អានតួអត្ថបទ
កម្ពុជា-ច្បាប់

​ក្រសួង​ការ​បរទេស​កម្ពុជា​បដិសេធ ការ​បិទ​គណនី​ធនាគារ​របស់​កាសែត​ឌឹ​ខេម​បូឌា​ដេលី ដោយ​សារ​តែ​ជំហរ​រិះគន់​រដ្ឋាភិបាល​

ក្រសួង​ការ​បរទេស​កម្ពុជា នៅ​ថ្ងៃ​ទី ១០ ធ្នូ ម្សិល​មិញ​នេះ បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​មួយ ដោយ​បាន​ច្រាន​ចោល​ចំពោះ​ការ​ចោទ​ប្រកាន់ របស់​សារព័ត៌មាន ឌឹ​ខេម​បូឌា​ដេលី (The Cambodia Daily) ថា រដ្ឋាភិបាល​កម្ពុជា បាន​បញ្ឈប់​ប្រតិបត្តិ​ការ និង​បាន​បិទ​គណនី​ធនាគារ​របស់​ខ្លួន ដោយ​សារ​តែ​មាន​ជំហរ​រិះគន់​រដ្ឋា​ភិបាល​។ សម្រាប់​ក្រសួង​ការ​បរទេស​កម្ពុជា នេះ​គឺ​ជា​ការ​ចោទ​ប្រកាន់​ដោយ​គ្មាន​ការ​ពិត និង​គ្មាន​សច្ចៈភាព​ទាល់​តែ​សោះ​។ 

កាសែត ឌឹខេមបូឌាដេលី ដែលត្រូវបានបិទ
កាសែត ឌឹខេមបូឌាដេលី ដែលត្រូវបានបិទ @FB/ The Cambodia Daily
ផ្សាយពាណិជ្ជកម្ម

ប្រតិកម្ម​របស់​ក្រសួង​ការ​បរទេស​កម្ពុជា​នៅ​ពេល​នេះ បាន​ធ្លាក់​មក​បន្ទាប់​ពី​ម្ចាស់​កាសែត ឌឹខេម​បូឌា​ដេលី (The Cambodia Daily) បាន​ចោទ​ប្រកាន់​រដ្ឋាភិបាល​កម្ពុជា​ថា បាន​បញ្ឈប់​ប្រតិបត្តិ​ការ និង​បាន​បិទ​គណនី​ធនាគារ​របស់​ខ្លួន ដោយ​សារ​តែ​មាន​ជំហរ​រិះគន់​រដ្ឋាភិបាល​កម្ពុជា​។ ប៉ុន្តែ​សម្រាប់​ក្រសួង​ការ​បរទេស​កម្ពុជា នេះ​គឺ​ជា​ការ​ចោទ​ប្រកាន់​ដោយ​គ្មាន​ការ​ពិត និង​គ្មាន​សច្ចៈ​ភាព​ទាល់​តែ​សោះ​។ ជាក់​ស្តែង​ទៅ ការ​បិទ​កាសែត ឌឹ​ខេម​បូឌា​ដេលី (The Cambodia Daily) គឺ​ដោយ​សារ​តែ​ការ​ខក​ខាន​បំពេញ​កាតព្វកិច្ច​បង់​ពន្ធ​តែ​ប៉ុណ្ណោះ​។

តាម​រយៈ​សេចក្តី​ថ្លែង​ការណ៍​របស់​ក្រសួង​ការ​បរទេស​កម្ពុជា ដែល​ទើប​តែ​ផ្សព្វ​ផ្សាយ​នៅ​ថ្ងៃ​នេះ ក្រសួង​ការ​បរទេស​កម្ពុជា ក៏​បាន​បញ្ជាក់​ជំហរ​សារ​ជា​ថ្មី​ថា ក្នុង​ករណី​ដែល​សារព័ត៌មាន ឌឹ​ខេម​បូឌា​ដេលី បាន​បំពេញ​កាតព្វកិច្ច​ពន្ធ​របស់​ខ្លួន​សព្វ​គ្រប់​ហើយ​នោះ សារព័ត៌មាន​នេះ​នឹង​អាច​បន្ត​ប្រតិបត្តិ​ការ​របស់​ខ្លួន​នៅ​ក្នុង​ប្រទេស​កម្ពុជា​ឡើង​វិញ​បាន​។ ប៉ុន្តែ​លោក​ស្រី Deborah Krisher-Steele ចាង​ហ្វាង​រង​នៃ​កាសែត​នេះ បាន​ប្រាប់​សារព័ត៌មាន​ក្នុង​ស្រុក កាល​ពី​ថ្ងៃ​ទី ០៣ ធ្នូ ថា ក្រោម​យុទ្ធ​សាស្ត្រ «ចាប់​ហើយ​ដោះ​លែង» របស់​រដ្ឋា​ភិបាល កម្ពុជា ខ្លួន​មិន​អាច​ប្រតិបត្តិ​ការ​អាជីវកម្ម​មួយ​ស្រប​ច្បាប់ នៅ​ក្នុង​ប្រទេស​កម្ពុជា​បាន​ទេ​។

កាសែត​សរសេរ​ជា​ភាសា​អង់គ្លេស ឌឹ​ខេម​បូឌា​ដេលី បាន​បិទ​ការ​បោះ​ពុម្ព​ផ្សាយ​នៅ​កម្ពុជា កាល​ពី​ខែ​កញ្ញា ចុង​ឆ្នាំមុន បន្ទាប់​ពី​មិន​មាន​លទ្ធភាព​បង់​ប្រាក់​ពន្ធ​ប្រមាណ​ជា ៦,៣​លានដុល្លារ តាម​ការ​ទាម​ទារ​របស់​អគ្គ​នាយកដ្ឋាន​ពន្ធដា​កម្ពុជា​។ យ៉ាង​ណា​ក៏​ដោយ តាមរយៈ​សេចក្តី​ថ្លែង​ការណ៍ នៅ​ថ្ងៃទី ១០ ធ្នូ ក្រសួង​ការ​បរទេស​កម្ពុជា​បាន​បញ្ជាក់​ថា នៅ​ក្នុង​បរិបទ​នេះ ក្រសួង​ការ​បរទេស សូម​ធ្វើ​ការ​បដិសេធ​ទាំង​ស្រុង ចំពោះ​ការ​ចោទ​ប្រកាន់​របស់​សារព័ត៌មាន ឌឹ​ខេម​បូឌា​ដេលី ដែល​លើក​ឡើង​ថា រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​បញ្ឈប់​ប្រតិបត្តិ​ការ និង​បាន​បិទ​គណនី​ធនាគារ​របស់​ខ្លួន ដោយ​សារ​តែ​ជំហរ​រិះគន់​រដ្ឋាភិបាល​។

សេចក្តី​ថ្លែង​ការណ៍​របស់​ក្រសួងការ​បរទេស​កម្ពុជា​នៅ​ថ្ងៃ​ទី ១០ ធ្នូ នេះ គឺ​បន្ថែម​លើ​សេចក្តី​ថ្លែង​ការណ៍​របស់​ខ្លួន ចុះថ្ងៃទី ០៣ ធ្នូ ដែល​បាន​បញ្ជាក់​ពី​ការ​ប្តេជ្ញា​ចិត្ត​យ៉ាង​មុត​មាំ​របស់​រដ្ឋាភិបាល​កម្ពុជា ក្នុង​ការ​ពង្រឹង​លទ្ធិ​ប្រជា​ធិបតេយ្យ និង​លំហរ​នយោបាយ ដោយ​អនុ​លោម​តាម​រដ្ឋ​ធម្មនុញ្ញ​កម្ពុជា និង​បាន​បញ្ជាក់​ពី​វិធាន​ការ​បន្ថែម​ទៀត ក្នុង​ចំណោម​វិធាន​ការ​សំខាន់ៗ​ដទៃ​ទៀត ដើម្បី​លើក​តម្កើង​សេរីភាព​សារព័ត៌មាន និង​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ​នៅ​កម្ពុជា​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ