អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ខ្មែរ

អ្នក​ប្រើ​ប្រាស់​ផ្លូវនៅ​ស្រុក​ខ្មែរ យក​​ទម្លាប់​​ធំ​ជាង​​ច្បាប់!

ចុះផ្សាយ​នៅ​ថ្ងៃ៖

អស់​រយៈ​ពេល​ជាង​មួយ​ឆ្នាំ​មក​ហើយ ដែល​នគរបាល​ចរាចរណ៍​​រឹត​បន្តឹង​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវ​គោក​ថ្មី និង​ផាក​ពិន័យ​ចំពោះ​អ្នក​ល្មើស​ច្បាប់​។ ប៉ុន្តែ បើ​ទោះ​បី​ជា​យ៉ាង​នេះ​ក៏​ដោយ ក៏​គេ​សង្កេត​ឃើញ​ថា អ្នក​ប្រើ​ប្រាស់​ផ្លូវ​មួយ​ចំនួន​ធំ នៅ​តែ​ប្រកាន់​ទម្លាប់​ចាស់ មិន​គោរព​តាម​ច្បាប់​ចរាចរណ៍​ផ្លូវ​គោក​ថ្មី​ដដែល​។ នេះ​ក៏​ព្រោះ​តែ​ពួក​គាត់ យក​ទម្លាប់​ធំ​ជាង​ច្បាប់​។

ចរាចរណ៍​ស្ទះ ដោយសារ​អ្នក​បើកបរ​​មិន​គោរព​ច្បាប់​។
ចរាចរណ៍​ស្ទះ ដោយសារ​អ្នក​បើកបរ​​មិន​គោរព​ច្បាប់​។ @Troll Page
ផ្សាយពាណិជ្ជកម្ម

ជាង​មួយ​ឆ្នាំ​មក​ហើយ​ដែល​នគរបាល​ចរាចរណ៍​ខ្មែរ​នៅ​ទូទាំង​ប្រទេស បាន​ចាប់​ផ្ដើម​រឹត​បន្តឹង​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវ​គោក​ថ្មី​​​។ មាត្រា​មួយ​ចំនួន​នៅ​ក្នុង​ច្បាប់​ចរាចរណ៍​ផ្លូវ​គោក​​នេះ មាន​លក្ខណៈ​រឹតត្បិត និង​តឹងតែង​ជាង​ច្បាប់​ចរាចរណ៍​ផ្លូវ​គោក​ចាស់ ដោយ​ចំពោះ​​ការ​ផាក​ពិន័យ​។ យោង​តាម​ច្បាប់​ថ្មី​នេះ ជន​ណា​ដែល​ប្រព្រឹត្ត​ល្មើស ឬ​រំលោភ​ទៅ​លើ​មាត្រា​ណាមួយ​នៅ​ក្នុង​ច្បាប់​ចរាចរណ៍​ផ្លូវ​គោក​ថ្មី នឹង​ត្រូវ​ផាក​ពិន័យ​ជា​ទឹក​ប្រាក់​យ៉ាង​ធ្ងន់ធ្ងរ ឬ​អាច​នឹង​ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ថែម​ទៀត​ផង​។

ចាប់​តាំង​ពី​បើក​យុទ្ធនាការ​រឹត​បន្តឹង​ការ​អនុវត្ត​ច្បាប់ នគរបាល​ចរាចរណ៍​បាន​ត្រួត​ពិនិត្យ​យាន​ជំនិះ​រាប់​សែន​គ្រឿង​។ ក្នុង​នោះ ការ​ផាក​ពិន័យ​​ម្ចាស់​យាន​ជំនិះ​ដែល​ប្រព្រឹត្ត​ល្មើស​ច្បាប់ បាន​ធ្វើ​ឡើង​ជា​បន្ត​បន្ទាប់​។

ជា​ការ​ពិត ការ​រឹត​បន្តឹង​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវ​គោក​ថ្មី តាម​រយៈ​ការ​ផាក​ពិន័យ​​ដូច្នេះ បាន​ក្លាយ​ទៅ​ជា​ដង្កៀប ចាប់​បង្ខំ​ឲ្យ​ប្រជាពលរដ្ឋ​អនុវត្ត​តាម​។ ប៉ុន្តែ​ជា​ការ​កត់​សម្គាល់ បើ​ទោះ​បី​ជាមាន​ការ​ផាក​ពិន័យ​ធ្ងន់ធ្ងរ​យ៉ាង​ណា​ក៏​ដោយ ក៏​គេ​សង្កេត​ឃើញ​ថា អ្នក​ប្រើ​ប្រាស់​ផ្លូវ​មួយ​ចំនួន​ធំ នៅ​តែ​ប្រកាន់​ទម្លាប់​ចាស់​ដដែល​។ មិន​មែន​មក​ពី​អ្នក​ប្រើ​ប្រាស់​ផ្លូវ​ធ្លាប់​ខ្លួន​នឹង​ច្បាប់​ចាស់​ដែល​ធូរ​រលុង ហើយ​មិន​ទាន់​សម្រប​ខ្លួន​បាន​ទៅ​នឹង​ច្បាប់ថ្មី​ដែល​តឹង​តែង​នោះ​ទេ​។ គឺ​មក​ពី​សង្គម​កម្ពុជា ដែល​និយម​តម្កល់​ទម្លាប់​ឲ្យ​ធំ​ជាង​ច្បាប់​តែ​ម្ដង​។​

បើ​ទោះ​បី​ជា​នគរបាល​ចរាចរណ៍​បើក​ប្រតិបត្តិការ​រឹត​បន្តឹង​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​ហើយ​ក៏​ដោយ គេ​នៅ​តែ​សង្កេត​ឃើញ​ថា អ្នក​ប្រើ​ប្រាស់​ផ្លូវ​នៅ​កម្ពុជា នៅ​តែ​មិន​គោរព​ច្បាប់​ចរាចរណ៍​ដដែល នៅ​​​គ្រប់​ទីកន្លែង​ ​ទូទាំង​ប្រទេស​កម្ពុជា។ ​មនុស្ស​មួយចំនួន​​​មិនបាន​​យក​ច្បាប់​ជាធំ​ឡើយ តែ​បែរជា​នាំ​គ្នា​ប្រព្រឹត្ត​តាម​ការនឹកឃើញ និង​ប្រើ​កម្លាំង​បាយ ឬ​កម្លាំង​អំណាច​រៀងៗ​ខ្លួន​ទៅ​វិញ។ នៅ​តាម​ផ្លូវ គេ​នៅ​តែ​ប្រទះ​ឃើញ​ការ​ជិះ​បញ្ច្រាស​ផ្លូវ មិន​គោរព​ភ្លើង​សញ្ញា​ចរាចរណ៍​។ អ្នក​បើកបរ​ម៉ូតូ ដោយ​មិន​ពាក់​មួក​សុវត្ថិភាព​។ អ្នក​ជិះ​ម៉ូតូ​ខាង​ក្រោយ ដែល​មិន​ពាក់​មួក​សុវត្ថិភាព​។ អ្នក​បើកបរ​ដោយ​គ្រឿង​ស្រវឹង។ និង​មិន​ពាក់​ខ្សែ​ក្រវាត់ ពេល​បើកបរ​រថយន្ត​ជា​ដើម​។

ការ​ប្រកាន់​ទម្លាប់​ចាស់​របស់​អ្នក​ប្រើ​ប្រាស់​ដង​ផ្លូវ​​ដូច្នេះ អាច​នឹង​ធ្វើ​ឲ្យ​ប្រសិទ្ធភាព​នៃ​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​ថ្មី​ថយ​ចុះ​។ បើ​ទោះ​បី​ជា​យ៉ាង​នេះ​ក្ដី ​គេពិបាក​នឹង​បន្ទោស​អ្នក​ប្រើ​ប្រាស់​ផ្លូវតែ​ឯង​ណាស់ ​ដែល​នៅ​ប្រកាន់​ទម្លាប់​ចាស់ មិន​ព្រម​គោរព​ច្បាប់​ចរាចរណ៍​ផ្លូវ​គោក​ថ្មី​​។ ការ​អនុវត្ត​ច្បាប់​មិន​​បាន​ទូលំទូលាយ ស្មើ​ភាព​គ្នា​ចំពោះ​​ប្រជាពលរដ្ឋ​នៅ​ទូទាំង​ប្រទេស ក៏​ជា​មូលហេតុ​សំខាន់​មួយ​ដែរ ដែល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​នៅ​តែ​រក្សា​ទម្លាប់​ប្រើ​ប្រាស់​ផ្លូវ​បែប​ចាស់​ដដែល​។

នៅ​កម្ពុជា បញ្ហា​ចរាចរណ៍​​នៅ​តែ​ជា​ក្ដី​បារម្ភ​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​ផ្លូវ​ថ្នល់​គ្រប់​គ្នា និង​គ្រប់​ពេល​ទាំង​អស់។ ជា​រៀង​រាល់​ថ្ងៃ មនុស្ស​យ៉ាង​ហោច​ណាស់​៦​នាក់​ស្លាប់​ដោយ​សារ​តែ​គ្រោះ​ថ្នាក់​ចរាចណ៍​។ ​របាយការណ៍​របស់​ក្រុម​ការងារ​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវ​គោក បង្ហាញ​ថា គ្រោះ​ថ្នាក់​ចរាចរណ៍​នៅ​កម្ពុជា​ភាគ​ច្រើន​បណ្ដាល​មក​ពី ការ​មិន​គោរព​ច្បាប់​ចរាចរណ៍​។ ក្រៅពី​នេះ គ្រោះ​ថ្នាក់​ចរាចរណ៍​ក៏​កើត​ឡើង​ផង​ដែរ ដោយ​សារ​ឥរិយាបទ​ធ្វេស​ប្រហែស​របស់​អ្នក​បើក​បរ​ផ្សេង​ទៀត​ដូច​ជា ​ការ​បើក​បរ​ហួស​ល្បឿន​កំណត់ ការ​បើក​បរ​ក្នុង​ពេល​ស្រវឹង និង​ករណី​យានយន្ត​ជា​ដើម​។

ការ​រឹត​បន្តឹង​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​ដែល​នគរបាល​ចរាចរណ៍​បាន​ធ្វើ​កន្លង​មក​​នេះ គឺ​ជា​រឿង​គួរ​ឲ្យ​លើក​ទឹក​ចិត្ត ព្រោះ​វា​បាន​ធ្វើ​ឲ្យ​ពលរដ្ឋ​ខ្មែរ ងាក​មក​ចាប់​អារម្មណ៍​ស្វែង​យល់​ពី​ច្បាប់​។ ប៉ុន្តែ​ការ​ស្វែង​យល់​ពី​ច្បាប់​នៅ​មិន​ទាន់​គ្រប់​គ្រាន់​ទេ ប្រជាពលរដ្ឋ​ទាំង​អស់ ត្រូវ​តែ​តាំង​ចិត្ត​ផ្លាស់​ប្ដូរ​ទម្លាប់​របស់​ខ្លួន បើ​មិន​ទាន់​បាន​ទាំង​ស្រុង ក៏​ត្រូវ​ធ្វើ​ជា​បណ្ដើរ​ៗ​ដែរ​។ ព្រោះ​បើ​ពុំ​ដូច្នោះ​ទេ ប្រជាពលរដ្ឋ អ្នក​ប្រើ​ប្រាស់​ដង​ផ្លូវ​ខ្លួន​ឯង គឺ​ជា​អ្នក​ដែល​ខាត​បង់​។ ខាត​បង់​ដោយ​សារ​ប្រព្រឹត្ត​ល្មើស​ច្បាប់ ហើយ​ត្រូវ​រង​ការ​ផាក​ពិន័យ ឬ​អាក្រក់​ជាង​នេះ គឺ​ខាត​បង់​ដោយ​គ្រោះ​ថ្នាក់​ចរាចរណ៍ ដែល​បណ្ដាល​មក​ពី​ទម្លាប់​មិន​គោរព​ច្បាប់​ចរាចរណ៍​របស់​ខ្លួន​ឯង​។

ដោយ​ឡែក ចំពោះ​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​វិញ នគរបាល​ត្រូវ​តែ​ធ្វើ​ឲ្យ​បាន​ជាប់​លាប់ មិន​ត្រូវ​ធ្វើ​ឈប់​ធ្វើ​ឈប់​ឡើយ​។ ទន្ទឹម​គ្នា​នេះ ការ​អប់រំ ផ្សព្វផ្សាយ​ច្បាប់​ចរាចរណ៍​ផ្លូវ​គោក​ថ្មី​ទៅ​ដល់​ប្រជាពលរដ្ឋ​ទូទាំង​ប្រទេស ជា​ពិសេស​នៅ​តំបន់​ដាច់​ស្រយ៉ាល ក៏​ជា​រឿង​ចាំ​បាច់​មិន​អាច​ខ្វះ​បាន​ដូច​គ្នា​ដែរ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ