អានតួអត្ថបទ
កម្ពុជា-សង្គម

​៣​ខែ​ឆ្នាំ​២០១៩ ចំនួន​អ្នក​ស្លាប់ និង​របួស​ដោយ​គ្រោះ​ថ្នាក់​ចរាចរណ៍​កើន​ឡើង​ច្រើន​ធៀប​នឹង​ឆ្នាំ​២០១៨​

ចំនួន​គ្រោះ​ថ្នាក់ ចំនួន​អ្នក​ស្លាប់ និង​របួស ដោយ​ចរាចរណ៍​នៅ​ក្នុង​ត្រីមាស​ទី១ ឆ្នាំ​២០១៩​នេះ បាន​កើន​ឡើង បើ​ធៀប​ទៅ​នឹង​រយៈ​ពេល​ដូច​គ្នា​នៅ​ឆ្នាំ​២០១៨​។ ប៉ូលីស​ចរាចរណ៍ ក្រសួង​មហាផ្ទៃ​ឲ្យ​ដឹង​ថា ​ករណី​គ្រោះ​ថ្នាក់​ចរាចរណ៍ ដែល​បាន​កើន​ឡើង​នេះ គឺ​ដោយ​មូល​ហេតុ មិន​គោរព​ច្បាប់​ចរាចរណ៍ ដោយ​ប្រើ​ប្រាស់​ល្បឿន​ហួស​កំណត់ និង​មិន​គោរព​សិទ្ធិ​អ្នក​ដទៃ​។ 

​គ្រោះ​ថ្នាក់​ចរាចរណ៍​​នៅ​តាម​ដង​ផ្លូវ
​គ្រោះ​ថ្នាក់​ចរាចរណ៍​​នៅ​តាម​ដង​ផ្លូវ @សហការី
ផ្សាយពាណិជ្ជកម្ម

តាម​របាយការណ៍​របស់​ប៉ូលីស​ចរាចរណ៍​ក្រសួង​មហា​ផ្ទៃ ដែល​បាន​បង្ហាញ​កាល​ពី​ថ្ងៃ​ម្សិលមិញ​នៅ​ក្នុង​កិច្ច​ប្រជុំ​ទប់​ស្កាត់​គ្រោះ​ថ្នាក់​ចរាចរណ៍​ផ្លូវ​គោក ​គ្រោះថ្នាក់​ចរាចរណ៍​ប្រចាំ​ត្រីមាស​ទី​១​ ឆ្នាំ​២០១៩នេះ​ បាន​កើត​ឡើង​ចំនួន​១០៧៦​លើក​ បណ្តាល​ឲ្យ​ស្លាប់មនុស្ស​ចំនួន​៥១៣​នាក់​ និង​ របួស​ ១៥៩២​នាក់​។​

ប្រៀបធៀប​ត្រីមាស​ទី​១​ ឆ្នាំ​២០១៨​ គ្រោះថ្នាក់បាន​កើនឡើង​២៥៧​លើក ខណៈឆ្នាំ២០១៨មានចំនួន​៨១៩​លើក​​ គឺស្មើ​នឹង ៣១​ភាគរយ​ ស្លាប់​កើនឡើង​ចំនួន​៣៣​នាក់​ ស្មើ​៧​ភាគរយ​ និង​របួស​កើន​ ៣៥៨​នាក់​ ២៩​ភាគរយ ធៀបនឹងឆ្នាំ២០១៨ សម្រាប់រយៈពេលដូចគ្នា។​ ភូមិសាស្ត្រដែល​មាន​អ្នក​ស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍​ច្រើនជាងគេ គឺនៅ​រាជធានី​ភ្នំពេញ​ចំនួន​៩១​នាក់​ ខេត្តកំពង់ស្ពឺ​ចំនួន​៣៩​នាក់​ និង​ខេត្ត​ព្រះ​សីហ​នុ​ចំនួន​៣២​នាក់​។​

ការ​ស្លាប់​ដោយ​គ្រោះ​ថ្នាក់​ចរាចរណ៍​ច្រើន​បែប​នេះ បង្ហាញ​ថា​មាន​មនុស្ស​ចំនួន​៦នាក់ គិត​ជា​មធ្យម ដែល​បាន​ស្លាប់​ក្នុង​មួយ​ថ្ងៃ​​ និង​របួស​១៨​នាក់​។ ប៉ូលីសឲ្យដឹងថា មូលហេតុ​ចម្បងនៃគ្រោះថ្នាក់ចរាចរណ៍នេះ បណ្តាលមកពីការ​បើកបរ​លើស​ល្បឿនកំណត់​ ដែលមាន៤១​ភាគរយ​ មិន​គោរព​សិទ្ធិអ្នកដទៃចំនួន១៩​ភាគរយ​ មិន​ប្រកាន់​ស្តាំ​១៣​ភាគរយ​ បត់​នៅក្នុងស្ថានភាពគ្រោះថ្នាក់​៩​ភាគរយ​ បើកបរក្រោយមឥទ្ធិពលនៃគ្រឿងស្រវឹង​៤​ភាគរយ​ កត្តា​យានយន្ត​៣​ភាគរយ​ និង​ងងុយគេង​២​ភាគរយ​។​

ជុំវិញ​ការ​ស្លាប់ និងរបួស ដោយ​គ្រោះ​ថ្នាក់​ចរាចរណ៍​នៅ​តែ​បន្ត​កើន​ឡើង​ដូច្នេះ អ្នក​តាម​ដាន​សង្គម អ្នក​ជំនាញ​ផ្នែក​ចរាចរណ៍​នា​នា មើល​ឃើញ​ថា មហន្ត​រាយ​លើ​ទ្រូង​ផ្លូវ​ទាំង​នេះ គឺ​ដោយ​សារ​តែ​ការ​មិន​គោរព​ច្បាប់​របស់​អ្នក​បើក​បរ​យាន​យន្ត ខណៈ​សមត្ថ​កិច្ច មិន​បាន​ចាត់​វិធាន​ការ​ម៉ឺង​ម៉ាត់ ឲ្យ​មាន​ការ​គោរព​ច្បាប់​ចរាចរណ៍​។ តាម​អ្នក​តាម​ដាន​សង្គម វិធាន​ការ​អប់រំ​ជុំវិញ​បញ្ហា​ចរាចរណ៍​នេះ ហាក់​ដូច​ជា​ហួស​ពេល​ទៅ​ហើយ គួប​ផ្សំ​នឹង​ឥរិយាបទ​អាក្រក់​របស់​អ្នក​បើកបរ​មួយ​ចំនួន​ទៀត​នោះ វិធាន​ការ​ផ្លូវ​ច្បាប់​គួរ​តែត្រូវបាន​អនុវត្ត​ឲ្យ​បាន​តឹង​រឹង ដោយស្មើ​ភាព និង​តម្លា​ភាព​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ