ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 07/12 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 07/12 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 07/12 12h00 GMT
កម្ពុជា

​អ្នក​វិភាគ​ថា ជា​ការ​ត្រឹម​ត្រូវ អាជ្ញាធរ​ត្រូវ​តែ​បង្កើន​ការ​ប្រុង​ប្រយ័ត្ន ខណៈ​មាន​ការ​យល់​ផ្សេង​ទៀត​ថា​ជា​ការ​ប្រយ័ត្ន​បែប​បារម្ភ​ខ្លាំង​

media  
វិមានឯករាជ្យដ៏ស្រស់ស្អាតនៃទីក្រុងភ្នំពេញ @MoT

ក្រសួង​មហា​ផ្ទៃ កាល​ពី​ថ្ងៃ​ពុធ​ម្សិល​មិញ​បាន​ប្រាប់​ទៅ​អភិបាល​ខេត្ត រាជ​ធានី ដែល​ជា​ប្រធាន​គណៈ​បញ្ជា​ការ​ឯក​ភាព​រដ្ឋ​បាល​រាជ​ធានី ខេត្ត ជុំវិញ​ការ​បង្កើន​វិធាន​ការ​ដើម្បី​ថែ​រក្សា​សន្តិ​ភាព សណ្តាប់​ធ្នាប់ និង​សុវត្ថិភាព ក្នុង​ឱកាស​បុណ្យ​ធំៗ​ចំនួន២ នៅ​ខែ​វិច្ឆិកា​ខាង​មុខ គឺ​បុណ្យ​ឯក​រាជ្យ​ជាតិ និង​បុណ្យ​អុំទូក​។ សេចក្តី​ណែ​នាំ​របស់​ក្រសួង​មហា​ផ្ទៃ​ដូច្នេះ គឺ​ធ្វើ​ឡើង​ស្រប​ពេល​ដែល លោក សម រង្ស៊ី ប្រធាន​ស្តីទី​អតីត​គណ​បក្ស​សង្គ្រោះ​ជាតិ​ប្រកាស​វិល​ចូល កម្ពុជា នៅថ្ងៃ​ទី៩​ខែវិច្ឆិកា​ខាង​មុខ​។ 

ជុំវិញ​ការ​ប្រកាស​ដាក់​វិធាន​ការ​តឹង​តែង​ដល់​អភិ​បាល​ខេត្ត រាជធានី ត្រូវ​តែ​មាន​វត្ត​មាន​នៅ​រាជ​ធានី ខេត្ត​សាមី ជាប់​ជា​ប្រចាំ ចាប់​ពី​ដើម​ខែ​វិច្ឆិកា រហូត​ដល់​ពិធី​បុណ្យ​ជាតិ​ទាំង​ពីរ គឺ​បុណ្យ​ឯករាជ្យ​ជាតិ ៩វិច្ឆិកា និង​បុណ្យ​អុំទូក​ថ្ងៃទី១០ ១១ និង១២វិច្ឆិកា ប្រារព្ធ​ចប់​សព្វ​គ្រប់ អ្នក​តាម​ដាន​សង្គម​និង​នយោបាយ​នានា​មើល​ឃើញ​ថា វា​ជា​វិធាន​ការ​ជា​ប្រពៃណី និង​ខ្លះ​ទៀត​គិត​ថា​ជា​ចំណាត់​ការ​ពិសេស ដែល​មិន​ធ្លាប់​មាន​។

លោក​បណ្ឌិត មាស នី អ្នក​ស្រាវ​ជ្រាវ​ការ​អភិវឌ្ឍ​សង្គម បាន​កត់​សម្គាល់​ថា រដ្ឋា​ភិបាល​មាន​ការ​ព្រួយ​បារម្ភ​ធំ​ធេង ដោយ​សារ​សូចនាករ​នៃ​ចំនួន​អ្នក​គាំទ្រ​គណ​បក្ស​ប្រឆាំង មាន​ទំហំ​រាប់​លាន​នាក់ ដូច​ដែល​មាន​ការ​បង្ហាញ​កាល​ពីឆ្នាំ​២០១៧ កន្លង​ទៅ​ជា​ឧទាហរណ៍​។ តាម​លោក​បណ្ឌិត មាស នី វា​ជា​រឿង​ធម្មតា ដែល​ថា​រដ្ឋា​ភិបាល​បាន​ត្រៀម​លក្ខណៈ និង​ប្រុង​ប្រយ័ត្ន​កំរិត​ខ្ពស់ ចៀស​វាង​ការ​ភ្លាត់​ស្នៀត ដោយ​ប្រការ​ណា​មួយ​។

ផ្ទុយ​ទៅ​វិញ លោកបណ្ឌិត គិន ភា ប្រធាន​វិទ្យា​ស្ថាន​ទំនាក់​ទំនង​អន្តរ​ជាតិ និង​ជា​អ្នក​ជំនាញ​ខាង​វិទ្យា​សាស្ត្រ​នយោបាយ​នៃ​រាជ​បណ្ឌិត​សភា​កម្ពុជា យល់​ថា​ការ​ណែ​នាំ​របស់​ក្រសួង​មហា​ផ្ទៃ គឺ​ជា​ករណី​ធម្មតា គឺ​ជា​ការ​ក្រើន​រំលឹក​បន្ថែម​ដល់​សមត្ថកិច្ច ឲ្យ​រក្សា​សន្តិ​សុខ និង​សណា្តប់​ធ្នាប់​ជូន​ប្រជា​ពល​រដ្ឋ​ឲ្យ​បាន​ល្អ​។ ក៏​ប៉ុន្តែ រូប​ភាព​ដូច្នេះ ធ្វើ​ឲ្យ​មជ្ឈ​ដ្ឋាន​នានា​មើល​ឃើញ​ថា គឺ​ជា​បង្ហាញ​សាច់​ដុំ​របស់​រដ្ឋា​ភិបាល ខណៈ ពិធី​បុណ្យ​ប្រពៃ​ណី​ខាង​មុខ គាប់​ជួន​គ្នា​នឹង​ការ​ប្រកាស​វិល​ចូល​ស្រុក​របស់​លោក សម រង្ស៊ី និង​សមា​ជិក​អតីត​គណ​បក្ស​សង្គ្រោះ​ជាតិ​។ នេះ​បើ​តាម​លោក​បណ្ឌិត គិន ភា​។

ជាមួយ​គ្នា​នេះ លោក ព្រាប កុល នាយក​ប្រតិបត្តិ​អង្គ​ការ​តម្លា​ភាព​កម្ពុជា ក្នុង​នាម​អ្នក​តាម​ដាន​សង្គម​មួយ​រូប សុំ​មិន​ធ្វើ​អត្ថា​ធិប្បាយ​នយោបាយ​លើ​បញ្ហា​នេះ ក៍​ប៉ុន្តែ​លោក​អាច​និយាយ​បាន​ថា ព្រឹត្តិការណ៍​ដែល​នឹង​កើត​មាន​នៅ​ថ្ងៃ​បុណ្យ​ធំៗ​ខាង​មុខ វា​ជា​ភាព​អកុសល​មួយ ដែល​ពេល​នេះ ខ្មែរ​ទាំង​អស់​គួរ​តែ​រស់​នៅ​ក្នុង​ភាព​ស្ងប់​ស្ងៀម និង​បន្ត​ការ​អភិវឌ្ឍ ខណៈ​ប្រទេស​ជិត​ខាង​កំពុង​តែ​មាន​ការ​រីក​ចំរើន​ទៅ​មុខ​ឥត​ឈប់​ឈរ​។ លោក ព្រាប កុល ក៏​សម្តែង​ការ​សោក​ស្តាយ​ដែរ​ថា មិន​គួរ​ខ្មែរ​ពេល​នេះ​មាន​ភាព​ភ័យ​ខ្លាច​ទាំង​អស់​គ្នា​នោះ​ទេ គឺ​ការ​ភ័យ​ខ្លាច​ទាំង​អ្នក​កាន់​អំណាច ទាំង​បក្ស​ប្រឆាំង រួម​នឹង​ប្រជា​ពលរដ្ឋ​ដែល​នៅ​កណ្តាល ក៏​មាន​ការ​ភ័យ​ខ្លាច​ផង​ដែរ​៕

 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ