ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 17/11 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 16/11 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 16/11 12h00 GMT
កម្ពុជា

​សង្គម​ស៊ីវិល​៖ នៅ​មាន​ពលករ​ច្រើន​ជាង​២ម៉ឺន​នាក់ ដែល​រដ្ឋា​ភិបាល​កម្ពុជា​ត្រូវ​ជួយ​សង្គ្រោះ​បន្ត​

media  
ពលករ​ខ្មែរ​ដែល​ចំណាកស្រុក នគរបាលជាតិ

យ៉ាង​ហោច​ណាស់​ព​លករខ្មែរ​ប្រមាណ​ជា​ជិត​២​ម៉ឺន​នាក់(១៩,៨៨៦៩នាក់) ត្រូវ​បានអាជ្ញាធរ​ប្រទេស​ចំនួន​១៨​បញ្ជូន​ត្រឡប់​មក​កម្ពុជាវិញ គិត​ត្រឹម​រយៈ​ពេល៦ខែ​ក្នុង​ឆ្នាំ​២០១៨​នេះ។ ប៉ុន្តែ​សង្គម​ស៊ីវិល​ធ្វើ​ការ​ផ្នែក​សិទ្ធិ​មនុស្ស​ឲ្យ​ដឹង​ថា នៅ​មាន​ពលករ​ច្រើន​ជាង​នេះ​ទៀត ដែល​រដ្ឋា​ភិបាល​កម្ពុជា​ត្រូវ​ជួយ​សង្គ្រោះ​បន្ត​ទៀត​។ 

ការ​បញ្ជូន​ពលករ ពល​ការិនី​ខ្មែរ​ជិត​២ម៉ឺន​នាក់​មក​កម្ពុជា​វិញ​ធ្វើ​ឡើង​ក្រោយ​ការ​រក​ឃើញ​របស់​អាជ្ញាធរ​នៃ​ប្រទេស​ចំនួន​១៨ បន្ទាប់​ពី​ពួក​គេ​បាន​ចាញ់​បោក​មេ​ខ្យល់ ក្រុមហ៊ុន​មិន​ស្រប​ច្បាប់ និង​ការ​ចេញ​ទៅ​រក​ការងារ​ធ្វើ​នៅ​ក្រៅ​ប្រទេស​ដោយ​ខ្លួន​ឯង​។ ទម្រង់​គ្រោះថ្នាក់​ដែល​អាជ្ញាធរ​បរទេស​រក​ឃើញ​នោះ​រួម​មាន៖ ការ​បំពាន​ពី​និយោជក, ការ​ជួញ​ដូរ​ផ្លូវ​ភេទ, ការ​រៀប​អាពាហ៍​ពិពាហ៍​ក្លែង​ក្លាយ, ការ​កេង​ប្រវ័ញ្ច​កម្លាំង​ពលកម្ម ។​ នេះ​បើ​យោងតាម​របាយការណ៍ ៦​ខែ​របស់​គណៈកម្មាធិកា​រ​ជាតិ​ប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​។

លោក ឌី ថេហូយ៉ា មន្ត្រីកម្មវិធីសិទ្ធិការងារនៃ អង្គការ​​សម្ព័ន្ធភាព​​ការងារ​ និង​​សិទ្ធិ​​មនុ​ស្ស​​ហៅកាត់​ថា ​សង់ត្រាល់​​ឲ្យ​ដឹង​នៅ​ថ្ងៃ​ចន្ទ​នេះថា ពលករ​និង​ពលការិនី​ខ្មែរ​ច្រើន​ជាង​២ម៉ឺន​នាក់​ទៀត​ដែល​កំពុង​ត្រូវ​ការ​ជួយ​សង្គ្រោះ​ពី​រដ្ឋាភិបាល​កម្ពុជា​។ ក្នុង​នោះ​គឺ​សំដៅ​ដល់​ការ​ជួយ​សង្គ្រោះ​ស្ត្រី​ខ្មែរ​ដែល​បាន​ចាញ់​បោក​មេ​ខ្យល់​រត់​ពន្ធ​ទៅ​រៀប​ការ​ជាមួយ​បុរស​ជន​ជាតិ​ចិន រួម​នឹង​ពលករ​និង​ពលការិនី​ដែល​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ម៉ាឡេស៊ី​ជា​ដើម​។

បើ​តាម​មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ មុន​មាន​ការ​ជួយ​សង្គ្រោះ​ភាគ​ច្រើន​ពលករ ពលការិនី​ខ្មែរ​បាន​រត់​ចេញ​ពី​កន្លែង​គ្រោះ​ថ្នាក់​ដោយ​ខ្លួន​ឯង​រួច​ទៅ​ហើយ​។ នេះ​ក៏​ដោយសារ​តែ​ការ​ដាក់​ឲ្យ​ដំណើការ​ប្រព័ន្ធ​ជួយ​សង្គ្រោះ ឬ​យន្តការ​នៃ​ការ​ជួយ​សង្គ្រោះ​មិន​សូវ​មាន​ប្រសិទ្ធភាព​តាម​រយៈ​ការ​គ្រប់​គ្រង​ទិន្នន័យ​មិន​មាន​ភាព​ច្បាស់​លាស់​។ មិន​ច្បាស់​លាស់​គឺ​ការ​ជួយ​ដូរ​ស្ត្រី​ខ្មែរ​ទៅ​ប្រទេស​ចិន​ឬ​ប្រទេស​ដទៃ​គឺ​មិន​បាន​ដឹង​ថា ពួក​គេ​ទៅ​កន្លែង​ណា​ឡើយ​។ ប៉ុន្តែ​កន្លង​មក មន្ត្រី​រដ្ឋា​ភិបាល​បាន​ថ្លែង​ថា ខ្លួន​បាន​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​ចំពោះ​សុវត្ថិភាព​ពលករ បំរើ​ការ​នៅ​ក្រៅ​ប្រទេស​តាម​រយៈ​អន្តរាគមន៍​ពី​មន្ត្រី​ទូត​ឬ​កុង​ស៊ុល​នៅ​តាម​ប្រទេស​ដែល​កម្ពុជា​បញ្ជូន​ពលករ​ទៅ​។

សូមបញ្ជាក់ថា ក្នុង​ឆ្នាំ​២០១៧ ពលករ​-​ពល​ការិនី​ខ្មែរ​ចំនួន ៩៨៦​នាក់ ត្រូវបាន​ក្រសួងការបរទេស ជួយសង្គ្រោះ និង​រៀបចំ​បញ្ជូនមក​កម្ពុជា​វិញ​។ បើ​តាម​រដ្ឋាភិបាល នៅ​មាន​ពលករ និង​ពលការិនី​ខ្មែរ​ប្រមាណ​១លាន​៨សែន​នាក់​កំពុង​បំរើ​ការងារ​នៅ​ក្រៅ​ប្រទេស​ ខណៈ​របាយការណ៍​របស់​អង្គការ​សម្ព័ន្ធភាព​​ការងារ​ និង​​សិទ្ធិ​​មនុ​ស្ស​​ហៅកាត់​ថា ​សង់​ត្រាល់​ថា មាន​ជាង​២លាន​នាក់​៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ