អានតួអត្ថបទ
កម្ពុជា-កងទ័ព

​មេ​បញ្ជា​ការ​កង​ពល​៥​រូប លា​លែង​ពី​តួ​នាទី​នាយ​រង​សេនា​ធិការ​ចម្រុះ បន្ទាប់​ពី​ផ្ទេរ​ទៅ​ក្រោម​បញ្ជា​ការ​ដ្ឋាន​កង​ទ័ព​ជើង​គោក

មេ​ទ័ព​សំខាន់ៗ ដែល​មាន​បណ្តា​ស័ក្តិ​ខ្ពស់ៗ នៅ​ក្នុង​ជួរ​កង​ទ័ព​ចំនួន​៥​រូប កាល​ពី​ថ្ងៃ​ទី​១៤ ខែ​កញ្ញា បាន​ដាក់​ពាក្យ​រួម​គ្នា​លា​លែង​ចេញ​ពី​តំណែង​ជា​នាយ​រង​សេនា​ធិការ​ចំរុះ នៃ​កង​យោធពល​ខេមរៈ​ភូមិន្ទ​។ ក្រសួង​ការពារ​ជាតិ​កម្ពុជា​បាន​ហៅ​ការ​លា​លែង​នេះ​ថា ជា​ផ្នែក​មួយ​នៃ​ការ​កែ​ទម្រង់​កង​ទ័ព ខណៈ​ឧត្តម​សេនីយ៍​ទាំង​៥​រូប ត្រូវ​បាន​ស្នើ​តែង​តាំង​បន្ថែម ទៅ​បំរើ​ការងារ​ចំណុះ​ឲ្យ បញ្ជា​ការ​ដ្ឋាន​នៃ​កង​ទ័ព​ជើង​គោក​។ 

ឧត្តមសេនីយ៍ ឈុំ សុជាតិ អ្នកនាំពាក្យ​ក្រសួង​ការពារ​ជាតិ​កម្ពុជា
ឧត្តមសេនីយ៍ ឈុំ សុជាតិ អ្នកនាំពាក្យ​ក្រសួង​ការពារ​ជាតិ​កម្ពុជា RFI/Channa Siv
ផ្សាយពាណិជ្ជកម្ម

មេ​ទ័ព​ទាំង​៥​រូប ដែល​ដាក់​ពាក្យ​សុំ​លា​លែង​ពី​តំណែង​ជា​នាយ​រង​សេនា​ធិការ​ចំរុះ កង​ទ័ព​នោះ​គឺ ឧត្តម​សេនីយ៍​ឯក ស្រី ឌឹក មេ​បញ្ជា​ការ​កង​ពល​ធំ​អន្តរាគមន៍​លេខ​៣ ឧត្តម​សេនីយ៍​ឯក កែវ ធី មេ​បញ្ជា​ការ​កង​ពល​ធំ​អន្តរាគមន៍​លេខ​២ ឧត្តម​សេនីយ៍​ឯក ចាប ភក្តី មេ​បញ្ជា​ការ​កង​ពល​តូច​ទ័ព​ពិសេស​ឆត្រ​យោង​៩១១ ឧត្តម​សេនីយ៍​ឯក ព្រហ្ម ផេង មេ​បញ្ជា​ការ​កង​ពល​តូច​អន្តរាគមន៍​លេខ​១ និង​ឧត្តម​សេនីយ៍​ឯក ម៉ៅ សុផាន់ មេ​បញ្ជា​ការ​កង​ពល​តូច​ថ្មើ​ជើង​លេខ​៧០​។ នាយ​ទាហាន​ទាំង ៥​រូប នេះ​សុទ្ធ​តែ​បាន​ភ្ជាប់​តួ​នាទី​មួយ​ទៀត ជា​នាយ​រង​សេនា​ធិការ​ចំរុះ​កង​ទ័ព​។

នាយ​ឧត្តម​សេនីយ៍ ឈុំ សុជាតិ អ្នក​នាំ​ពាក្យ​ក្រសួង​ការពារ​ជាតិ បាន​ថ្លែង​ប្រាប់​វិទ្យុ​បារាំង RFIi ​ថា ការ​លា​លែង​របស់​មេ​ទ័ព​កំពូលៗ​ទាំង​នេះ គឺ​ជា​ការ​អនុវត្ត​ទៅ​តាម​ច្បាប់​កង​ទ័ព ដោយ​សារ​កាល​ពី​ពេល​ថ្មីៗ​នេះ កង​ពល​ទាំង​៥ ដែល​មេ​ទ័ព​ទាំង​នេះ​ដឹក​នាំ ត្រូវ​បាន​ផ្ទេរ​ឲ្យ​ដាក់​នៅ​ក្រោម​ការ​គ្រប់​គ្រង​របស់​បញ្ជា​ការ​ដ្ឋាន​កង​ទ័ព​ជើង​គោក ដែល​ដឹក​នាំ​ដោយ​កូន​ប្រុស​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន គឺ​លោក​ឧត្តម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែត​។ លោក​ថា តាម​ច្បាប់ កាល​ណា​ផ្ទេរ​ទៅ​កាន់​កង​ទ័ព​ជើង​គោក ត្រូវ​ដាច់​ចេញ​ពី​អង្គភាព​សេនា​ធិការ​ចម្រុះ ដោយ​ស្វ័យ​ប្រវត្តិ​។

មួយ​វិញ​ទៀត រដ្ឋ​មន្ត្រី​ក្រសួង​ការពារ​ជាតិ​លោក ទៀ បាញ់ កាល​ពី​ថ្ងៃ​ទី​១៨​ខែ​កញ្ញា​កន្លង​ទៅ បាន​លើក​ឡើង​ពី​ការ​កែ​សម្រួល​ការងារ​កង​ទ័ព ដោយ​បន្ថយ​តួ​នាទី​មេ​ដឹក​នាំ​ក្នុង​ជួរ​កង​ទ័ព​ម្នាក់ ៗ ដែល​មាន​តួ​នាទី​ច្រើន​កន្លង​មក ឲ្យ​មក​នៅ​តិច​ជាង​មុន​។

ទោះ​យ៉ាង​ណា មេ​ទ័ព​កំពូលៗ​ទាំង​៥​រូប ក៏​ត្រូវ​បាន​ស្នើ​តែង​តាំង​មុខ​ងារ​ជា​មេ​បញ្ជា​ការ​រង​កង​ទ័ព​ជើង​គោក​ដែរ បន្ថែម​ពី​លើ​តួ​នាទី​ប្រធាន​កង​ពល​ដែល​មាន​ស្រាប់​។ នេះ​បើ​តាម​លិខិត​របស់​មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក ស្នើ​ទៅ​នាយ​ឧត្តម​សេនីយ៍ វង្ស ពិសេន អគ្គ​មេ​បញ្ជា​ការ​នៃ​កង​យោធពល​ខេមរៈ​ភូមិន្ទ កាល​ពី​ថ្ងៃ​ទី​១៧​ខែ​កញ្ញា​ឆ្នាំ​២០១៨​។ ក៏​ប៉ុន្តែ បើ​តាម​អ្នក​នាំ​ពាក្យ​ក្រសួង​ការពារ​ជាតិ ការ​ផ្តល់​តួ​នាទី​បន្ថែម​ដល់ មេ​ទ័ព​កំពូលៗ គឺ​គ្រាន់​តែ​ជា​ការ​លើក​ទឹក​ចិត្ត​ប៉ុណ្ណោះ តែ​អ្វី​ដែល​សំខាន់​នោះ គឺ​តួ​នាទី​ស្នូល​របស់​នាយ​ទាហាន​មួយ​រូបៗ​។

សូម​បញ្ជាក់​ថា ចាប់​តាំង​ពី​មាន​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ​នីតិ​កាល​ទី​៦ កាល​ពី​ថ្ងៃ​ទី​២៩​កក្កដា រួច​មក នៅ​ក្នុង​ស្ថាប័ន​កង​ទ័ព ត្រូវ​គេ​កត់​សម្គាល់​ថា​មាន​ការ​កែ​សម្រួល​ជា​បន្ត​បន្ទាប់ ក្នុង​នោះ​មេ​ទ័ព​ជំនាន់​ចាស់​មួយ​ចំនួន​បាន​ចេញ​ទៅ​ធ្វើ​តំណាង​រាស្ត្រ និង​ទៅ​បំពេញ​តួ​នាទី​នៅ​ក្នុង​រដ្ឋា​ភិបាល​ស៊ី​វិល​។ អគ្គ​មេ​បញ្ជា​ការ​កង​ទ័ព បញ្ជា​ការ​ដ្ឋាន​កង​ទ័ព​ជើង​គោក សេនា​ធិការ​កង​ទ័ព ក៏​ត្រូវ​មាន​ការ​កែ​សម្រួល​ថ្នាក់​ដឹក​នាំ​ផង​ដែរ ដែល​នេះ​ត្រូវ​បាន​ក្រសួង​ការពារ​ជាតិ​ពិពណ៌នា​ថា ដើម្បី​ធ្វើ​ឲ្យ​កង​ទ័ព​កម្ពុជា​មាន​ភាព​ទាន់​សម័យ និង​ទំនើប​កម្ម ដូច​ប្រទេស​ដទៃ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ