ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 17/09 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 16/09 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 16/09 12h00 GMT
កម្ពុជា

​ពិព័រណ៌​មិន​អចិន្ត្រៃយ៍ «​៤០​ឆ្នាំ​៖ ការ​ចង​ចាំ​ជន​រង​គ្រោះ​» ត្រូវ​បាន​សម្ពោធ​នៅ​គុក​ទួល​ស្លែង​

media  
សារមន្ទីរគុកទួលស្លែង @Internet

ក្រសួង​វប្បធម៌​និង​វិចិត្រ​សិល្បៈ​កាល​ពី​ថ្ងៃ​ម្សិល​មិញ បាន​សម្ពោធ​ពិព័រណ៌​មិន​អចិន្ត្រៃយ៍​មួយ ក្រោម​ប្រធាន​បទ «៤០ឆ្នាំ៖ ការ​ចង់​ចាំ​ជន​រង​គ្រោះ ស-២១» នៅ​សារ​មន្ទីរ​ឧក្រិដ្ឋ​កម្ម ប្រល័យ​ពូជ​សាសន៍​ទួល​ស្លែង»។ ពិព័រណ៌​នេះ គឺ​ជា​ការ​បង្ហាញ​ពី​រូប​ភាព រូប​ថត និង​សំណេរ​ជា​អក្សរ ដែល​បង្ហាញ​ពី​ឯកសារ​ផ្សេងៗ​ទាក់​ទង​ទៅ​នឹង​ប្រវត្តិ​ចាប់​តាំង​ពី​សារ​មន្ទីរ​នេះ នៅ​ជា​សាលា​រៀន និង​មាន​ការ​វិវត្តន៍​មក​ជា​សារ​មន្ទីរ​ប្រល័យ​ពូជ​សាសន៍​នា​ជំនាន់​ខ្មែរ​ក្រហម និង​ការ​រៀប​ចំ​ឡើង​វិញ​នៃ​ទីតាំង​នេះ ក្រោយ​ថ្ងៃ​រំដោះ​៧មករា​១៩៧៩​។ 

លោក​ស្រី ភឿង សកុណា រដ្ឋ​មន្ត្រី​ក្រសួង​វប្បធម៌​បាន​បញ្ជាក់​ខ្លឹម​សារ​៤​ចំណុច នៅ​ក្នុង​ឱកាស​នៃ​ពិធី​សម្ពោធ​ពិព័រណ៌​មិន​អចិន្ត្រៃយ៍​នេះ គឺ​ក្នុង​គោល​បំណង​ទី១ គោរព រម្លឹក និង ចងចាំ​ដល់​វិញ្ញាណ​ក្ខន្ធ​ជន​រង​គ្រោះ ដែល​បាត់​បង់​ជីវិត​ដោយ​អយុត្តិធម៌​នៅ​ក្នុង​សម័យ​ខ្មែរ​ក្រហម​។ ទី២ គឺ​រម្លឹក​ខួប​៤០​ឆ្នាំ នៃ​ការ​រៀប​ចំ​សារ​មន្ទីរ​ឧក្រិដ្ឋ​កម្ម​ប្រល័យ​ពូជ​សាសន៍​ទួល​ស្លែង​ក្រោយ​ការ​ដួល​រលំ​របស់​ខ្មែរ​ក្រហម​។

ទី៣ គឺ​រម្លឹក​ដល់​ការ​ខិត​ខំ​ប្រឹង​ប្រែង​របស់​រាជ​រដ្ឋា​ភិបាល ថ្នាក់​ដឹក​នាំ​ក្រសួង​ស្ថាប័ន បុគ្គលិក​សារ​មន្ទីរ​ទួល​ស្លែង និង​ជំនាញ​ការ​ជាតិ អន្តរ​ជាតិ ដែល​បាន​បូជា​កម្លាំង​កាយ​ចិត្ត​ក្នុង​ការ​រៀប​ចំ​សារ​មន្ទីរ សម្រាប់​ការ​ផ្សព្វ​ផ្សាយ​ឲ្យ​មនុស្ស​ជំនាន់​ក្រោយ​សិក្សា​រៀន​សូត្រ និង​ចង​ចាំ​អំពី​ជន​រង​គ្រោះ​នៅ​មន្ទីរ​ស-២១​។ រីឯ​ចំណុច​ចុង​ក្រោយ គឺ​ជា​ការ​ថ្លែង​អំណរ​គុណ​ចំពោះ​អង្គការ ឬ​ស្ថាប័ន​ជាតិ និង​អន្តរជាតិ​ទាំង​អស់ ដែល​បាន​ចូល​រួម​យ៉ាង​សកម្ម​ក្នុង​ការ​ផ្សះ​ផ្សា​ផ្លូវ​ចិត្ត និង​ស្វែង​រក​យុត្តិធម៌​ជូន​ដល់​ជន​រង​គ្រោះ​នៅ​ទូទាំង​ប្រទេស​។

សូម​បញ្ជាក់​ថា ចាប់​តាំង​ពី​ថ្ងៃ​ជ័យ​ជំនះ ៧ ខែមករា ឆ្នាំ១៩៧៩មក រដ្ឋា​ភិបាល​កម្ពុជា​បាន​ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​យ៉ាង​ខ្លាំង​ចំពោះ​ការ​ថែ​រក្សា​វត្ថុ​តាង ដើម្បី​ស្វែង​រក​យុត្តិធម៌​ជូន​ជន​រង​គ្រោះ​។ សកម្មភាព​ការងារ​ទាំង​នោះ​រួម​មាន​ការ​ដាក់​តាំង​បង្ហាញ​វត្ថុ​តាង ការ​រៀប​ចំ​ពិព័រណ៍​មិន​អចិ​ន្ត្រៃយ៍​ស្តី​ពី​ប្រវត្តិ​ជន​រង​គ្រោះ ការ​រៀប​ចំ​កម្មវិធី​សិក្ខា​សាលា ការ​ផ្តល់​ឯកសារ​សម្រាប់​រៀប​ចំ​ពិព័រណ៍​អន្តរ​ជាតិ​នៅ​សារ​មន្ទីរ​Holocaust​សហ​រដ្ឋ​អាមេរិក ការ​ដាក់​បញ្ចូល​បណ្ណសារ សារ​មន្ទីរ​ទួល​ស្លែង​ជា​ស្មារតី​ចង​ចាំ​នៃ​ពិភព​លោក​របស់​អង្គ​ការ​យូណេស្កូ​។ល​។

ជាមួយ​គ្នា​នេះ រដ្ឋ​មន្ត្រី​ក្រសួង​វប្ប​ធម៌ និង​វិចិត្រ​សិល្បៈ ក៏​បាន​លើក​ឡើង​ថា បច្ចុប្បន្ន​រដ្ឋា​ភិបាល ដែល​ដឹក​នាំ​ដោយ លោក ហ៊ុន សែន នៅ​តែ​បន្ត​បេសក​កម្ម​ស្វែង​រក​យុត្តិ​ធម៌ និង​ចង​ចាំ​ចំពោះ​ជន​រង​គ្រោះ​ក្នុង​សម័យ​ខ្មែរ​ក្រហម​។ កាល​ពី​អំឡុង​ពាក់​កណ្តាល​ទស្សវត្សរ៍​ឆ្នាំ​២០០០ រដ្ឋា​ភិបាល​បាន​គាំទ្រ​ពេញ​ទំហឹង​លើ​យន្ត​ការ​នៃ​ការ​ចរចា និង​បង្កើត​តុលាការ​កូន​កាត់ ដែល​មាន​សមាស​ភាព​អន្តរ​ជាតិ​ចូល​រួម​។ ជា​លទ្ធ​ផល​នៅ​ឆ្នាំ​២០០៦ អង្គ​ជំនុំ​ជម្រះ​វិសាមញ​កមក​លាការ​កម្ពុជា​បាន​បង្កើត​ឡើង​ដើម្បី​កាត់​ទោស​មេដឹក​នាំ​ជាន់​ខ្ពស់​៥រូប នៃ​របប​កម្ពុជា​ប្រជា​ធិប​តេយ្យ គឺ កាំង ហ្គិចអ៊ាវ ហៅ ឌុច នួន ជា ខៀវ សំផន អៀង សារី និងអៀង ធារិទ្ធ​៕

 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ