ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 26/04 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 26/04 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 26/04 12h00 GMT
កម្ពុជា

សកម្មជន​ចលនា​មាតា​ធម្មជាតិ​៣​នាក់​ត្រូវ​សមត្ថកិច្ច​ឃាត់​ខ្លួន ក្រោយ​ខក​ខាន​មិន​បាន​ចូល​ទៅ​បំភ្លឺ​តាម​ការ​កោះ​ហៅ

media  
សកម្មជនពីររូប​របស់ចលនា​​មាតា​​ធម្មជាតិ​​ ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ព្រឹក​ថ្ងៃ​ទី១៧ ខែសីហា​​នេះ។​ Mother Nature

សកម្មជន​ចលនា​​មាតា​ធម្មជាតិម្នាក់​ទៀត​ត្រូវ​បាន​ឃាត់​ខ្លួន​នៅ​រសៀល​ថ្ងៃទី​១៧​សីហា​​នេះ​។ ជា​សរុប សកម្មជន​ចលនា​មាតា​ធម្មជាតិ​​ចំនួន​៣នាក់ ត្រូវ​បាន​សមត្ថកិច្ច​ឃាត់​​ខ្លួន នៅ​​ថ្ងៃ​ចន្ទ​នេះ បន្ទាប់​ពី​ពួក​គេ ខក​ខាន​មិន​បាន​ចូល​ទៅ​បំភ្លឺ​តាម​លិខិត​​កោះ​ហៅ​របស់អធិការដ្ឋាន​នគរបាល​ស្រុក​បទុមសាគរ​។ ការឃាត់ខ្លួន​ដោយ​មូលហេតុ​មិន​ច្បាស់​លាស់ ត្រូវ​បានចលនា​មាតា​ធម្មជាតិ​បរិហា​ថា ជា​ការ​គម្រាម​កំហែង​ចំពោះ​សកម្មភាព​របស់​ខ្លួន​។ 
 

សកម្មជន​ចលនា​​មាតា​ធម្មជាតិ​ទាំង​បី​រូប ដែល​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់​ខ្លួន​នៅ​ព្រឹក​ថ្ងៃ​ចន្ទ ទី​១៧​សីហា​នេះ​រួម​មាន លោក ទ្រី សុវិគា លោក ស៊ិន សំណាង និង​លោក សាន់ ម៉ាឡា​ ​នៅ​ត្រង់​ចំណុច​ភូមិ​ធ្នង់ ឃុំ​អណ្ដូង​ទឹក ស្រុក​បទុមសាគរ ខេត្ត​កោះ​កុង​។ យុវជន​ទាំងបី​​នាក់ ត្រូវ​បាន​បញ្ជូន​ទៅ​កាន់ស្នងការ​នគរបាល​ខេត្តកោះកុង ដើម្បី​ធ្វើ​ការ​សាកសួរ​​។ ​ការ​ឃាត់​ខ្លួន​ដោយ​មូលហេតុ​មិន​ច្បាស់​លាស់ ត្រូវ​បានចលនា​មាតា​ធម្មជាតិ​បរិហា​ថា ជា​ការ​គម្រាម​កំហែង​ចំពោះ​សកម្មភាព​របស់​ខ្លួន​។

គួរ​រំលឹក​ថា លោក ទ្រី សុវិគា លោក សាន់ ម៉ាឡា និង​សកម្មជន​ចលនា​មាតា​ធម្មជាតិ​ម្នាក់​ទៀត ត្រូវ​បាន​សមត្ថកិច្ច​កោះ​ហៅ​ទៅ​សាកសួរ កាល​ពី​ថ្ងៃ​សុក្រ​សប្ដាហ៍​មុន​។ ការ​កោះ​ហៅ​នោះ បើ​តាម​លិខិត​របស់​សមត្ថកិច្ច គឺ​ធ្វើ​ឡើង​ដើម្បី​សាកសួរ​តាម​ពាក្យ​បណ្ដឹង​។ ប៉ុន្តែ​ជា​ការ​កត់​សម្គាល់ យុវជន​ទាំង​៣​នាក់​មិន​បាន​ចូល​ទៅ​បំភ្លឺ​តាម​ការ​កោះ​ហៅ​របស់​សមត្ថកិច្ច​​នោះ​ទេ។ ក្រុម​យុវជន​ចាត់​ទុក​ថា ការ​កោះ​ហៅ​នោះ ជា​ការ​គម្រាម​កំហែង បន្ទាប់​ពី​ពួក​គេ​ធ្វើ​ការ​តវ៉ា​ប្រឆាំង​នឹង​ការ​បូម​ខ្សាច់​របស់​ក្រុមហ៊ុន​ឯកជន នៅ​ព្រែក​អណ្ដូង​ទឹក ស្រុក​បទុមសាគរ ខេត្ត​កោះកុង កាល​ពី​ចុង​ខែ​កក្កដា​​។
 
មូលហេតុ​នៃ​ការ​បណ្ដេញ​សាឡង់​បូម​ខ្សាច់​នេះ ត្រូវ​បាន​តំណាង​ចលនា​មាតា​ធម្មជាតិ​អះអាង​ថា ធ្វើ​ឡើង​ដោយ​សារ​តែ​សាឡង់​នោះ បូម​ខ្សាច់​ខុស​ទីតាំង​ដែល​កំណត់​ក្នុង​អាជ្ញាបណ្ណ​ បណ្ដាល​ឲ្យ​បាក់​ចាំង បាក់​ព្រៃកោងកាង និង​ធ្វើ​ឲ្យ​ទឹក​កខ្វក់ មិន​អាច​នេសាទ​បាន​។ ប៉ុន្តែ​ អ្នក​នាំ​ពាក្យ​ក្រសួងរ៉ែ​​និង​ថាមពល បញ្ជាក់​ប្រាប់វិទ្យុ​បារាំង​ថា សាឡង់​បូម​ខ្សាច់​នៅ​ស្រុក​បទុមសាគរ​នោះ បាន​ទទួល​អាជ្ញាបណ្ណ​ពី​ក្រសួង និង​បាន​ធ្វើ​ការ​បូម​ខ្សាច់​ត្រឹម​ត្រូវ​តាម​ទីតាំង​កំណត់​។
 
ទន្ទឹម​គ្នា​នេះ អ្នក​នាំ​ពាក្យ​ក្រសួង​រ៉ែ​និង​ថាម​ពល ក៏​បាន​អំពាវនាវកុំ​ឲ្យ​ភាគី​ណា​ផ្សេង ធ្វើ​សកម្មភាព​ដើរ​តួ​ជំនួស​អាជ្ញាធរ នៅ​ក្នុង​ការ​ពិនិត្យ​និង​ត្រួត​ពិនិត្យ​ការងារ​បូម​ខ្សាច់​​។ បើ​តាម​អ្នក​នាំ​ពាក្យ​ដដែល ក្រសួង​ក៏​ដូច​ជា​ក្រុមហ៊ុន នឹង​ចាត់​វិធានការ​តាម​ផ្លូវ​ច្បាប់ ​ប្រសិន​បើ​ការ​ធ្វើ​សកម្មភាព​នោះ​ប៉ះពាល់​ដល់​ការ​វិនិយោគ​របស់​ក្រុមហ៊ុន ក៏​ដូច​ជា​ការងារ​របស់​ក្រសួង​​៕
 
 

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ