អានតួអត្ថបទ
កម្ពុជា-អភិវឌ្ឍ

លោក មុំ គង់៖ ប្រសិទ្ធិ​ភាព​នៃ​ការ​អនុវត្ត​ច្បាប់​ថ្នាំ​ជក់​និង​អនុក្រឹត្យ​ពាក់ព័ន្ធ​នៅ​មាន​កម្រិត

ម្សិលមិញ​លោក ពៅ ឆាយ ប្រធាន​ការិយាល័យ​ពាណិជ្ជកម្ម​ខណ្ឌ​ចំការ​មន​បាន​ចុះ​អប់រំ​ដល់​អាជីវកម្ម​ឬ​ម្ចាស់​ម៉ាត​ដើម្បី​ឲ្យ​ម្ចាស់​អាជីវកម្ម​ទាំង​នោះ​ចូល​រួម​អនុវត្តន៍​ច្បាប់​ស្ដី​ពី​ការ​ត្រួត​ពិនិត្យ​ថ្នាំ​ជក់និង​អនុក្រឹត្យ​ពាក់​ព័ន្ធ។ ច្បាប់​ស្ដី​ពី​ថ្នាំ​ជក់​ត្រូវ​បាន​ដាក់​ឲ្យ​ប្រើ​ប្រាស់​នៅ​ខែ​ឧសភា​ឆ្នាំ​២០១៥។ ក្រោយ​ការ​ដាក់​ឲ្យ​ប្រើ​ប្រាស់​ជាង​១​ឆ្នាំ​មក​នេះ លោកវេជ្ជបណ្ឌិត មុំ គង់ នាយក​ប្រតិបត្តិ​អង្គការ​ចលនា​ដើម្បី​សុខភាព​កម្ពុជា មើល​ឃើញ​ថា ប្រសិទ្ធិ​ភាព​នៃ​ការ​អនុវត្ត​ច្បាប់​ថ្នាំ​ជក់​និង​អនុក្រឹត្យពាក់​ព័ន្ធ​នៅ​មាន​កម្រិត។

ការ​ដាក់​លក់​ផលិត​ផល​បារី​នៅ​ក្នុង​ទីផ្សារ​កម្ពុជា។​
ការ​ដាក់​លក់​ផលិត​ផល​បារី​នៅ​ក្នុង​ទីផ្សារ​កម្ពុជា។​ @ញឹម សុផល
ផ្សាយពាណិជ្ជកម្ម

លោក មុំ គង់ ហ៊ាន​អះអាង​ដូច្នេះ​ដោយ​សារ​លោក​បាន​ពិនិត្យ​ឃើញ​ថា ក្រុមហ៊ុន​បារី​មួយ​ចំនួនដែល​ទទួល​បាន​សិទ្ធិ​នាំ​ចូល​មក​កម្ពុជា​ពួក​គេ​មិន​បាន​ដាក់​សារ​ព្រមាន​លើ​កញ្ចប់​បារី​ទេ។ ហើយបារី​ដែល​គ្មាន​សារ​ព្រមាន​ពី​គ្រោះ​ថ្នាក់​នេះ​ក៏​ត្រូវ​បាន​ដាក់​លក់​ជា​សាធារណៈ​ដែរ។ ម្យ៉ាង​ទៀតទោះ​ជា​ផ្ទាំង​ផ្សាយ​ពាណិជ្ជកម្ម​ត្រូវ​បាន​បិទ​ទាំង​ស្រុង​លែង​ឲ្យ​ផ្សាយ​នៅ​តាម​ផ្លូវ​សាធារណៈ​ឬតាម​កញ្ចក់​ទូរទស្សន៍​ក៏​ពិត​មែន តែ​វា​បាន​ជំនួស​មក​វិញ​នូវ​ការ​ផ្សាយ​ពាណិ​ជ្ជ​កម្ម​បារី​នៅ​កន្លែងលក់ គ្រឿង​ទេស ភោជ​នីយដ្ឋាន​និង​ហាង​កាហ្វេ​ជាដើម។ ជាង​នេះ​ទៅ​ទៀត​ក៏​មាន​ការ​ផ្សាយពាណិជ្ជកម្ម​បារី​តាម​រយៈ​ស្ត្រី​វ័យ​ក្មេង​ដែល​ស្លៀក​ពាក់​ឯកសណ្ឋាន​របស់​ក្រុម​ហ៊ុន​ចុះ​ទៅ​ផ្សាយពាណិជ្ជកម្ម​នៅ​តាម​ក្រុម​គោល​ដៅ​របស់​ពួក​គេ​ដែល​បាន​កំណត់​ផង។ ទង្វើ​ទាំង​នេះ​លោក មុំ គង់ ចាត់​ទុក​ថា ផ្ទុយ​ពី​ច្បាប់​ដែល​បាន​កំណត់។

លោក​បន្ថែម​ថា ទាក់​ទង​អនុក្រឹត្យ​ស្ដីពី​ការ​ហាម​ឃាត់​ការ​ជក់​បារី​នៅ​កន្លែង​ធ្វើការ​និង​កន្លែង​សាធារណៈ​ការ​អនុវត្ត​ក៏​មិន​ទាន់​ទទួល​បាន​ប្រសិទ្ធ​ភាព​ទាំង​ស្រុង​ដែរ។ ប្រឈម​ការ​អនុវត្ត​នៅ​មានកម្រិត​លោក មុំ គង់ ថា​ចាំ​បាច់​ត្រូវ​ទាម​ទារ​ឲ្យ​ស្ថាប័ន​ពាក់ព័ន្ធ​និង​ពលរដ្ឋ​ចូលរួម​អនុវត្ត​ឲ្យ​បានតឹង​រ៉ឹង​ជាង​នេះ​ដើម្បី​ឲ្យ​ច្បាប់​មាន​ប្រសិទ្ធភាព។ ទោះ​ជា​កន្លង​មក​ស្ថាប័ន​ពាក់ព័ន្ធ​និង​អង្គការសង្គម​ស៊ីវិល​បាន​ធ្វើ​យុទ្ធនាការ​ចុះ​អប់​រំ​ពលរដ្ឋ​ជុំវិញ​គ្រោះថ្នាក់​ដែល​បណ្ដាល​មក​ពី​ថ្នាំ​ជក់​យ៉ាងណា​ក៏​ដោយ​តែ​លទ្ធផល​ដែល​ទទួល​បាន​គឺ​មិន​ពេញ​លេញ។
នេះ​បើ​តាម​លោក មុំ គង់ ។​​​​

គួររម្លឹកថា ក្រសួង​សុខាភិបាល​ធ្លាប់​ចេញ​សារ​ព្រមាន​ថា​បើ«ជន​ណា​ជក់​បារី​នៅ​កន្លែង​ហាម​ឃាត់​ត្រូវ​ពិន័យ​២​ម៉ឺន​រៀល»។ ក្រសួងតម្រូវ​ឲ្យ​អ្នក​ប្រកប​របរ​លក់ដូរ កន្លែង​ធ្វើ​ការ​ និង កន្លែង​សាធារណៈ​ផ្សេងៗ ត្រូវ​បិទ​ស្លាក​បម្រាម​នៃ​ការ​ហាម​ការ​ជក់​ឬ​ការ​បង្ហុយ​ផ្សែងផលិតផល​ថ្នាំ ​ជក់។ ក្នុង​នោះ​ម្ចាស់​អាជីវកម្ម​ដែល មិន​អនុវត្ត​តាម​ប្រកាស​របស់​ក្រសួង​ពួក​គេ​នឹងទទួល​ការ​ផាក​ពិន័យ​ចំនួន​៥​ ម៉ឺន​រៀល។

សូមបញ្ជាក់ថា ប្រជាជន​កម្ពុជា​ជិត ១​ម៉ឺន​នាក់ ក្នុងចំណោម​ប្រជាជន ៦លាន​នាក់ នៅលើ​ពិភព​​លោក បាន​ស្លាប់​ជា​រៀងរាល់ឆ្នាំ ដោយសារ​ការប្រើប្រាស់​ថ្នាំជក់។ ក្នុងនោះ ក៏មាន​អ្នកស្លាប់​​ដោយសារ​ការ​ស្រូប​ផ្សែង​បារី ៦សែន​នាក់​ផងដែរ។ ទឹកប្រាក់ ១០០លាន​ដុល្លា ក៏ត្រូវ​បាន​​ចំណាយ​សំរាប់​ទិញ​បារី នៅ​កម្ពុជា ហើយ​ការចំណាយ​សម្រាប់​ព្យាបាល និង​ថែទាំ​ជំងឺ ដែល​បណ្តាលមកពី​ថ្នាំជក់ គឺមាន​ទំហំ​ធំ​ជាង​ការចំណាយ​លើ​ការទិញ​បារី។ ដូច្នេះ​ការ​ដំឡើង​ពន្ធ​ថ្នាំជក់​ត្រូវគេ​រំពឹងថា​ ​អាចជួយ​កាត់បន្ថយ​ បញ្ហា​ទាំងនេះ​បាន៕    
 

 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ