អានតួអត្ថបទ
កម្ពុជា

១​ខែ​មករា​នេះ ចំនួន​គ្រោះ​ថ្នាក់​ចរាចរណ៍​ថយ​ចុះ​ តែ​ចំនួន​អ្នក​ស្លាប់​កើន​ឡើង

ថ្ងៃ​ទី​៣១ ខែ​មករា ឆ្នាំ​២០១៦​នេះ គឺ​ជា​ថ្ងៃ​គម្រប់​១​ខែ​ហើយ នៃ​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវ​គោក​ថ្មី។ មួយ​ខែ​នេះ មាន​ទាំង​ការ​ផាក​ពិន័យ មាន​ទាំង​ការ​តវ៉ា ប៉ុន្តែ​បាន​ផ្លាស់​ប្តូរ​ឥរិយាបទ​របស់​ម្ចាស់​យាន​ជំនិះ​ភាគ​ច្រើន និង​បាន​ទាក់​ទាញ​ចំណាប់​អារម្មណ៍​របស់​ប្រជា​ពលរដ្ឋ​ខ្មែរ អោយ​មក​ស្វែង​យល់​អំពី​ច្បាប់​ចរាចរណ៍​​ផ្លូវ​គោក។ មន្ត្រី​ដែល​ធ្វើ​ការ​ទាក់​ទង​នឹង​សុវត្ថិភាព​ចរាចរណ៍​បាន​សម្តែង​ការ​សាទរ ប៉ុន្តែ​ក៏​បាន​លើក​ឡើង​ដែរ​ថា​១​ខែ​នេះ ចំនួន​គ្រោះ​ថ្នាក់​ចរាចរណ៍​ថយ​ចុះ តែ​ចំនួន​អ្នក​ស្តាប់​កើន​ឡើង។

នគរបាល​ចរាចរណ៍​ផ្លូវ​គោក ​ចាប់​ផ្តើម​ត្រួត​ពិនិត្យ ​យាន​យន្ត​នៅ​តាម​ដង​វិថី។
នគរបាល​ចរាចរណ៍​ផ្លូវ​គោក ​ចាប់​ផ្តើម​ត្រួត​ពិនិត្យ ​យាន​យន្ត​នៅ​តាម​ដង​វិថី។ @siv channa
ផ្សាយពាណិជ្ជកម្ម

លោក​ឧត្តម​សេនីយ​ឯក រុន រ័ត្នវាសនា ប្រធាន​នាយក​ដ្ឋាន​នគរ​បាល​ចរាចរណ៍ និង​សណ្តាប់​ធ្នាប់​សាធារណៈ​បាន​អោយ​ដឹង​ថា ក្នុង​រយៈ​ពេល​១​ខែ​មករា​នេះ នគរ​បាល​ចរាចរណ៍​បាន​ធ្វើ​ការ​ត្រួត​ពិនិត្យ​យាន ​ជំនិះ​នៅ​រាជ​ធានី-ខេត្ត បាន​ចំនួន​ជិត ១​លាន​គ្រឿង ក្នុង​នោះ​យាន​ជំនិះ​ដែល​ល្មើស​ច្បាប់​មាន​ចំនួន​ជាង​ ២០​ម៉ឺន​គ្រឿង។ នគរបាល​ចរាចរណ៍​បាន​ធ្វើ​កា​រ​អប់រំ​ម្ចាស់​យាន​ជំនិះ​បាន​ចំនួន​ជាង ១០​ម៉ឺន​គ្រឿង និង​ធ្វើ​ការ​ផាក​ពិន័យ​បាន​ចំនួន​ជាង​១០​ម៉ឺន​គ្រឿង​ផង​ដែរ។ ចំណែក​ឯ​ថវិកា​ដែល​បាន​មក​ពី​ការ​ផាក​ពិន័យ នៅ​មិន​ទាន់​ធ្វើ​ការ​បូក​សរុប​នៅ​ឡើយ​ទេ។ ប៉ុន្តែ​មក​ទល់​ពេល​នេះ ប្រជាពលរដ្ឋ​បង់​ប្រាក់​ផាក​ពិន័យ បាន​៨០​ភាគរយ​ហើយ។

លោក​ឧត្តម​សេនីយ​ឯក រុន រ័ត្ន​វាសនា បន្ត​ថា បើ​ប្រៀប​ធៀប​ទៅ​នឹង​ឆ្នាំ​២០១៤ និង​ឆ្នាំ ២០១៥ ចំនួន​គ្រោះ​ថ្នាក់​ចរាចរណ៍​នៅ​ដើម​ឆ្នាំ ២០១៦​នេះ មាន​ការ​ថយ​ចុះ​ចំនួន ២០០​ករណី។​ ប៉ុន្តែ​បើ​ទោះ​ជា​យ៉ាង​​នេះ​ក្តី ចំនួន​អ្នក​ស្លាប់​មាន​ការ​កើន​ឡើង។ កើន​ឡើង ព្រោះ​គ្រោះថ្នាក់​ចររាចរណ៍​ក្នុង​ខែ​មករា​នេះ កើត​ឡើង​ចំពោះ​យាន​ដឹក​អ្នក​ដំណើរ​ដែល​ផ្ទុក​មនុស្ស​ច្រើន​លើស​កំណត់។ លោក​ថា​នគរបាល​ចរាចរណ៍​នឹង​រឹត​បន្តឹង​ចំពោះ​ករណី​នេះ​បន្ត​ទៀត។

ដោយ​ឡែក លោកអ៊ា ច​រិយា នាយក​វិទ្យាស្ថាន​សុវត្ថិភាព​ចរាចរណ៍ បាន​មើល​ឃើញ​ថា មន្ត្រី​អនុវត្ត​ច្បាប់​ បាន​រឹត​បន្តឹង​ការ​អនុវត្ត​ច្បាប់​បាន​យ៉ាង​ល្អ ក្នុង​រយៈ​ពេល​មួយ​ខែ​នេះ ហើយ​ប្រជាពលរដ្ឋ​ក៏​បាន​ចូលរួម​សហការណ៍​ផង​ដែរ។ ជាមួយ​គ្នា​នេះ​ដែរ ប្រជាពលរដ្ឋ​ខ្មែរ​ងាក​មក​ស្វែង​យល់​អំពី​ច្បាប់​ចរាចរណ៍ ហើយ​ជា​បណ្តើរៗ​ ពួក​គេ​បាន​ផ្លាស់​ប្តូរ​ឥរិយាបទ​ទៅ​រក​ភាព​វិជ្ជមាន​ច្រើន។

ទោះ​យ៉ាង​ណា​ក៏​ដោយ លោក អ៊ា ចរិយា បាន​លើក​ឡើង​ថា ការ​អនុវត្ត​ច្បាប់​គួរ​ធ្វើ​ឡើង​ជា​ដំណាក់​កាល​ៗ​ហើយ​អ្វី​ដែល​នគរបាល​ត្រូវ​រឹត​បន្តឹង​មុន​គេ​ គឺ​ផ្តោត​ទៅ​លើ​មូលហេតុ​ផ្សេង​ៗ ដែល​នាំ​អោយ​មាន​គ្រោះថ្នាក់​ចរាចរណ៍ ដូចជា​ការ​បើកបរ​លើស​ល្បឿន​កំណត់ ការ​បើក​បរ​ក្រោម​ឥទ្ធិពល​នៃ​គ្រឿង​ស្រវឹង និង​ការ​មិន​ពាក់​មួក​សុវត្ថិភាព​និង​ខ្សែ​ក្រវាត់​សុវត្ថិភាព​ជា​ដើម។ ហើយ​ក្នុង​ដំណាក់​កាល​នៃ​ការ​រឹត​បន្តឹង​នេះ​ដែរ អាជ្ញាធរ​​ពាក់​ព័ន្ធ គប្បី​បន្ត​អប់រំ​ផ្សព្វផ្សាយ​អំពី​ច្បាប់​ចរាចរណ៍​ផ្លូវ​គោក​ថ្មី ដល់​ប្រជាពលរដ្ឋ​អោយ​បាន​គ្រប់​ជ្រុង​ជ្រោយ​នៃ​ប្រទេស​ជា​បន្ត​ទៀត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ