អានតួអត្ថបទ
កម្ពុជា-ចរាចរណ៍

លោក ស ខេង ដាក់​ចេញ​វិធាន​ការ​៩​ចំណុច​ទប់​ស្កាត់​គ្រោះ​ថ្នាក់​ចរាចរណ៍​ក្នុង​ឱកាស​ភ្ជុំបិណ្ឌ

គណៈកម្មាធិការជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក បាន​ចេញ​សេចក្ដី​អំពាវនាវ​មួយ​កាល​ពិថ្ងៃ​ទី ១៥ កញ្ញា ដោយ​បាន​ដាក់​ចេញ​នូវ​វិធានការ ៩ចំណុច​ដើម្បី​ជម្រុញ​ដល់​អ្នក​បើក​បរនិង​អ្នក​រួម​ដំណើរ​ចូល​រួម​បង្ការ​ ទប់ស្កាត់​គ្រោះ​ថ្នាក់​ចរាចរណ៍​ក្នុង​ឱកាស​បុណ្យ​ភ្ជុំ​បិណ្ឌ។ ជា​ពិធី​បុណ្យ​ប្រពៃណីដ៏​ធំ​មួយ​ ដែល​ប្រជា​ពលរដ្ឋ​ខ្មែរ​នៅ​ទូទាំង​ប្រទេស ​ត្រូវ​វិល​ត្រឡប់​ទៅ​កាន់​ស្រុក​កំណើត​រៀង​ៗ​ខ្លួន​ ដើម្បី​ជួប​ជុំ​គ្រួសារ។

គ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជា
គ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជា © សុវណ្ណរ៉ា
ផ្សាយពាណិជ្ជកម្ម

ជា​សេចក្ដី​អំពាវនាវ​ចុះ​ហត្ថលេខា​ដោយ លោក ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​និង​ជាប្រធាន​គណៈកម្មាធិការជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវ​គោក កាល​ពី​ថ្ងៃ​ទី​១៥​កញ្ញា និង​ត្រូវបាន​ផ្សាយ​ជា​សាធារណៈ​នៅ​ថ្ងៃ​ទី​១៧​កញ្ញា​នេះ។

ដើម្បី​បង្ការ ទប់ស្កាត់ និង កាត់​បន្ថយ​គ្រោះ​ថ្នាក់​ចរាចរណ៍​ផ្លូវគោក​ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​និង​ពិធី​កាន់​បិណ្ឌ ដែល​ចាប់​ផ្ដើម​ពី​ថ្ងៃ​ទី​១៧​ដល់​ថ្ងៃ​ទី​១​តុលា គណៈកម្មាធិការ​ជាតិសុវត្ថិភាព​ចរាចរណ៍ បាន​ណែនាំ​ដូច​ត​ទៅ​ទី១-កុំ​ផ្ទុក​មនុស្ស​ឬ​ទំនិញ​លើស​ច្បាប់​កំណត់ជា​ពិសេស​រថយន្ត​ដឹក​អ្នក​ដំណើរ ឬ ដឹក​កម្មករ។ ទី២-ត្រួត​ពិនិត្យ​លក្ខណៈ​បច្ចេក​ទេសយាន​ជំនិះ។ ទី៣-អ្នក​បើក​រថយន្ត​និង​អ្នក​រួម​ដំណើរ​ពាក់​ខ្សែរ​ក្រវ៉ាត់​សុវត្ថិភាព​ឲ្យ​បានត្រឹម​ត្រូវ។ ទី៤-អ្នក​បើក​រថយន្ត​និង​អ្នក​រួម​ដំណើរ​ត្រូវ​ពាក់​មួក​សុវត្ថិភាព​ឲ្យ​បាន​ត្រឹម​ត្រូវគ្រប់ៗ​គ្នា។ ទី៥-ត្រូវ​បន្ថយ​ល្បឿន​បើក​បរ​តាម​ច្បាប់​កំណត់។ ទី៦-មុន​នឹង​វ៉ា​ជែង ត្រូវ​ដឹងច្បាស់​ថា ខាង​មុខ​ទំនេរ​អាច​ជែង​បាន​ដោយ​សុវត្ថិភាព។ ទី៧-ត្រូវ​គោរព​សិទ្ធិ​អាទិភាពនៅ​ត្រង់​ផ្លូវ​ប្រសព្វ។ ទី៨-មិន​បើក​បរ​ក្រោម​ឥទ្ធិពល​នៃ​ជាតិ​ស្រវឹង​ឬ​សារធាតុ​ញៀន។ ទី៩-ត្រូវ​ប្រកាន់​ខ្ជាប់​នូវ​សុជីវធម៌ សីលធម៌ និង​ការអធ្យាស្រ័យ។

លោក អ៊ា ចរិយានាយក​វិទ្យាស្ថាន​សុវត្ថិភាព​ចរាចរណ៍ លើក​ឡើង​ថា ការ​អំពាវនាវ​តែមួយ​មុខ​នៅ​មិន​ទាន់​គ្រប់​គ្រាន់ ហើយ​ក៏​មិន​អាច​មាន​ប្រសិទ្ធិ​ភាព​ខ្ពស់​ដែរ។ លោកថា ក្រៅ​ពី​ការ​អំពាវនាវ​ក្រសួង​គួរ​តែ​ពង្រឹង​ការ​អនុវត្ត​ច្បាប់​ដោយ​ដាក់​កម្លាំង​សមត្ថកិច្ច​នៅតាម​ផ្លូវ​គោល​ដៅ​សំខាន់ៗ ដើម្បី​ត្រួត​ពិនិត្យ​កុំ​ឲ្យ​មាន​ការ​ដឹក​លើស​ចំណុះ​និង​ការ​ជិះ​លើដំបូល​ជា​ដើម។  

សូមបញ្ជាក់ថា ក្នុង​ថ្ងៃ​ធម្មតា​គ្រោះ​ថ្នាក់​ចរាចរណ៍​បាន​បណ្តាល​អោយ​មនុស្ស​ស្លាប់​ចំនួន​ពី​៤​ទៅ​៥​នាក់​ក្នុង​មួយ​ថ្ងៃ​ៗ​ ប៉ុន្តែ​នៅ​ថ្ងៃ​បុណ្យ​វិញ​ ចំនួន​អ្នក​ស្លាប់​បាន​កើន​ឡើង​ពី​៦​ទៅ​៧​នាក់​ឬ​ច្រើន​ជាង​នេះ៕
 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ