អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ខ្មែរ

អ្នកទេសចរ​បរទេស ហូរ​ចូល​មក​កម្ពុជា​ជាមួយ​នឹងប្រាក់​ចំណូល ក៏​ដូច​ជា​បញ្ហា​ដែល​ត្រូវ​ប្រុង​ប្រយ័ត្ន

ចុះផ្សាយ​នៅ​ថ្ងៃ៖

​ប្រទេស​កម្ពុជា​​រស់​នៅ​ពឹង​ផ្អែក​មួយ​ផ្នែក​ធំ លើ​វិស័យ​ទេសចរណ៍​។ ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ កម្ពុជា​ទទួល​បាន​ការ​ចាប់​អារម្មណ៍​និង​ទទួល​ស្គាល់​កាន់​តែ​ច្រើន អំពី​វិស័យ​ទេសចរណ៍ ធ្វើ​ឲ្យ​​ភ្ញៀវ​ទេសចរ​បរទេសដែល​ចូល​មក​កម្ពុជា មាន​ការ​កើន​ឡើង​ជា​លំដាប់​។ ជា​ការ​ពិត​ហើយ​ថា អ្នកទេសចរ​បរទេស ហូរ​ចូល​មក​កម្ពុជា​ជាមួយ​នឹងប្រាក់​ចំណូល​ច្រើន​។ ប៉ុន្តែ​អ្នក​ជំនាញ​លើ​វិស័យ​ទេសចរណ៍​បាន​ក្រើន​រំលឹក​ថា មាន​បញ្ហា​មួយ​ចំនួនក៏​ហូរ​ចូល​មក​កម្ពុជា​ដោយ​សារ​ទេសចរ​បរទេស​ដែរ ដែល​ទាមទារ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​​​ប្រុង​ប្រយ័ត្ន​​។

តំបន់​ទេសចរណ៍​ក្នុង​ប្រទេស​កម្ពុជា
តំបន់​ទេសចរណ៍​ក្នុង​ប្រទេស​កម្ពុជា @RFI
ផ្សាយពាណិជ្ជកម្ម

វិស័យ​ទេសចរណ៍ ជា​សសរ​ស្ដម្ភ​សេដ្ឋកិច្ច​ដ៏​សំខាន់​មួយ ក្នុង​ចំណោម​សសរ​ស្ដម្ភ​សេដ្ឋកិច្ច​សំខាន់​ៗ​ទាំង​៤​​របស់​កម្ពុជា​។ ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ចំនួន​ភ្ញៀវ​ទេសចរ​ដែល​មក​កម្សាន្ត​នៅ​កម្ពុជា មាន​ចំនួន​កើន​ឡើង​ជា​លំដាប់​។ នៅ​ឆ្នាំ​២០១៤ កម្ពុជា​ទទួល​ភ្ញៀវ​ទេសចរ​បរទេស​បាន​ចំនួន៤​លាន​៥​សែន​នាក់ និង​រក​ចំណូល​បាន២ពាន់​​លាន​ដុល្លារ​។ រហូត​ដល់​ឆ្នាំ​២០១៥ ចំនួន​ភ្ញៀវ​ទេសចរ​បាន​លោត​ឡើង​រហូត​ដល់​ទៅ​៤​លាន៧​សែន​នាក់ និង​បន្ត​កើន​ឡើង​ដល់ ៥លាន​​នាក់​​នៅ​ក្នុង​ឆ្នាំ​២០១៦។ ចំណែក​នៅ​ឆ្នាំ​២០១៧​នេះ ក្នុង​រយៈ​ពេល​១​ឆមាស​ដើម​ឆ្នាំ កម្ពុជា​ទាក់ទាញ​បាន​ភ្ញៀវ​ទេសចរ​ជាង​២​លាន​៦​លាន​នាក់​។ ទន្ទឹម​គ្នា​នេះ រដ្ឋាភិបាល​កម្ពុជា និង​ផ្នែក​ឯកជន​ក្នុង​វិស័យ​នេះ មាន​គម្រោង​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ឲ្យ​បាន​​​៧​លាន​៥​សែន​នាក់ នៅ​ក្នុង​ឆ្នាំ​២០២០​ខាង​មុខ​។ ហើយប្រសិន​បើ​គោលដៅ​នៅ​ក្នុង​ឆ្នាំ​២០២០​​​សម្រេច​បាន​មែន​នោះ ប្រាក់​ចំណូល​ប្រមាណ​៥​ពាន់​លាន​ដុល្លារ​នឹង​ហូរ​ចូល​សេដ្ឋកិច្ច​​ប្រទេស​កម្ពុជា ជាមួយ​ការងារ​សម្រាប់​ប្រជាជន​ជាង​១លាន​​​នាក់​។

ជា​ការ​ពិត កំណើន​ភ្ញៀវ​ទេសចរ​ដែល​​មក​កម្សាន្ត​នៅ​កម្ពុជា​​ជា​រៀង​រាល់​ឆ្នាំនេះ មិន​មែន​ជា​រឿង​ចៃដន្យ​ទេ​។ រដ្ឋាភិបាល តាម​រយៈ​ក្រសួង​ទេសចរណ៍ បាន​ធ្វើ​កិច្ចការងារ​ជា​ច្រើន ដើម្បី​ទាក់ទាញ​ទេសចរ​បរទេស​ឲ្យ​មក​កាន់​កម្ពុជា និង​ជា​ពិសេស ធ្វើ​ឲ្យ​អ្នក​ទាំង​នោះបន្ត​ត្រឡប់​មក​កម្ពុជា​ជា​ថ្មី​ម្ដង​ទៀត​។ ការងារ​មួយ​ចំនួន​ដែលរដ្ឋាភិបាល​​អនុវត្ត​បា​ន​ជោគជ័យ ​ ​រួម​មាន​ការ​ពង្រីក​គោលដៅ​ទេសចរណ៍ និង​ការ​បង្កើត​ជើង​ហោះហើរ​ផ្ទាល់​ពី​បរទេស​ជា​ដើម​។ ជាង​នេះ​ទៅ​ទៀត យុទ្ធនាការកម្ពុជា ព្រះ​រាជាណាចក្រ​អច្ឆរិយៈ ក៏​ដូច​ជា​ចលនា​ប្រឡង​ប្រណាំង​ទីក្រុង​ស្អាត រមនីយដ្ឋានស្អាត សេវា​ល្អ ក៏​បាន​ចូល​រួម​យ៉ាង​សកម្ម​ក្នុង​ការ​ទាក់ទាញ​ភ្ញៀវ​ទេសចរ​បរទេស​មក​កាន់​កម្ពុជា​ផង​ដែរ​។

ការងារ​ទាំង​នេះ ក្រៅ​តែ​ពី​បាន​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ហើយ វា​ក៏​បាន​លើក​កម្ពស់​កិត្យានុភាព​របស់​កម្ពុជា នៅ​លើ​វេទិកា​ពិភពលោក​ផង​ដែរ​។ ជាក់​ស្ដែង តាម​រយៈ​​គេហទំព័រ TripAdvisor ដែល​​ល្បីល្បាញ​ក្នុង​ការ​ផ្ដល់​ប្រឹក្សា​ផ្នែក​ទេសចរណ៍ ប្រាសាទ​អង្គរវត្ត​ក្នុង​ខេត្ត​សៀមរាប​របស់​កម្ពុជា​បាន​ជាប់​ជា​គោលដៅ​ទេសចរណ៍​ល្អ​បំផុតលេខ​​១​ នៅ​លើ​ពិភពលោក ជា​លើក​ទី​២ បន្ទាប់​ពី​បាន​ទទួល​កិត្តិយស​នេះ​ម្ដង​រួច​ហើយ​កាល​ពី​ឆ្នាំ​២០១៥។ គេហ​ទំព័រ​សម្រាប់​ដំណើរ​កម្សាន្ត Travel And Leisure ក៏​បាន​ចាត់​ថ្នាក់​ខេត្ត​សៀមរាប ថា​ជា​ទីក្រុង​ដ៏​ល្អ​បំផុត​មួយ​របស់​ពិភពលោក​ផង​ដែរ​។

ដោយ​ឡែក នៅ​ក្នុង​ការ​គ្រប់គ្រង​វិស័យ​ទេសចរណ៍ ក្រសួង​ទេសចរណ៍​បាន​​ដាក់​ដំណើរការ​ប្រព័ន្ធ​ចុះ​បញ្ជី​អាជ្ញាប័ណ្ណ​ពាណិជ្ជកម្ម​និង​មគ្គុទ្ទេសក៍​ទេសចរណ៍​តាម​ប្រព័ន្ធ​អ៊ីនធឺណែត​។ ប្រព័ន្ធ​ថ្មី​នេះ ជួយ​​កាត់​បន្ថយ​ពេល​វេលា​និង​ការ​ចំណាយ​មិន​ចាំ​បាច់ ក្នុង​ការ​ដាក់​ពាក្យ​សុំ​អាជ្ញាប័ណ្ណ​របស់​អាជីវករ។ ហើយ​រដ្ឋាភិបាល​ក៏​អាច​ត្រួត​ពិនិត្យ​លើ​អាជីវកម្ម​និង​មគ្គុទ្ទេសក៍​ទេសចរណ៍​ដែល​គ្មាន​អាជ្ញាប័ណ្ណ បានកាន់​តែ​ប្រសើរ​ជាង​មុន​ផង​ដែរ​។ ក្រៅ​ពី​នេះ ក្រសួង​ទេសចរណ៍​ ក៏​បាន​ណែនាំ​ឲ្យ​អាជីវកម្ម​មណ្ឌល​កម្សាន្ត​ទេសចរណ៍​មនុស្ស​ពេញ​វ័យ​ទាំង​អស់ ពង្រឹង​គុណភាព​បុគ្គលិក​របស់​ខ្លួន ហើយ​ក្រសួង​គាំទ្រ​ទាំង​ស្រុង​នូវ​ការ​បណ្ដុះ​បណ្ដាល​ទាំង​ឡាយ​ណា​ដែល​រួម​ចំណែក​អភិវឌ្ឍ​ធនធាន​មនុស្ស​ក្នុង​វិស័យ​ទេសចរណ៍​។ លើស​ពី​នេះ ក្រសួង​ក៏​បាន​បង្កើត​យុទ្ធសាស្ត្រ​ត្រៀម​ខ្លួន​សម្រាប់​ទេសចរ​ចិន China Ready ផង​ដែរ ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ចិន​មក​កម្ពុជា​ឲ្យ​កាន់​តែ​ច្រើន​ឡើង​ថែម​ទៀត​។ ទាំង​នេះ​គឺ​ជា​ជំហាន​វិជ្ជមាន​ដែល​អ្នក​ជំនាញ​ទេសចរណ៍​អះអាង​ថា នឹង​ជួយ​បង្កើន​ចំនួន​អ្នក​ទេសចរ​បរទេស​ចូល​មក​កម្ពុជា​​។

យ៉ាង​ណា​ក៏​ដោយ ទន្ទឹម​នឹង​សមិទ្ធិផល​គាប់​ប្រសើរ​ទាំង​នេះ ​អ្នក​ជំនាញ​ផ្នែក​ទេសចរណ៍​អះអាង​ថា នៅ​មាន​បញ្ហា​មួយ​ចំនួន​ទៀត ដែល​ទាមទារ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​​​ប្រុង​ប្រយ័ត្ន និង​យក​ចិត្ត​ទុក​ដាក់​កែ​លម្អ​។

ជា​ការ​ពិត អ្នកទេសចរ​បរទេស ហូរ​ចូល​មក​កម្ពុជា​ជាមួយ​នឹង​វប្បធម៌​បរទេស ​និង​ការ​ជួញ​ដូរ​ផ្លូវ​ភេទ​លើ​កុមារ​ជា​ដើម​។ ទាំង​នេះ​ទាមទារ​ឲ្យ​មាន​ការ​ប្រុង​ប្រយ័ត្ន និង​ចាត់​វិធានការ​ការពារ​ឲ្យ​បាន​ល្អ​ប្រសើរ ធ្វើ​យ៉ាង​ណា​កុំ​ឲ្យ​បញ្ហា​នេះ​ក្លាយ​ជា​ជំងឺ​មហារីក​​​ព្យាបាល​លែង​បាន​។ ចំណែក​បញ្ហា​ដែល​ចាំ​បាច់​ឲ្យ​មាន​ការ​កែ​លម្អ មាន​ដូច​ជាបញ្ហាកាក​សំណល់ និង​​បញ្ហា​សន្តិសុខ​។ បញ្ហា​សន្តិសុខ លួច ឆក់ ប្លន់ ដែល​​សព្វ​ថ្ងៃ​កំពុងធ្វើ​ឲ្យ​អ្នក​ទេសចរ​បរទេស​ព្រួយ​បារម្ភ​។

សរុប​មក​វិញ ​តាម​រយៈ​ទឡ្ហីករណ៍​ដែល​បាន​លើក​ឡើង​ខាង​ដើម គេ​អាច​វាយ​តម្លៃ​បាន​ថា វិស័យ​ទេសចរណ៍កម្ពុជា​កំពុង​តែ​​ដើរ​នៅ​លើ​ផ្លូវ​ដ៏​​ត្រឹម​ត្រូវ​មួយ​។ នេះ​គឺ​ជា​សញ្ញា​ល្អ​សម្រាប់​កម្ពុជា ដែល​រស់​នៅ​ពឹង​ផ្អែក​មួយ​ផ្នែក​ធំ លើ​វិស័យ​ឧស្សាហកម្ម​គ្មាន​ផ្សែង​នេះ​។ យ៉ាង​ណា​ក៏ដោយ កម្ពុជា​នៅ​មាន​ការងារ​ជា​ច្រើន​ទៀត​ដែល​ត្រូវ​ធ្វើ ដើម្បី​ធានា​និរន្ដរភាព​នៃ​កំណើន​ទេសចរ​​​។ ការងារ​ទាំង​នោះ មែន​ទែន​ទៅ​មិន​មែន​ជា​រឿង​ថ្មី​ទេ​សម្រាប់​កម្ពុជា​ ជា​អាថិ៍​ដូច​ជា បញ្ហា​សន្តិសុខ កាក​សំណល់ និង​ការ​ជួញ​ដូរ​ផ្លូវ​ភេទ​លើ​កុមារ​ជា​ដើម​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ