អានតួអត្ថបទ
កម្ពុជា-សង្គម

​ការ​សិក្សា​ថ្មី៖ កម្ពុជា​ខាត​បង់​ប្រាក់​ជាង​៦០០​លាន​ដុល្លារ​និង​ស្លាប់​មនុស្ស​ជាង​១៥០០០​នាក់​នៅ​ក្នុង​មួយ​ឆ្នាំ​ដោយ​សារ​តែ​ថ្នាំ​ជក់​

ការ​សិក្សា​ថ្មី​មួយ​ដោយ អង្គការ UNDP អង្គការ​សុខភាព​ពិភព​លោក (WHO) និង RTI International បាន​រក​ឃើញ​ថា ជា​រៀង​រាល់​ឆ្នាំ​ប្រជាជន​កម្ពុជា​ប្រមាណ​ជា​១៥០០០​នាក់ បាន​ស្លាប់ ដោយ​សារ​ជំងឺ​ដែល​ពាក់​ព័ន្ធ​ទៅ​នឹង​ថ្នាំ​ជក់ ហើយ​ភាគ​ច្រើន​នៃ​អ្នក​ស្លាប់ គឺជា​ប្រជាជន​ក្រីក្រ​ដែល​មាន​ប្រាក់​ចំណូល​ទាប​។ មិន​តែ​ប៉ុណ្ណោះ របាយ​ការណ៍ ក៏​បាន​រក​ឃើញ​ដែរ​ថា កម្ពុជា​បាន​ខាត​បង់​ប្រាក់​៦៥៧​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំៗ ដោយ​សារ​តែ​បញ្ហា​ថ្នាំ​ជក់​នេះ​។ 

ប្រជាជនកម្ពុជាប្រមាណជាង១ម៉ឺននាក់ ស្លាប់ដោយសារថ្នាំជក់
ប្រជាជនកម្ពុជាប្រមាណជាង១ម៉ឺននាក់ ស្លាប់ដោយសារថ្នាំជក់ @UNDP
ផ្សាយពាណិជ្ជកម្ម

ការ​សិក្សា​ថ្មី​មួយ​ដែល​ធ្វើ​ឡើង​ដោយ​កម្មវិធី​អភិវឌ្ឍន៍​អង្គការ​សហ​ប្រជា​ជាតិ UNDP អង្គការ​សុខភាព​ពិភពលោក (WHO) និង RTI International ដោយ​មាន​ការ​ចូល​រួម​សហការ​ពី​ក្រសួង​សុខាភិបាល និង​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​កម្ពុជា បាន​រក​ឃើញ​ថា ប្រជាជន​កម្ពុជា​ប្រមាណ​ជា​១៥០០០​នាក់​បាន​ស្លាប់​ជា​រៀង​រាល់​ឆ្នាំ​ដោយ​សារ​ជំងឺ​ទាក់​ទង​នឹង​ថ្នាំ​ជក់​។ ជំងឺ​ទាក់​ទង​នឹង​ថ្នាំជក់ នេះ​ដែរ​ក៏​បាន​ធ្វើ​ឲ្យ​កម្ពុជា​ខាត​បង់​សេដ្ឋកិច្ច​ប្រមាណ​៦៥៧​លាន​ដុល្លារក្នុង​មួយ​ឆ្នាំ។ ចំនួន​នេះ​ស្មើ​នឹង៣%​នៃ​ចំនួន​ផលិត​ផល​សរុប​ក្នុង​ស្រុក ឬ GDP របស់​ប្រជាជន​កម្ពុជា​។ ការ​ខាត​បង់​ទាំង​នេះ ដោយ​គេ​គណនា​ទៅ​លើ​ការ​ចំណាយ​លើ​ការ​ថែ​ទាំ​សុខ​ភាព ការ​បាត់​បង់​ផលិតភាព​ដោយ​សារ​ការ​ស្លាប់​មុន​អាយុ ពិការភាព និង​ការ​ខាត​បង់​ពេល​វេលា​ធ្វើការងារ​ដោយសារ​ដើម្បី​សម្រាក​ជក់​បារី​ជា​ដើម​។

តាម​រយៈ​របាយការណ៍​ដែល​បាន​ផ្សព្វ​ផ្សាយ​កាល​ពី​ថ្ងៃទី ០៤ កក្កដា មន្ត្រី​រដ្ឋា​ភិបាល​កម្ពុជា លោក​វេជ្ជបណ្ឌិត អឿន បុរ៉ារ័ត្ន រដ្ឋ​លេខា​ធិការ​ក្រសួង​សុខា​ភិបាល បាន​ទទួល​ស្គាល់​ថា របាយការណ៍​សិក្សា​នេះ​បាន​បង្ហាញ​ច្បាស់​ថា បារី​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ខ្លាំង​ដល់​សុខភាព​និង​សេដ្ឋកិច្ច​របស់​កម្ពុជា​។ ការ​ស្លាប់​និង​ការ​ខាត​បង់​ទឹក​ប្រាក់​នោះ បង្ក​ឡើង​ចេញ​ពី​ការ​ប្រើប្រាស់​ថ្នាំ​ជក់ នាំ​ឲ្យ​ក្លាយ​ទៅ​ជា​ជម្ងឺ​ប៉ះពាល់​ដល់​សុខភាព​ដ៏​ធ្ងន់ធ្ងរ​ផ្សេងៗ​ដែល​តម្រូវ​ឲ្យ​មាន​ការ​ចំណាយ​ទៅ​លើ​ការ​ព្យាបាល​យ៉ាង​ច្រើន​។ ប៉ុន្តែ​យ៉ាង​ណា​ក៏​ដោយ រដ្ឋា​ភិបាល​កម្ពុជា បាន​បេ្តជ្ញា​អនុវត្ត​វិធានការ​ចាំ​បាច់​នានា ដើម្បី​ធ្វើ​ឲ្យ​សុខភាព​ប្រជាជន​មាន​ភាព​ប្រសើរ​ឡើង ហើយ​នឹង​សេដ្ឋកិច្ច​កម្ពុជា​មាន​សុខមាល​ភាព​ល្អ​។

ប៉ុន្តែ​យ៉ាង​ណា​ក៏​ដោយ ក្រៅ​ពី​ការ​ខាត​បង់​ប្រាក់​និង​ជីវិត​មនុស្ស​នេះ របាយការណ៍​ដដែល​ក៏​បាន​ទស្សទាយ៍​ដែរ​ថា បើ​កម្ពុជា​អាច​បង្កើន​វិធាន​ការ​គ្រប់​គ្រង​ថ្នាំ​ជក់​បាន នោះ​ជីវិត​ប្រជាជន​ប្រមាណ​ជិត​៦ម៉ឺន​នាក់​នឹង​ត្រូវ​បាន​ជួយ​សង្គ្រោះ ហើយ​សេដ្ឋកិច្ច​កម្ពុជា​នឹង​ចំណេញ​បាន​ជិត​២ពាន់​លាន​ដុល្លារ​នៅ​ឆ្នាំ​២០៣៣​ខាង​មុខ​៕

អត្ថបទដោយ៖ ងួន វឌ្ឍនៈបណ្ឌិត និង វ៉ា សំណព្វ

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ