អានតួអត្ថបទ
កម្ពុជា

មន្ត្រី​​បក្ស​ប្រឆាំង​៣​រូប​​ដែល​​កំពុង​​ជាប់​ពន្ធនាគារ​​សុំលា​លែង ​ដើម្បី​​ជៀសវាង​​ប៉ះពាល់​​ដល់​​បក្ស​​ព្រោះ​​ច្បាប់​​ថ្មី​

មន្ត្រីជាន់ខ្ពស់​បក្សប្រឆាំង​បី​រូប គឺ​លោក​ហុង សុខ​ហួរ លោក​អ៊ុំ សំអាន និង​មា​ជ សុវណ្ណារ៉ា​ដែល​កំពុង​ជាប់ពន្ធនាគារ​ព្រៃ​ស បាន​សុំលាលែង​ពី​សមាជិកភាព​នៃ​គណៈកម្មាធិការ​នាយករ​បស់​គណបក្ស។ នេះ​បើតាម​យោងតាម​លិខិត​លាលែង​ដាច់ដោយឡែក​ពីគ្នា​របស់គេ​កាលពី​យប់មិញ។ មូលហេតុ​សំខាន់​នៃ​ការសុំ​លាលែង​ព្រម​គ្នា​នេះ គឺ​ដើម្បី​ជៀសវាង​ប៉ះពាល់​ដល់​គណបក្ស​មុននឹង​ច្បាប់​គណបក្សនយោបាយ​ថ្មី​ចាប់ផ្តើម​អនុវត្ត។

លោកមាជ សុវណ្ណារ៉ា
លោកមាជ សុវណ្ណារ៉ា RFI/ Siv Chana
ផ្សាយពាណិជ្ជកម្ម

លោក​ហុង សុខ​ហួរ សមាជិក​ព្រឹទ្ធសភា​គណបក្ស​សម រង្ស៊ី បាន​សុំលាលែង​ពី​តំណែង​ជា​អគ្គលេខាធិការ និង​សមាជិក​គណៈកម្មាធិការ​នាយក​គណបក្ស​សម រង្ស៊ី។ រីឯ​លោក​អ៊ុំ សំអាន តំណាងរាស្ត្រ និង​លោកមា​ជ សុវណ្ណារ៉ា ប្រធាន​នាយកដ្ឋាន​ព័ត៌មាន​បាន​សុំលាលែង​ពី​សមាជិកភាព​គណៈកម្មាធិកា​រ​នាយក​គណបក្ស​សង្គ្រោះ​ជាតិ។ អ្នក​ទាំងបី​សុទ្ធតែ​លើក​ហេតុផល​ដូចគ្នា​ថា ដោយសារតែ​មូលហេតុ​ផ្ទាល់ខ្លួន។

ក៏ប៉ុន្តែ​បើតាម​គ​ណី​ហ្វេ​ស​ប៊ុ​ក​របស់​លោកមា​ជ សុវណ្ណារ៉ា ការសុំ​លាលែង​នេះ គឺ​ដើម្បី​កុំ​ឲ្យ​ប៉ះពាល់​ដល់​គណបក្សប្រឆាំង​តាម​ឧបសគ្គ​ច្បាប់​គណបក្សនយោបាយ​ថ្មី​ត្រង់​មាត្រា១៨ថ្មី ដែល​បាន​ចែងថា«ប្រធាន អនុប្រធាន និង​សមាជិក​គណៈកម្មាធិការ​នាយក​ដែល​មានទោស មិនត្រូវ​ឲ្យ​មាន​តួនាទី​នៅក្នុង​គណបក្ស»។ ក្នុងន័យនេះ បើទោះបី​មន្ត្រី​ទាំងបី​នាក់​មិន​លាលែង​ក៏​គង់តែ​ត្រួវ​អស់​តួនាទី​នៅក្នុង​គណបក្ស​ដដែល​ដូច​ដដែល​នៅពេលដែល​ច្បាប់​ស្តីពី​គណបក្សនយោបាយ​ថ្មី​ចាប់​អនុវត្ត​នោះ។ ហើយ​នេះ ក៏​ជា​អ្វីដែល​លោក​សម រង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ធ្លាប់​បានធ្វើ​ផងដែរ​កាលពី​ប៉ុន្មាន​សប្តាហ៍​កន្លងទៅនេះ។

ការសុំ​លាលែង​ពី​តួនាទី​នៅក្នុង​គណបក្ស​របស់​ម​ន្ត្រី​ទាំងបី​រូបនេះ បានកើត​ឡើង​មុន​ច្បាប់​ស្តីពី​គណបក្សនយោបាយ​ថ្មី​នឹងត្រូវ​ចូល​ជា​ធរមាន​ក្នុងពេល​ដ៏​ខ្លី​ខាងមុខនេះ ក្រោយពី​ច្បាប់​ដ៏​ចម្រូងចម្រាស​មួយ​នេះ​ត្រូវ​តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា​សម្រេច​អនុម័ត​ធ្វើ​វិសោធនកម្ម​ដោយ​គ្មាន​វត្តមាន​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​សូម្បីតែ​ម្នាក់​កាលពី​ថ្ងៃទី២០ កុម្ភៈ​កន្លងទៅ។ ច្បាប់​ថ្មី​នេះ ត្រូវបាន​គណបក្សប្រឆាំង និង​អ្នកវិភាគ​ទាំងឡាយ​មើលឃើញថា​នឹង​ក្លាយជា​ឧបករណ៍​របស់​រដ្ឋាភិបាល​ក្នុងការ​គាបសង្កត់​ទៅលើ​គណបក្ស​សង្គ្រោះ​ជាតិ បើទោះបី​គណបក្ស​ប្រជាជន​កម្ពុជា​បញ្ជាក់​ហើយ​ថា វា​នឹង​អនុវត្ត​លើ​គ្រប់​គណបក្ស​ទាំងពួង​រួមទាំង​គណបក្សកាន់អំណាច​ផង។

សូមបញ្ជាក់ថា លោក​ហុង សុខ​ហួរ ត្រូវបាន​តុលាការ​ក្រុងភ្នំពេញ​ផ្តន្ទាទោស​រយៈពេល៧ឆ្នាំ​នៅក្នុង​ពន្ធនាគារ​ក្រោម​បទចោទប្រកាន់​ចំនួន​បី គឺ​បទ​ក្លែង​ឯកសារ​សាធារណៈ ការប្រើប្រាស់​ឯកសារ​សាធារណៈ​ក្លែង​និង​ញុះញង់​បង្ក​ឲ្យ​មាន​ភាពវឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម​ពាក់ព័ន្ធ​នឹង​សន្ធិសញ្ញា​ព្រំដែន​កម្ពុជា និង​វៀតណាម។ ចំណែក​លោក​អ៊ុំ សំអាន ត្រូវ​តុលាការ​កាត់ទោស២ឆ្នាំកន្លះ និង​ពិន័យ​ជា​ប្រាក់​ចំនួន៤លាន​រៀល​ពីបទ បទ​ញុះញង់​នាំ​ឲ្យ​មានការ​រើសអើង និង​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍ ទាក់ទង​នឹង​ការផ្សព្វផ្សាយ​ឯកសារ​ផែនទី​ព្រំដែន​កម្ពុជា-វៀតណាម។ រីឯ​លោកមា​ជ សុវណ្ណារ៉ា​វិញ ត្រូវបាន​តុលាការ​ផ្តន្ទាទោស​ចំនួន២០ឆ្នាំ​ពីបទ​ដឹកនាំ​កុបកម្ម និង​ចលនា​ចូលរួម​កុបកម្ម​បង្ក​ឲ្យ​មាន​អំពើហិង្សា​នៅក្បែរ​ទៅ​លាន​ប្រជាធិបតេយ្យ​កាលពី​ខែកក្កដា ឆ្នាំ២០១៤៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ