ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 22/10 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 22/10 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 21/10 12h00 GMT
កម្ពុជា

​មនុស្ស​ជាង​១០០​នាក់​ស្លាប់​ដោយ​សារ​គ្រោះ​ថ្នាក់​ចរាចរណ៍​ក្នុង​រយៈ​ពេល​១៥​ថ្ងៃ​នៃ​រដូវ​ភ្ជុំ​បិណ្ឌ​

media  
​គ្រោះ​ថ្នាក់​ចរាចរណ៍​​នៅ​តាម​ដង​ផ្លូវ (រូបភាពឯកសារ) @សហការី

មនុស្ស​ជាង​១០០​នាក់​បាន​ស្លាប់ ខណៈ​ជាង​២០០​នាក់​បាន​រង​របួស​ធ្ងន់​ស្រាល ដោយ​សារ​គ្រោះ​ថ្នាក់​ចរាចរណ៍ ក្នុង​រយៈ​ពេល​១៥​ថ្ងៃ​នៃ​ពិធី​បុណ្យ​កាន់​បិណ្ឌ​និង​ភ្ជុំ​បិណ្ឌ​។ បើ​តាម​សមត្ថ​កិច្ច​តួលេខ​អ្នក​ស្លាប់​និង​របួស​នេះ​ពុំមាន​ការ​ប្រែ​ប្រួល​ឡើយ​បើ​ធៀប​និង​រយៈ​ពេល​ដូច​គ្នា​ក្នុង​ឆ្នាំ​២០១៨​។ ប៉ុន្តែ​សម្រាប់​សង្គម​ស៊ីវិល បង្ហាញ​ក្ដី​ព្រួយ​បារម្ភ ព្រោះ​ចំនួន​អ្នក​ស្លាប់​នៅ​តែ​ស្ថិត​ក្នុង​កម្រិត​មួយ​ខ្ពស់​ដដែល​។ 

រាប់​ចាប់​តាំង​ពីថ្ងៃទី១៤ ដល់ ថ្ងៃទី២៩ខែកញ្ញា គ្រោះ​ថ្នាក់​ចរាចរណ៍​នៅ​ទូទាំង​ប្រទេស​សរុប​ចំនួន​១៩៩​លើក បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​១១០​នាក់ របួស​ស្រាល​ជិត​២០០​នាក់​។ លោក ឆាយ គឹមខឿន អ្នក​នាំ​ពាក្យ​អគ្គ​ស្នង​ការ​នគរ​បាល​ជាតិ​បាន​ថ្លែង​ប្រាប់​វិទ្យុ​បារាំង​អន្តរ​ជាតិ​RFI នៅ​ថ្ងៃ​ចន្ទ​នេះ​ថា បើ​ទោះ​បី​ជា​ចំនួន​អ្នក​ស្លាប់​ពុំ​មាន​ការ​ថយ​ចុះ តែ​បង្ហាញ​ពី​ភាព​ល្អ​ប្រសើរ​ដែល​អ្នក​ស្លាប់​មិន​មាន​ការ​កើន​ឡើង​។ បើ​តាម​អ្នក​នាំ​ពាក្យ​ដដែល​ នេះ​ដោយ​សារ​តែ​ការ​យល់​ដឹង​របស់​អ្នក​ប្រើ​ប្រាស់​ផ្លូវ​រួម​នឹង​វិធាន​ការ​ទប់​ស្កាត់​របស់​សមត្ថ​កិច្ច​។

ប៉ុន្តែ​យ៉ាង​ណា​ក៏​ដោយ​លោក គង់ រតនៈ ប្រធាន​ស្ដី​ទី​នៃ​វិទ្យា​ស្ថាន​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវ​គោក​មើល​ឃើញ​ថា ទោះ​ជា​ចំនួន​អ្នក​ស្លាប់​មិន​មាន​ការ​កើន​ឡើង តែ​អ្នក​ស្លាប់​ក្នុង​ឱកាស​បុណ្យ​កាន់​បិណ្ឌ​និង​ភ្ជុំ​បិណ្ឌ​កើន​ដល់​២ដង​បើ​ធៀប​នឹង​ថ្ងៃ​ធម្មតា​ដែល​មាន​អ្នក​ស្លាប់​៥នាក់​ជា​មធ្យម​។ មួយ​ផ្នែក​នៃ​បញ្ហា​នេះ​លោក គង់ រតនៈ អះ​អាង​ថា មក​ពី​កំណើន​យាន​យន្ត​មាន​ការ​កើន​ឡើង​ជាង​២០​ភាគ​រយ​។ ទន្ទឹម​នឹង​កំណើន​យាន​យន្ត​មាន​ការ​កើន​ឡើង តែ​ឥរិយា​បថ​អ្នក​ប្រើ​ប្រាស់​ផ្លូវ​មិន​មាន​ការ​ផ្លាស់​ប្ដូរ​ឡើយ ពោល​គឺ​មាន​ការ​ផ្លាស់​ប្ដូរ​តិច​តួច​បំផុត។ ប្រឈម​បញ្ហា​នេះ លោក​គង់ រតនៈ អំពាវ​នាវ​ឲ្យ​ពលរដ្ឋ​កែ​ប្រែ​ទម្លាប់​ក្នុង​ការ​ប្រើ​ប្រាស់​ផ្លូវ ហើយ​សមត្ថ​កិច្ច​ត្រូវ​ពង្រឹង​ការ​អនុវត្ត​ច្បាប់​នៅ​នឹង​កន្លែង​ឲ្យ​មាន​ប្រសិទ្ធ​ភាព​។

ក្រៅ​ពី​តែ​ចរាចរណ៍,បញ្ហា​គ្រោះ​អគ្គិភ័យ​ក្នុង​ឱកាស​នៃ​ពិធី​បុណ្យ​កាន់​បិណ្ឌ​និង​ភ្ជុំ​បិណ្ឌ​នេះ​កើត​ឡើង​២លើក​បណ្ដាល​ឲ្យ​ឆេះ​ផ្ទះ​៣៦​ខ្នង ខណៈ​មនុស្ស​ម្នាក់​បាន​ស្លាប់ និង​ម្នាក់​របួស​។ ដោយ​ឡែក​ជុំវិញ​ការ​គ្រប់​គ្រង​សណ្ដាប់​ធ្នាប់​ទូទៅ​វិញ​គឺ​ពុំ​មាន​បញ្ហា​ជា​ដុំ​កំភួន​កើត​ឡើង​ឡើយ​ពោល​គឺ​អាជ្ញាធរ​គ្រប់​គ្រង់​សភាព​ការណ៍​បាន​ល្អ​ប្រសើរ​។ នេះ​បើ​តាម​ការ​អះអាង​របស់​អ្នក​នាំ​ពាក្យ​អគ្គ​ស្នង​ការ​នគរ​បាល​ជាតិ​៕

 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ