្លាំង​នៅ​ក្នុង​ខេត្ត​ព្រះ​សីហនុ​

media  
ទឹកសមុទ្រប្រែជាល្អក់កករ @FB/ ក្រសួងបរិស្ថាន

ក្រសួង​បរិស្ថាន នៅ​ថ្ងៃ​ទី ១៤ កញ្ញា​នេះ បាន​ចេញ​មុខ​មក​បញ្ជាក់​ពី​មូលហេតុ​ដែល​បណ្តាល​ឲ្យ ទឹក​សមុទ្រ​ខេត្ត​ព្រះសីហនុ​ប្រែ​ជា​ល្អក់​កករ នៅ​ប៉ុន្មាន​ថ្ងៃ​មក​នេះ​ថា បណ្តាល​មក​ពី​ទឹកភ្លៀង​និង​សកម្មភាព​អភិវឌ្ឍន៍​ខ្លាំង​នៅ​ក្នុង​ខេត្ត​ព្រះសីហនុ។ យ៉ាង​ណា​ក៏​ដោយ មន្រ្តី​ក្រសួង​បរិស្ថាន​បាន​គូស​បញ្ជាក់​ថា វា​មិន​ប៉ះ​ពាល់​ដល់​ទឹក និង​ឆ្នេរ​សមុទ្រ​កម្ពុជា​នោះ​ទេ។ 

ការ​ចេញ​មុខ​មក​អះ​អាង​របស់​មន្ត្រី​ក្រសួង​បរិស្ថាន​នៅ​ពេល​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​មហាជន​បាន​រិះ​គន់ តាម​រយៈ​បណ្តាញ​សង្គម​ហ្វេស​បុក ជុំ​វិញ​ស្ថាន​ភាព​ទឹក​សមុទ្រ​កម្ពុជា ដែល​បាន​ប្រែ​ក្លាយ​ជា​ល្អក់​កករ​មិន​ធ្លាប់​មាន នា​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ ជា​ពិសេស​នៅ​ឆ្នេរ​ព្រែក​ត្រែង​តែ​ម្តង​។ ប្រជា​ពលរដ្ឋ​មាន​ការ​ព្រួយ​បារម្ភ​ថា ស្ថាន​ភាព​នេះ នឹង​នាំ​ឲ្យ​ខូច​ទឹក​និង​ឆ្នេរ​សមុទ្រ​របស់​កម្ពុជា ដែល​ជាប់​ជា​ឆ្នេរ​ស្អាត​នៅ​លើ​ពិភពលោក​។

យ៉ាង​ណា​ក៏​ដោយ លោក នេត្រ ភត្ត្រា រដ្ឋ​លេខា​ធិការ និង​អ្នក​នាំ​ពាក្យ​ក្រសួង​បរិស្ថាន បាន​ពន្យល់​ថា ទឹក​សមុទ្រ​ដែល​ល្អក់​កករ​នៅ​តំបន់​ខ្លះ កើត​ឡើង​ដោយ​សារ​តែ​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ នៅ​ខេត្ត​ព្រះសីហនុ​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​ជា​ច្រើន​ថ្ងៃ​មក​ហើយ​។ ទឹក​ភ្លៀង​នេះ បាន​ហូរ​ច្រោះ​ដី​មួយ​ចំនួន​ចេញ​ពី​ការ​ដ្ឋាន​សាង​សង់​នានា ចូល​ទៅ​ក្នុង សមុទ្រ តាម​រយៈ​អូរ​ឬ​ប្រឡាយ​នា​នា ខណៈ​ខេត្ត​ព្រះ​សីហនុ​បច្ចុប្បន្ន មាន​សកម្មភាព​សាង​សង់​ច្រើន​។

បើ​តាម​អ្នក​នាំ​ពាក្យ​ក្រសួង​បរិស្ថាន​ដ​ដែល ស្ថាន​ភាព​នេះ មិន​ប៉ះ​ពាល់​ដល់​ទឹក​និង​ឆ្នេរ​សមុទ្រ​កម្ពុជា​នោះ​ទេ។ និង​ថា ទឹក​សមុទ្រ​នឹង​វិល​មក​រក​ភាព​ល្អ​ប្រសើរ​វិញ ប្រសិន​បើ​គ្មាន​ភ្លៀង​ធ្លាក់​បន្ត​ទៅ​ទៀត។ ទន្ទឹម​គ្នា​នេះ ក្រសួង​និង​មន្ទីរ​បរិស្ថាន​ខេត្ត​ព្រះ​សីហនុ បាន​ត្រៀម​ចាត់​វិធាន​ការ​បន្ថែម​ទៀត ទៅ​លើ​ម្ចាស់​ការ​ដ្ឋាន​សំណង់ និង​ម្ចាស់​ភោជនីយ​ដ្ឋាន​នា​នា ដើម្បី​កុំ​ឲ្យ​បង្ហូរ​ទឹក ឬ​កាក​សំណល់​ចូល​ទៅ​ក្នុង​សមុទ្រ​។

គួរ​ជំរាប​ជូន​ថា មួយ​រយៈ​ពេល​ចុង​ក្រោយ​នេះ ប្រជា​ពល​រដ្ឋ​កម្ពុជា បាន​រិះ​គន់ ទៅ​លើ​អាជ្ញាធរ​ខេត្ត​ព្រះ​សីហនុ ថា​ខ្វះ​ការ​គ្រប់​គ្រង់​ខេត្ត​តំបន់​ឆ្នេរ​កម្ពុជា​មួយ​នេះ បន្ទាប់​ពី​ដំណើរ​មក​ដល់​យ៉ាង​គំហុក​នៃ​អ្នក​វិនិយោគិន​និង​ប្រជាជន​ចិន​។ អ្នក​វិនិយោគ​និង​ប្រជាជន​ចិន​ដែល​តែង​តែ​បង្ក​អ​សន្តិសុខ និង​អុក​ឡុក តំបន់​ទេសចរណ៍​ដ៏​ល្បី​ល្បាញ​របស់​កម្ពុជា​មួយ​នេះ​។ ប្រជា​ពល​រដ្ឋ ក៏​បាន​ប្រតិកម្ម​ដែរ ចំពោះ​ក្រុម​ហ៊ុន​វិនិយោគ​មួយ ដែល​បាន​ចាក់​ដី​លុប​ឆ្នេរ​ព្រែក​ត្រែង ដែល​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​សម្រស់​ឆ្នេរ​សមុទ្រ​របស់​កម្ពុជា​៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ