តើការប្តឹងអ្នកវិភាគនៅពេលនេះ នឹងជះឥទ្ធិលបែបណាដល់អ្នកវិភាគជំនាន់ក្រោយ?
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ១០:៣៣
កាលពីខែឧសភាឆ្នាំ២០១៦ កន្លងទៅ លោកអ៊ូ វីរៈ ប្រធានវេទិកាអនាគត និងជាអ្នកវិភាគស្ថានការនយោបាយកម្ពុជា ត្រូវបានគណបក្សប្រជាជនប្តឹងទាក់ទងទៅនឹងការបញ្ចេញមតិរបស់ខ្លួន ។ រំលងបានប្រមាណពីរខែ លោកកែម ឡី អ្នកវិភាគបញ្ហាសង្គម និងនយោបាយដ៏ល្បីល្បាញក៏ត្រូវបានគេបាញ់សម្លាប់ទៅទៀត។ ចំណែកនៅដើមឆ្នាំនេះ លោកមាស នី ដែលជាអ្នកសិក្សាស្រាវជ្រាវ ដើម្បីការអភិវឌ្ឍសង្គម ត្រូវបានលោកនាយករដ្ឋមន្ត្រីហ៊ុន សែន វាយប្រហារលើការអត្ថាធិប្បាយរបស់គាត់។ ជាងនេះទៅទៀត គឺលោកគឹម សុខ អ្នកឃ្លាំមើលបញ្ហាសង្គម និងនយោបាយដែលទើបតែចេញមុខវិភាគ ក៏ត្រូវលោកហ៊ុន សែន ប្តឹងពីរបទល្មើសពាក់ព័ន្ធនឹងការលើកឡើងរបស់គាត់នៅតាមប្រព័ន្ធផ្សព្វផ្សាយផងដែរ។ ទិដ្ឋភាពទាំងនេះ ចង់ឫមិនចង់ វាច្បាស់ណាស់ថានឹងប៉ះពាល់ដល់អ្នកវិភាគ និងអ្នកចង់ក្លាយខ្លួនជាអ្នកវិភាគ។ សម្រាប់មន្ត្រីអង្គការសិទ្ធិមនុស្សវិញ អ្វីៗដែលបាន និងកំពុងកើតឡើងនេះ នឹងអាចធ្វើឲ្យខ្វះអ្នកវិភាគទៅថ្ងៃអនាគត ព្រោះគ្មានអ្នកណាហ៊ាននិយាយ ហ៊ានវិភាគទៀតទេ។