ឯកសារជាង៤សែនទំព័រ ស្តីពីអ្នកទោសគុកទួលស្លែង នឹងត្រូវបញ្ចូលទៅក្នុងប្រព័ន្ធកុំព្យូទ័រដើម្បីអភិរក្សបានយូរ
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សហការជាមួយអង្គការ UNESCO នៅព្រឹកថ្ងៃទី ២៩ មករានេះ បានប្រកាសជាផ្លូវការ នូវការអនុវត្តគម្រោង ស្តីពី ការអភិរក្សនិងបញ្ចូលបណ្ណសារសារមន្ទីរទួលស្លែងទៅក្នុងប្រព័ន្ធកុំព្យូទ័រ។ គម្រោងនេះ មានរយៈពេល២ឆ្នាំ ដោយត្រូវបញ្ចូលឯកសារដើមជាង៤សែនទំព័រ ចែកចេញជា៨ប្រភេទ ស្តីពី អ្នកទោសក្នុងគុកទួលស្លែង ទៅក្នុងប្រព័ន្ធកុំព្យូទ័រ ដើម្បីរក្សាទុកសម្រាប់ការសិក្សាស្រាវជ្រាវតទៅថ្ងៃអនាគត។
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០២:៥៥
គម្រោងនៃការអភិរក្សនេះ គឺជាគម្រោងសំខាន់ទី២ បន្ទាប់ពីគម្រោងជួសជុលនិងអភិរក្សវាយនភណ្ឌ ក្រោមជំនួយថវិកាពីមូលនិធិរបស់ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅកម្ពុជា សម្រាប់ថែរក្សាវប្បធម៌ដែលបន្សល់ទុកពីសម័យខ្មែរក្រហម ដែលបានប្រកាសឡើង កាលពីខែធ្នូឆ្នាំ២០១៧កន្លងទៅ។ នេះបើតាមការបញ្ជាក់ពីលោក ជុច ភឿន រដ្ឋលេខាធិការក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ក្នុងពេលលោកចូលរួមប្រកាស ស្តីពី “ការអនុវត្តគម្រោងអភិរក្សនិងបញ្ចូលបណ្ណសារសារមន្ទីរទួលស្លែងទៅក្នុងប្រព័ន្ធកុំព្យូទ័រ” នៅថ្ងៃទី ២៩ មករា នៅឯសារមន្ទីរគុកទួលស្លែង។ លោករដ្ឋលេខាធិការបានលើកឡើងថា គម្រោងថ្មី ដែលមានរយៈពេល២ឆ្នាំ ក្រោមជំនួយឧបត្ថម្ភរបស់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) នឹងផ្តល់ការបណ្តុះបណ្តាលជាមូលដ្ឋានលើជំនាញថែរក្សា និងអភិរក្សឯកសារនានាដល់មន្រ្តីជំនាញនៃសារមន្ទីរទួលស្លែង និងបញ្ចូលឯកសារទាំងអស់ទៅក្នុងប្រព័ន្ធកុំព្យូទ័រ ដើម្បីជួយសម្រួលដល់ការសិក្សា និងការស្រាវជ្រាវនាថ្ងៃអនាគត។
គួរជំរាបជូនថា នៅព្រឹកថ្ងៃទី ២៩ មករានេះ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សហការជាមួយអង្គការ UNESCO បានប្រកាសជាផ្លូវការ នូវការអនុវត្តគម្រោង ស្តីពី ការអភិរក្សនិងបញ្ចូលបណ្ណសារសារមន្ទីរទួលស្លែងទៅក្នុងប្រព័ន្ធកុំព្យូទ័រ។ គម្រោងនេះ មានរយៈពេល២ឆ្នាំ ដោយត្រូវបញ្ចូលឯកសារដើមជាង៤សែនទំព័រ ស្តីពី អ្នកទោសក្នុងគុកទួលស្លែង ទៅក្នុងប្រព័ន្ធកុំព្យូទ័រ ដើម្បីរក្សាទុក។ ឯកសារទាំងនោះ ចែកចេញជា៨ប្រភេទ រួមមាន ចម្លើយសារភាពរបស់ជនរងគ្រោះ ជីវប្រវត្តិរូបសង្ខេបរបស់ជនរងគ្រោះ រូបថតជាង៥០០០សន្លឹក ហ្វីលរូបថត ទស្សនាវដ្តីទង់បដិវត្តន៍ និងសៀវភៅកំណត់ហេតុប្រចាំថ្ងៃរបស់ពួកខ្មែរក្រហមជាដើម។
សូមបញ្ជាក់ថា ចាប់តាំងពីថ្ងៃរំដោះ ៧ មករា ឆ្នាំ១៩៧៩ រដ្ឋាភិបាលកម្ពុជាបានរៀបចំអភិរក្សទីតាំងប្រវត្តិសាស្រ្តគុកទួលស្លែងនេះ សម្រាប់ជាភស្តុតាងដាក់បន្ទុកដល់អតីតមេដឹកនាំខ្មែរក្រហមជាន់ខ្ពស់ ដែលត្រូវទទួលខុសត្រូវលើទង្វើរបស់ខ្លួននៅចន្លោះឆ្នាំ ១៩៧៥-១៩៧៩។ ហើយផែនការមួយក្នុងចំណោមផែនការសំខាន់ៗនៃដំណើរការរៀបចំអតីតមន្ទីរឃុំឃាំងនេះ គឺការចុះប្រមូលឯកសារគ្រប់ប្រភេទ ដែលនៅរាយប៉ាយយកមករក្សាទុក។ មានឯកសារជាង៤សែនទំព័រត្រូវបានរកឃើញនៅក្នុងគុកទួលស្លែង។ គម្រោងដែលមានទឹកប្រាក់ជាង១លានដុល្លារសហរដ្ឋអាមេរិកនេះ នឹងអនុវត្តរយៈពេល២ឆ្នាំចាប់ពីឆ្នាំ២០១៨-២០១៩ ដែលជាជំនួយរបស់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA)។
គុកទួលស្លែង គឺជាមន្ទីរឃុំឃាំងដ៏ឃោឃៅមួយ ដែលបានធ្វើទារុណកម្មទៅលើអ្នកទោសជិត២ម៉ឺននាក់ឲ្យស្លាប់បាត់បង់ជីវិតនៅចន្លោះឆ្នាំ១៩៧៥-១៩៧៩។ បច្ចុប្បន្ន អតីតប្រធានគុកទួលស្លែង ដែលគេស្គាល់ថា កាំងហ្គេចអ៊ាវ ហៅឌុច ត្រូវបានតុលាការឧក្រឹដ្ឋកម្មខ្មែរក្រហមកាត់ទោស ឲ្យជាប់ពន្ធនាគារអស់មួយជីវិត៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ