អានតួអត្ថបទ
កម្ពុជា-ធម្មជាតិ

អ្នក​ធ្វើ​ការ​លើ​វិស័យ​ទេស​ចរណ៍​ថា​បញ្ហា​នយោបាយ​បច្ចុប្បន្ន ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​អ្នក​ទេសចរ​ក្នុង​ស្រុក​

ក្នុង​ឱកាស​ទិវា​ទេសចរណ៍​ពិភព​លោក​នេះ​ អ្នក​ជំនាញ​ទេសចរណ៍​បាន​ឲ្យ​ដឹ​ង​ថា​ស្ថាន​​ភាព​នយោបាយ​ក្នុងប្រទេស​កម្ពុជា​បច្ចុប្បន្ននេះ​ ​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​អារម្មណ៍​អ្នក​ទេសចរ​ក្នុង​ស្រុក ​តែ​ការ​ប៉ះ​ពាល់​មាន​តិច​​។ ទោះ​បី​ជា​យ៉ាង​នេះ​ក្តី​អ្នក​ធ្វើ​ការ​ខាង​ទេសចរណ៍​បញ្ជាក់​ថា​វិស័យ​ទេសចរណ៍​កម្ពុជា​មាន​ភាព​វិជ្ជមាន​ក្នុង​រយៈពេល​៨​ខែមកនេះ​។   

ពលរដ្ឋខ្មែរ​ទូទៅបាន​ធ្វើដំណើរ​កំសាន្ត​នៅតាម​រមណីយដ្ឋាន​ទេសចរណ៍​ក្នុងស្រុក​នានា​ច្រើនជាង​ឆ្នាំមុន​
ពលរដ្ឋខ្មែរ​ទូទៅបាន​ធ្វើដំណើរ​កំសាន្ត​នៅតាម​រមណីយដ្ឋាន​ទេសចរណ៍​ក្នុងស្រុក​នានា​ច្រើនជាង​ឆ្នាំមុន​ © លាងដឺលុច
ផ្សាយពាណិជ្ជកម្ម

លោក​ហូរ វណ្ឌី អគ្គ​លេខាធិការ​សម្ព័ន្ធ​ទេសចរណ៍​ជាតិ​កម្ពុជា​បាន​ប្រាប់​វិទ្យុ​បារាំង​អន្តរ​ជាតិ​នៅ​ព្រឹក​ថ្ងៃទី២៧ កញ្ញា​ថា ​វិស័យ​ទេសចរណ៍​ក្នុង​រយៈ​ពេល​៨​ខែ​នេះ មាន​ការ​ប្រែប្រួល​ច្រើន​ បន្ទាប់​ពី​សមហរណកម្ម​សេដ្ឋ​កិច្ចអាស៊ាន ​ដែល​ធ្វើ​ឲ្យ​មាន​ការ​ហោះ​ហើរ​ត្រង់​ចូល​មក​កម្ពុជា​មាន​ការ​រីក​ចម្រើន​ខ្លាំង ហើយ​ក្នុង​រយៈពេល​៨ខែនេះ​ អ្នក​ធ្វើ​ដំណើរ​តាម​យន្ត​ហោះ​មក​កម្ពុជា​មាន​លើ​ពី​៤លាន​នាក់​។

 
បើ​ទោះ​បី​ជា​មាន​កំណើន​ភ្ញៀវ​ទេសចរ​តាម​ការ​អះអាង​របស់​លោក​វណ្ឌី ប៉ុន្តែ​លោក​បន្ត​ឲ្យ​ដឹង​ថា​ ការ​ប៉ះពាល់មួយ​ចំនួន​បាន​កើត​ឡើង​ចំពោះ​អ្នក​ទេសចរ​ក្នុង​ស្រុក ដោយ​សារ​តែ​ការ​គំរាម​កំហែង​គ្នារវាង​អ្នក​នយោបាយនៅ​ក្នុង​ពេល​បច្ចុប្បន្ន​នេះ ​ពោល​គឺ​សកម្ម​ភាព​នេះ​បាន​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​ផ្លូវ​ចិត្ត​របស់​ប្រជា​ពល​រដ្ឋ ដែលបង្អាក់​ដល់ផ្លូវ​កាយ​របស់​ពល​រដ្ឋ​មិន​អាច​ចេញ​ទៅ​កម្សាន្ត​បាន។ លោក​ក៏​សុំ​ឲ្យ​អ្នក​នយោបាយ​នៅ​កម្ពុជា​ជួយសម្រួល​ដល់​ប្រជាព​ល​រដ្ឋ​ឲ្យ​មាន​សេច​ក្តី​សុខ​ផ្លូវ​ចិត្ត​​ ទើប​ប្រជា​ពល​រដ្ឋ​មិន​ខ្លាច​រអា​ក្នុង​ការ​ដើរ​កម្សាន្ត។

ដោយ​ឡែក​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន ក្នុង​សុន្ទរកថា​កាល​ពីថ្ងៃទី​២២ កញ្ញា បាន​ចាត់​ទុក​វិស័យទេសចរណ៍​ជា​មាស​បៃ​តង ជា​វិស័យ​អាទិភាព ​ដោយ​សារ​តែ​វិស័យ​នេះ​បង្កើត​ការងារ លើក​កម្ពស់​កម្រិតជីវភាព​រស់​នៅ​របស់​ប្រជា​ពលរដ្ឋ​ និង​បង្កើន​ចំណូល​ជាតិ ថែម​ទាំង​ទាក់​ទាញ​ការ​វិនិយោគ​ផ្ទាល់​ពី​បរទេសទៀត​ផង។ លោក​នាយក​រដ្ឋ​មន្ត្រី​ក្នុង​ឱកាស​ទិវា​ទេសចរណ៍​ក៏​បាន​ប្រកាស​ដាក់​ឲ្យ​អនុវត្ត​នូវ​ក្រម​សីល​ធម៌​វិជ្ជាជីវៈ​សកល​សម្រាប់​វិស័យ​ទេស​ចរណ៍​របស់​អង្គការ​ទេសចរណ៍​ពិភព​លោក (UNWTO) ជា​ផ្លូវ​ការ។

លោកថោង ខុន​រដ្ឋ​មន្ត្រី​ក្រសួង​ទេស​ចរណ៍​បាន​ឲ្យ​ដឹង​ថា​នៅ​ឆ្នាំ​២០១៥ វិស័យ​ទេសចរណ៍​កម្ពុជា​បាន​រកចំណូល​ឲ្យ​ជាតិ​ប្រមាណ​ ១៣%នៃ​ផលិត​ផល​ក្នុង​ស្រុក​សរុប(GDP) ត្រូវ​នឹង ៣០០០ លាន​ដុល្លារ​អាមេរិក បង្កើត​ការងារ​ដោយ​ផ្ទាល់​៦២ម៉ឺន​នាក់ កាន់​បន្ថយ​ចំណាក​ស្រុក បង្កើន​ការ​នាំចេញ។

យ៉ាង​ណាមិញ​បើ​តាម​របាយ​ការណ៍​តាម​ដាន​វឌ្ឍន​ភាព​ម៉ាក្រូ​សេដ្ឋ​កិច្ច​កម្ពុជា​សម្រាប់​ឆមាស​ទី១ ឆ្នាំ​២០១៦របស់​ក្រសួង​សេដ្ឋ​កិច្ច​បាន​ឲ្យ​ដឹង​ថា កំណើន​នៃ​វិស័យ​ទេស​ចរណ៍​មាន​ការ​ថយ​ចុះ​យ៉ាង​គំហុក​ក្នុង​ឆ្នាំ​២០១៥ ហើយ​ត្រូវ​បាន​រំពឹង​ថា​នឹង​បន្ត​មាន​កំណើន​ទាប​ដដែល​ក្នុង​ឆ្នាំ​២០១៦​នេះ និង​ឆ្នាំ​២០១៧​ខាង​មុខ​។ របាយការណ៍​ដដែល​បាន​បង្ហាញ​ផ្ទុយ​ពី​ការ​លើក​ឡើង​របស់​លោក​ហូរ វណ្ឌី ជាក់​ស្តែង​កំណើន​ចំនួន​ភ្ញៀវ​ទេសចរអន្តរ​ជាតិ​សម្រាប់​រយៈ​ពេល៦ខែ​ដំបូង​ក្នុង​ឆ្នាំ២០១៦ មាន​ការ​ថយ​ចុះ​ដល់​២,៦​ភាគ​រយ បើ​ប្រៀប​ធៀប​នឹង​៤,៦ភាគ​រយ សម្រាប់​រយៈពេល​ដូច​គ្នា​ក្នុង​ឆ្នាំ​២០១៥៕  

ដើម្បី​រូម​ចំណែក​លើក​ស្ទួយ​វិស័យ​ទេស​ចរណ៍​នេះ នៅ​ដើម​ខែ​កញ្ញា ក្រសួង​ទេស​ចរណ៍​បាន​ឲ្យ​ដឹង​ថា​ខ្លួន​បានសម្រេច​បង្កើត​ជា​ផ្លូវ​ការ​មគ្គុទ្ទេស​ក៍​ទេសចរណ៍​សហ​គមន៍ និង​ផ្តល់​ឱកាស​ឱ្យ​ប្រជា​ពល​រដ្ឋ​មូល​ដ្ឋាន និងឧទ្យាន​នុរក្ស​ក្លាយ​ជា​មគ្គុទេស​ក៍​ទេស​ចរណ៍​សហគមន៍​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ