អានតួអត្ថបទ
កម្ពុជា

អំពើ​ចោរកម្ម​ដ៏​សាហាវ​កំពុង​គំរាម​សុវត្ថិភាព​ពលរដ្ឋ​ខ្មែរ

រយៈពេល​ប៉ុន្មាន​សប្តាហ៍​ចុង​ក្រោយ​នៃ​ខែ​ធ្នូ​នេះ អំពើ​ប្លន់​សម្លាប់ បាន​កើត​មាន​ឡើង យ៉ាង​កក្រើក ទាំង​នៅ​រាជធានី និង​នៅ​តាម​បណ្តា​ខេត្ត។ អំពើ​ចោរកម្ម​ដែល​គេ​គិត​ថា​មាន​ខ្សែ​បណ្តាញ​នេះ​ បាន​គំរាម​ដល់​សុវត្ថិភាព​ពលរដ្ឋ​និង​បាន​ធ្វើ​អោយ​លោក នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន បញ្ជា​អោយ​ស្ថាប័ន​ពាក់​ព័ន្ធ និង​អាជ្ញាធរ​គ្រប់​មូលដ្ឋាន បង្កើន​ប្រតិបត្តិការ​បង្រ្កាប និង​វែក​មុខ​ជន​ពាក់ព័ន្ធ។ ក្រសួង​មហាផ្ទៃ​ និង​ក្រសួង​យុត្តិធម៌ កំពុង​ដុត​ដៃ​ដុត​ជើង ដើម្បី​រក្សា​សុខ​សុវត្ថិភាព​ជូន​ពលរដ្ឋ​ឡើង​វិញ។

@HEAM Chetra
ផ្សាយពាណិជ្ជកម្ម

នៅ​ខេត្ត​កំពត ​នៅ​វេលា​ម៉ោង​២ រំលង​អាធ្រាត្រ ចូល​ថ្ងៃ​ទី​៩ ខែ​ធ្នូ ជន​ប្រដាប់​អាវុធ​២​នាក់​ ជាមួយ​នឹង​កាំភ្លើង​ខ្លី​២​ដើម បាន​ចូល​ទៅ​ធ្វើ​សកម្មភាព​ភ្ជង់ និង​ចាប់​ចង​ស្រ្តី​ជា​ម្ចាស់​ផ្ទះ​ រួច​ហើយ​ប្លន់​យក​គ្រឿង​អល្លង្កា និង​លុយ​មួយ​ចំនួន មុន​ពេល​ពួក​វា បាន​រត់​គេច​ខ្លួន​បាត់។

នៅ​ខេត្ត​បាត់​ដំបង  ​នៅ​វេលា​ម៉ោង​០៧៖៣០ នាទី​យប់ ថ្ងៃ​ទី​៩ ខែ​ធ្នូ ក្រុម​ចោរ​ប្រដាប់​អាវុធ​៣​ បាន​ចូល​ប្លន់​ផ្ទះ​ថៅកែ​ម៉ាស៊ីន​កិន​ស្រូវ​ប្រមូល​យក​មាស ប្លាទីន និង​លុយ​ប្រមាណ​ជាង​១​ម៉ឺន​ដុល្លារ ​ហើយ​គេច​ខ្លួន​បាត់។

នៅ​ភ្នំពេញ ក្នុង​ខណ្ឌ​ទួល​គោក ឯណេះ​វិញ នៅ​ព្រឹក​ថ្ងៃ​ទី ១១ ធ្នូ យុវជន​ម្នាក់ ត្រូវ​បាន​ជន​សង្ស័យ​៤នាក់ ជិះ​ម៉ូតូ​២​គ្រឿង បាញ់​សម្លាប់ ប្លន់​យក​ម៉ូតួ​មួយ​គ្រឿង ហើយ​ជិះ​ចេញ​ទៅ​ដោយ​ សុវត្ថិភាព។ នៅ​ថ្ងៃ​ដដែល​នេះ​ដែរ ​កម្លាំង​អាវុធ​ហត្ថ​ បាន​បើក​ប្រតិបត្តិការ ​បង្រ្កាប​ក្រុម​ចោរ ​ប្លន់នេះ ចាប់បា​ន​៤​នាក់ ​និង​បាញ់​សម្លាប់២នាក់ ដោយសារ​ត​ដៃ​នឹ​ង​សមត្ថកិច្ច។​ ​បន្ទាប់​​មក ​នៅ​​យប់​​ថ្ងៃ​​​ទី​​ ១២ ធ្នូ អំពើ​ចោរកម្ម ប្លន់​សម្លាប់ ៣ករណី បាន​កើត​មាន​ឡើង​ផ្ទួន​ៗ​គ្នា​ទៅ​ក្នុង​ខេត្ត​ចំនួន​៣​គឺ បាត់​ដំបង ពោធិ៍សាត់ និង​កណ្តាល។ ​

រំលង​១​ថ្ងៃ គឺ​នៅ​ថ្ងៃ​ទី​ ១៤ ខែ​ធ្នូ លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន បាន​បញ្ជា​អោយ កម្លាំង​មាន​សមត្ថកិច្ច ទាំង​អស់ ​បើក​ប្រតិបត្តិការ​ដើម្បី​ទប់​ស្កាត់ និង​បង្រ្កាប​ចំពោះ​អំពើប្លន់​ប្រដាប់​អាវុធ​ និង​ក្រុម​ជន​ឃោរ​ឃៅ។ លោក នាយក​រដ្ឋមន្ត្រីហ៊ុន សែន ក៏​បាន អំពាវនាវ​ឱ្យ ក្រសួង​យុត្តិធម៌ និង​ក្រសួង​មហា​ផ្ទៃ ពិនិត្យ​ឡើង​វិញ ចំពោះ​ការ​ស្នើ​លើក​លែង​ទោស​ដល់​ទណ្ឌិត ដែល​ពាក់​ព័ន្ធ​នឹង​អំពើ​ប្លន់ និង​គ្រឿង​ញៀន​ ផង​ដែរ។

នៅ​ថ្ងៃ​ទី ១៤ ខែធ្នូ ដដែល រដ្ឋមន្រ្តី​ក្រសួង​យុត្តិធម៌ បាន​ចេញ​លិខិត​មួយ​កោះ​ហៅ ព្រះ​រាជ​អាជ្ញា​​ទូទាំង​ប្រទេស បើក​កិច្ច​ប្រជុំ​នៅ​ថ្ងៃ​ទី​១៨ ខែ​ធ្នូ ដើម្បី​ពិភាក្សា​អំពី​ការ​លើក​លែង​ទោស និង​ពិនិត្យ​សំណុំ​រឿង លួច ឆក់ និង​ប្លន់ នៅ​ក្នុង​ប្រទេស​កម្ពុជា។

នៅ​ថ្ងៃ​បន្ទាប់ លោក ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ បាន​បញ្ជា​អោយ​ស្នង​ការ​នគរបាល​ខេត្ត​បាត់​ដំបង ពោធិ៍សាត់ និង​កណ្ដាល ត្រូវ​រក​អោយ​ឃើញ​ក្រុម​ចោរប្លន់​ប្រដាប់​​អាវុធ​ដែល​បាន​បាញ់​ប្លន់​ប្រជាពលរដ្ឋ​យក​ទ្រព្យ​សម្បត្តិ និង​បណ្តាល​អោយ​មនុស្ស​ស្លាប់​ ហើយ​ពួកគេ​អាច​ប្រឈម​នឹង​ការ​ទម្លាក់​បុណ្យ​ស័ក្តិ ប្រសិន​បើ​ពួក​គេ​មិន​អាច​ចាប់​ខ្លួន​ជន​សង្ស័យ នៅក្នុង​ករណី​ទាំង​នេះ​បាន ។

ទោះ​ជា​មាន​ការ​ដុត​ដៃ​ដុត​ជើង​ពី​ស្ថាប័ន​ពាក់ព័ន្ធ​យ៉ាង​ដូច្នេះ​ក្តី ក៏​នៅ​ព្រឹក​ថ្ងៃ​ទី​១៩ ខែ​ធ្នូ​ ឆ្នាំ​២០១៥​នេះ ក៏​អំពើ​ចោរកម្ម​ប្លន់​សម្លាប់​បាន​កើត​មាន​ឡើង​ផ្សារ​តា​ឡាត់ ស្រុក​ភ្នំ​ស្រួច ខេត្ត​កំពង់​ស្ពឺ ហើយ​ស្មៀន​ម្នាក់​ត្រូវ​ក្រុម​ចោរ​បាញ់​សំលាប់។  

ដោយ​ឡែក នៅ​យប់​ថ្ងៃ​ទី ១៩​ ដដែល​នេះ អំពើ​ប្លន់ ក៏​បាន​កើត​មាន​ឡើង​ទៅ​លើ​ថៅកែ​លក់​ជី​កសិកម្ម​នៅ​ខេត្ត​ព្រះវិហា ឯណោះ​ផង​ដែរ។

សូម​បញ្ជាក់​ដែរ​ថា នៅ​ថ្ងៃ​ទី​២០ ខែ​ធ្នូ​ ឆ្នាំ​២០១៥​ មាន​អាជីវករ​លក់​មាស​ និង​ដូរ​លុយ​មួយ​ចំនួន​នៅ​ក្នុង​ផ្សារ​កំពង់​ប្រណាក​ ក្រុង​ព្រះវិហារ​ រួម​ទាំង​ម្ចាស់​ហាង​វេរ​លុយ​វីង​ខ្លះ​បាន​សម្រេច​បិទ​តូប ​និង​ផ្អាក​អាជីវកម្ម​ ដោយសារ​ផ្អើល ​និង​ភ័យខ្លាច​ខ្លាំង​ទៅ​នឹង​ដំណឹង​ក្រុម​ចោរ​ចូល​ប្លន់​ថៅកែ​លក់​ជី​ កសិកម្ម​កាល​ពី​យប់​ថ្ងៃ​ទី​១៩​ធ្នូ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ