ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 20/02 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 20/02 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 20/02 12h00 GMT
កម្ពុជា

​លោក ហ៊ុន សែន ​ព្រមាន​ថា ​ការ​ដាក់​ទណ្ឌ​កម្ម​ណា​មួយ​លើ​កម្ពុជា​ស្មើ​នឹង​សម្លាប់​បក្ស​ប្រឆាំង​

media  
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងជំនួបជាមួយអ្នកកាសែតកាលពីឆ្នាំទៅ @FB

នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ លោក​នាយករដ្ឋ​មន្រ្តី​ហ៊ុន សែន បាន​បើក​សម្ពោធ​ការ​ដ្ឋាន​សាងសង់​ផ្លូវ​ក្រវាត់​ក្រុង​ទី៣​ប្រវែង​ជិត​៥៣​គីឡូម៉ែត្រ​ឆ្លង​កាត់​រាជធានី​ភ្នំពេញ និង​ខេត្ត​កណ្តាល​។ ពី​វេទិកា​សម្ពោធ​នេះ លោក​ប្រមុខ​រដ្ឋាភិបាល​ខ្មែរ បាន​ប្រកាស​ប្រាប់​ជា​សាធារណៈ​ទៅ​កាន់​ប្រទេស​ប្រជាធិបតេយ្យ​មួយ​ចំនួន​ថា បើ​សិន​ជា​ហ៊ាន​ដាក់​ទណ្ឌកម្ម​លើ​កម្ពុជា គឺ​ស្មើ​នឹង​សម្លាប់​ក្រុម​គណបក្ស​ប្រឆាំង​ហើយ​។ 

នៅ​ចំពោះ​មុខ​អគ្គរដ្ឋទូត​ចិន​ប្រចាំ​នៅ​កម្ពុជា និង​ប្រជាពលរដ្ឋ​កម្ពុជា​ជា​ច្រើន​រយ​នាក់ លោក​នាយក​រដ្ឋ​មន្រ្តី​ហ៊ុន សែន បាន​អះ​អាង​ថា លោក​មិនចង់​ឮ​ពី​ការ​ព្រមាន​ដាក់​ទណ្ឌកម្ម​ណាមួ​យមក​លើ​កម្ពុជា​ទៀត​នោះ​ទេ​។ ​ដូច្នេះ​ហើយ​លោក​ព្រលយ​ថា ចង់​ដាក់​អ្វី​ក៏​ដាក់​ចុះ​។ ក៏​ប៉ុន្តែ​លោក​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​ព្រមាន​ថា ប្រសិន​មាន​ការ​ដាក់​ទណ្ឌកម្ម​ណា​មួយ​មក​លើ​កម្ពុជា គឺ​មាន​តម្លៃ​ស្មើ​នឹង​សម្លាប់​ក្រុម​បក្ស​ប្រឆាំង​កម្ពុជា​ហើយ​។

សម្រាប់​លោក​នាយក​រដ្ឋមន្រ្តី បើ​ទោះ​បី​អត់​គណបក្ស​ប្រឆាំង​ក៏​ដោយ ក៏​កម្ពុជា​នៅ​តែ​មាន​ពហុ​បក្ស​ដដែល​។ជាក់​ស្ដែង​កាល​ពី​ពេល​បោះ​ឆ្នោត​ជាតិ​កន្លង​ទៅ គឺ​មាន​ដល់​ទៅ​២០​គណបក្ស​ឯណោះ​ដែល​បាន​ចូល​រួម​បោះ​ឆ្នោត​។ តាម​លោក​នាយក​រដ្ឋ​មន្រ្តី នៅ​ពេល​នេះ​លោក​កំពុង​រង់​ចាំ​មើល​ប្រទេស​ប្រជា​ធិបតេយ្យ​មួយ​ចំនួន បើ​សិន​ដាក់​ទណ្ឌកម្ម​លើ​កម្ពុជា​មែន នោះ​លោក​ក៏​នឹង​មិន​លើក​លែង​ដល់​ក្រុម​បក្ស​ប្រឆាំង ដែល​លោក​ចាត់​ទុក​ថា ជា​បរិវារ​របស់​ប្រទេស​ទាំង​នោះ​។

ការ​ព្រមាន​ខ្លាំងៗ​ពី​សំណាក់​នាយក​រដ្ឋមន្រ្តី​កម្ពុជា​នា​ពេល​នេះ ធ្វើ​ឡើង​ស្រប​ពេល​ដែល​សហភាព​អឺរ៉ុប ក៏​ដូច​ជា​សហ​រដ្ឋ​អាមេរិក​បាន​ព្រមាន​ពី​ការ​ដាក់​ទណ្ឌ​កម្ម​ពាណិជ្ជ​កម្ម​មក​លើ​កម្ពុជា​ក្រោម​ហេតុ​ផល​ចោទ​ថា រដ្ឋា​ភិបាល​ខ្មែរ​បាន​រំលោភ​បំពាន​សិទ្ធិ​មនុស្ស និង​លទ្ធិ​ប្រជាធិបតេយ្យ​។ ប៉ុន្តែ​លោក​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន ម្តង​ជា​ពីរ​ដង បាន​ផ្តាំ​ទៅ​កាន់​ប្រទេស​ទាំង​នោះ​វិញ​ថា កុំ​ធ្វើ​ឲ្យ​មាន​កំហុស​ជា​លើក​ទី​បី​លើ​ប្រទេស​កម្ពុជា និង​ប្រជាពល​រដ្ឋ​កម្ពុជា​។ កំហុស​ទី​បី​នេះ គឺ​លោក​នាយក​រដ្ឋ​មន្រ្តី​ចង់​សំដៅ​លើ​ការ​ដាក់​ទណ្ឌកម្ម​នេះ​ឯង ដែល​វា​ប៉ះពាល់​ខ្លាំង​ដល់​ប្រជាពល​រដ្ឋ​កម្ពុជា​។

ប៉ុន្តែ​មន្រ្តី​អតីត​គណបក្ស​សង្រ្គោះ​ជាតិ និង​អ្នក​ឯកទេស​ខាង​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​យល់​ថា ការ​ព្រមាន​ដាក់​ទណ្ឌកម្ម​មក​លើ​កម្ពុជា​នេះ គឺ​ប្រទេស​ប្រកាន់​ប្រជាធិបតេយ្យ​ទាំង​នោះ​ចង់​ឲ្យ​កម្ពុជា​ល្អ​។ ល្អ ដោយ​ឲ្យ​វិល​មក​គោរព​សិទ្ធិ​មនុស្ស និង​ស្តារ​លទិ្ធ​ប្រជាធិបតេយ្យ​ឡើង​វិញ​។ ប៉ុន្តែ​រដ្ឋា​ភិបាល​ខ្មែរ​បាន​អះ​អាង​ថា កម្ពុជា​គ្មាន​បាន​បំពាន​សិទ្ធិ​មនុស្ស និង​លទ្ធិ​ប្រជាធិបតេយ្យ​អ្វី​ទេ ពោល​គឺ​កម្ពុជា​ធ្វើ​អ្វី​ទៅ​តាម​ច្បាប់​របស់​ខ្លួន​ក្នុង​នាម​ជា​នីតិរដ្ឋ​មួយ​តែ​ប៉ុណ្ណោះ​។ សម្រាប់​លោក​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន កម្ពុជា​មិន​ចង់​ធ្វើ​សត្រូវ​ជាមួយ​ប្រទេស​ណា​មួយ​ទេ គឺ​ចង់​ធ្វើ​មិត្តភក្តិ​ទាំង​អស់ តែ​ការ​ចូល​ជ្រៀត​ជ្រែក​បញ្ហា​ផ្ទៃ​ក្នុង និង​រំលោភ​អធិបតេយ្យ​ភាព​កម្ពុជា គឺ​ជា​រឿង​ដែល​មិន​អាច​ទទួល​បាន​ឡើយ​៕

 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ