អានតួអត្ថបទ
កម្ពុជា-សង្គម

​តម្លៃ​ជ្រូក​ហក់​ឡើង​ថ្លៃ ខណៈ​មាន​ការ​រឹត​បន្តឹង​ការ​នាំ​ចូល​ពី​ប្រទេស​ជិត​ខាង​

តម្លៃ​ជ្រូក​រស់​នា​ដើម​សប្តាហ៍​នេះ បាន​ហក់​ឡើង​បន្ថែម​ទៀត ក្រោយ​ពី​វិធាន​ការ​រឹត​បន្តឹង​ការ​នាំ​ចូល​ជ្រូក​ពី​ប្រទេស​វៀតណាម ដើម្បី​ទប់​ស្កាត់​ជំងឺ​ឆ្លង។ ប៉ុន្តែ​សមាគម​អ្នក​ចិញ្ចឹម​សត្វ​កម្ពុជា នៅ​តែ​បង្ហាញ​ការ​ព្រួយ​បារម្ភ​ខ្លាច​តម្លៃ​ជ្រូក​រស់​ធ្លាក់​ចុះ​វិញ បើ​ជំងឺ​ប៉េស្ត​ជ្រូក​អាហ្រ្វិក​កើត​ឡើង​ក្នុង​ប្រទេស​កម្ពុជា​។​ 

សត្វជ្រូក​នៅក្នុង​កសិដ្ឋាន​មួយ​របស់​ប្រជា​ជន​កម្ពុជា​
សត្វជ្រូក​នៅក្នុង​កសិដ្ឋាន​មួយ​របស់​ប្រជា​ជន​កម្ពុជា​ @RFI/Siv Channa
ផ្សាយពាណិជ្ជកម្ម

តារាង​តម្លៃ​ជ្រូក​រស់ កាល​ពី​ថ្ងៃ​ទី១ ខែ​មេសា បង្ហាញ​ថា​តម្លៃ​ជ្រូក​រស់​របស់​ក្រុម​ហ៊ុន​នៅ​ក្នុង​ខេត្ត​កំពង់​ចាម ​មាន​តម្លៃ​១១ ៧០០រៀល​ក្នុង​មួយ​គីឡូ​ក្រាម ដែល​ជា​តម្លៃ​ខ្ពស់​ជាង​បណ្តា​ខេត្ត និង​ក្រុង ផ្សេង​ទៀត​នៅ​ក្នុង​ប្រទេស​កម្ពុជា​។ ចំណែកឯ​តម្លៃ​ជ្រូក​រស់​របស់​ក្រុម​ហ៊ុន នៅ​ក្នុង​រាជធានី​ភ្នំពេញ​វិញ​មាន​តម្លៃ​១១ ២០០រៀល​ក្នុង​មួយ​គីឡូក្រាម។

បើ​ប្រៀបធៀប​នឹង​តម្លៃ​ជ្រូក​រស់​របស់​ក្រុមហ៊ុន កាល​ពី​ពាក់​កណ្តាល​ខែ​មីនា តម្លៃ​ជ្រូក​ក្នុង​ខេត្ត​កំពង់ចាម​បាន​ហក់​ឡើង​ថ្លៃពី​១១​ ៣០០រៀល មក១១ ៧០០​រៀល​ក្នុង​មួយ​គីឡូ​ក្រាម ហើយ​នៅ​រាជធានី​ភ្នំពេញ​តម្លៃ​ជ្រូក​រស់​របស់​ក្រុម​ហ៊ុន បាន​ហក់​ឡើង​ថ្លៃពី​១០ ០០០​រៀល មក​១១ ២០០រៀល​ក្នុង​មួយ​គីឡូ​ក្រាម។ តាម​រយៈ​តារាង​តម្លៃ​ដដែល មាន​តែ​ខេត្ត​កំពត និង​ខេត្ត​សៀមរាប​ប៉ុណ្ណោះ ដែល​មាន​តម្លៃ​ជ្រូក​ទាប​ជាង​គេ គឺ​មាន​តម្លៃ​១០ ២០០រៀល​ក្នុង​មួយ​គីឡូ​ក្រាម​។

តម្លៃ​ជ្រូក​រស់​របស់​ក្រុម​ហ៊ុន​នាពេល​នេះ បាន​ឡើង​ថ្លៃ​ខ្ពស់ បើ​ប្រៀបធៀប​ទៅ​នឹង​តម្លៃ​ជ្រូក​រស់​របស់​ក្រុមហ៊ុន ក្នុង​ខែមេសា ឆ្នាំ​២០១៨​កន្លង​ទៅ។ តម្លៃ​ជ្រូក​រស់​របស់​ក្រុមហ៊ុន នៅ​ទូទាំង​ប្រទេស​កម្ពុជា កាល​ពី​ខែ​មេសា ឆ្នាំ​២០១៨ មាន​តម្លៃ​ចន្លោះ​ពី​៧ ០០០​រៀល ទៅ​៨ ០០០រៀល ប៉ុណ្ណោះ ក្នុង​មួយ​គីឡូក្រាម​។

លោក ស្រ៊ុន ពៅ ប្រធាន​សមាគម​អ្នក​ចិញ្ចឹម​សត្វ​កម្ពុជា បាន​ថ្លែង​ប្រាប់​វិទ្យុ​បារាំង​អន្តរ​ជាតិ​ថា ការ​ឡើង​ថ្លៃ​ជ្រូក​រស់​នា​ពេល​នេះ ដោយ​សារ​តែ​ប្រទេស​ឆ្លង​ជំងឺ​ប៉េស្តជ្រូក​អាហ្រ្វិក ដូច​ជា​ប្រទេស​ចិន និង​វៀតណាម​ជា​ដើម បាន​យក​ជ្រូក​ពី​ប្រទេស​ថៃ​មក​ផ្គត់ផ្គង់ ដូច្នេះ​ទើប​ធ្វើ​ឲ្យ​ជ្រូក​របស់​ប្រទេស​ថៃ ដែល​នាំ​ចូល​មក​ប្រទេស​កម្ពុជា​ក៏​ត្រូវ​ឡើង​ថ្លៃ​ដែរ​។

ខណៈ​តម្លៃ​ជ្រូក​រស់​កំពុង​ឡើង​ថ្លៃ​បែប​នេះ លោក ស្រ៊ុន ពៅ បាន​បញ្ជាក់​ថា​នេះ​ក៏​ជា​ឳកាស​ល្អ ហើយ​ក៏​ជា​ពេល​វេលា​មួយ​ដ៏​ភិតភ័យ​ដែរ។​ លោក​បន្ថែម​ថា បើ​ជំងឺ​ប៉េស្ត​ជ្រូក​អាហ្វ្រិក​ឆ្លង​ចូល​ក្នុង​ប្រទេស​កម្ពុជា នោះ​អ្នក​ចិញ្ចឹម​សត្វ​ជ្រូក​នៅ​កម្ពុជា​នឹង​រលាយ​។ លោក​លើក​ឡើង​ជា​ឧទាហរណ៍​ថា បច្ចុប្បន្ន​នេះ ជ្រូក​នៅ​វៀតណាម​គឺ​មាន​តម្លៃ​ប្រហែល ៦ ០០០រៀល ប៉ុន្តែ​មិន​មាន​អ្នក​ទិញ​ទេ ដោយ​សារ​តែ​ជំងឺ​ប៉េស្ត​បាន​ឆ្លង​ចូល​ក្នុង​ប្រទេស​នេះ​។

វិទ្យុ​បារាំង​អន្តរជាតិ​មិន​អាច​សុំការ​បញ្ជាក់​ពី​ក្រសួង​កសិកម្ម​បាន​ទេ ប៉ុន្តែ​លោក តាន់​ ផាន់ណារ៉ា​ ប្រតិភូ​រាជរដ្ឋាភិបាល​កម្ពុជា​ទទួល​បន្ទុក​ជា​អគ្គនាយក​នៃ​អគ្គនាយក​ដ្ឋាន​សុខភាព​សត្វ​ និង​ផលិត​កម្មសត្វ​ ធ្លាប់​បាន​បញ្ជាក់​ប្រាប់​វិទ្យុ​បារាំង កាល​ពីថ្ងៃ​ទី៣១ ខែ​មីនា​ថា កម្ពុជា​មិន​ទាន់​មាន​ករណី​ជំងឺ​ប៉េស្ត​ជ្រូក​អាហ្វ្រិក​នៅ​ឡើយ​ទេ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ