ក្រសួងបរិស្ថានបញ្ជាក់ថា បទល្មើសព្រៃឈើទ្រង់ទ្រាយធំលែងកើតមានទៀតហើយនៅកម្ពុជា
នៅល្ងាចនេះ ក្រសួងបរិស្ថានបានចេញសេចក្តីប្រកាសព័ត៌មានមួយអំពីអត្រានៃការបាត់បង់គម្របព្រៃឈើនៅកម្ពុជាធ្លាក់ចុះ។ ក្រសួងបរិស្ថានបានបានបញ្ជាក់ថា បទល្មើសព្រៃឈើទ្រង់ទ្រាយធំលែងកើតមានទៀតហើយនៅក្នុងប្រទេសកម្ពុជា ហើយអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធនានាកំពុងបន្តទប់ស្កាត់ និងលុបបំបាត់បទល្មើសព្រៃឈើទាំងទ្រង់ទ្រាយមធ្យម និងតូច និងពង្រឹងកិច្ចការពារ និងគ្រប់គ្រងធនធានធម្មជាតិឲ្យបានកាន់តែមានប្រសិទ្ធភាពថែមទៀត។
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០២:០៩
ការគូសបញ្ជាក់របស់ក្រសួងបរិស្ថាននាពេលនេះ គឺជាការឆ្លើយតបទៅនឹងការផ្សព្វផ្សាយរបស់អង្គការក្រៅរដ្ឋាភិបាលជាតិ និងអន្តរជាតិព្រមទាំងប្រព័ន្ធផ្សព្វផ្សាយមួយចំនួននៅប៉ុន្មានថ្ងៃនេះ ដែលក្រសួងបរិស្ថានបានចោទថា បាន និងកំពុងតែបំភ្លៃ បំផ្លើស និងបំភ័ន្តមតិសាធារណៈអំពីស្ថានភាពធនធានធម្មជាតិនៅក្នុងប្រទេសកម្ពុជា។ ក្រសួងបរិស្ថាន ចោទអង្គការជាតិ និងអន្តរជាតិទាំងនេះ ថាបានបំប៉ោងទិន្នន័យនៃបទលើ្មសព្រៃឈើ និងការនាំចេញឈើទៅក្រៅប្រទេសដែលមានចេតនាមួលបង្កាច់រដ្ឋាភិបាលនិងទាត់ចោលកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលកម្ពុជាលើការការពារ និងអភិរក្សធនធានធម្មជាតិ។ ជាមួយគ្នានេះ ក្រសួងបរិស្ថានក៏បានសម្តែងការសោកស្តាយ ហើយបានគូសបញ្ជាក់ថា បទល្មើសព្រៃឈើទ្រង់ទ្រាយធំលែងមានកើតឡើងទៀតហើយនៅក្នុងប្រទេសកម្ពុជា។
សូមបញ្ជាក់ថា ទិន្នន័យបម្រែបម្រួលគម្របព្រៃឈើនៃប្រព័ន្ធតំបន់ការពារធម្មជាតិឆ្នាំ២០១០-២០១៤ របស់អគ្គនាយកដ្ឋានរដ្ឋបាលការពារ និងអភិរក្សធម្មជាតិនៃក្រសួងបរិស្ថានបានបង្ហាញថា មានអត្រាបាត់បង់ជាមធ្យមប្រចាំឆ្នាំប្រមាណ០,៦២ភាគរយ និងក្នុងរយៈពេលពីឆ្នាំចុងក្រោយនេះ គឺក្នុងឆ្នាំ២០១៤-២០១៦ អត្រានៃការបាត់បង់គម្របព្រៃឈើប្រចាំឆ្នាំបានធ្លាក់ចុះមកត្រឹម០,៣ភាគរយប៉ុណ្ណោះ។ បើយោងតាមលទ្ធផលបឋមនៃការវាយតម្លៃគម្របព្រៃឈើកម្ពុជាឆ្នាំ២០១៦ គឺផ្ទៃដីគម្របព្រៃឈើសរុបនៅកម្ពុជាមានចំនួនប្រមាណ៤៥,២៦ភាគរយបើធៀបនឹងផ្ទៃដីប្រទេស។
ក្រសួងបរិស្ថានបានបញ្ជាក់ថា អត្រាបាត់បង់គម្របព្រៃឈើនៅកម្ពុជាក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ មានការធ្លាក់ចុះដោយចន្លោះពីឆ្នាំ២០១៤ដល់ឆ្នាំ២០១៦ អត្រានៃការបាត់បង់មានចំនួន០,៨២ភាគរយ ខណៈចន្លោះឆ្នាំ២០១០-២០១៤ អត្រាបាត់បង់គម្របព្រៃឈើមានប្រមាណ២,៧ភាគរយក្នុងមួយឆ្នាំ។ បើតាមក្រសួងបរិស្ថាន អត្រាថយចុះនៃការបាត់បង់គម្រងព្រៃឈើនេះ គឺដោយសារតែប្រសិទ្ធភាពនៃការអនុវត្តកំណែទម្រង់លើការការពារ និងគ្រប់គ្រងធនធានធម្មជាតិរបស់រដ្ឋាភិបាលកម្ពុជា ការដាំព្រៃឈើឡើងវិញនៅតំបន់រេចរឹលមួយចំនួន ក៏ដូចជាការចូលរួមពីសហគមន៍មូលដ្ឋាន និងអាជ្ញាធរក្នុងការទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ