អានតួអត្ថបទ
កម្ពុជា

ស្ថានភាព​ជួញ​ដូរ​មនុស្ស​នៅ​កម្ពុជា​ឆ្នាំ​២០១៦ ទទួល​ស្គាល់​ថា មាន​ភាព​ប្រសើរ​ជាង​មុន

ក្រសួង​ការ​បរទេស​សហរដ្ឋ​អាមេរិក (ថ្ងៃ​ទី​ ៣០មិថុនា ឆ្នាំ​២០១៦) ទើប​តែ​បាន​ចេញ​ផ្សាយ​របាយការណ៍​ប្រចាំ​ឆ្នាំ​២០១៦ ស្តីពី ស្ថានភាព​នៃ​ការ​ជួញ​ដូរ​មនុស្ស​នៅ​ក្នុង​ប្រទេស​ចំនួន ១៨៨ នៅ​លើ​ពិភព​លោក។ ក្នុង​នោះ ស្ថានភាព​នៃ​ការ​ជួញដូរ​មនុស្ស​នៅ​កម្ពុជា ត្រូវ​បាន​ទទួល​ស្គាល់​ថា មាន​ភាព​ប្រសើរ​ជាង​មុន ​ពោល​គឺ កម្ពុជា​ត្រូវ​បាន​ផ្តល់​ចំណាត់​ថ្នាក់​លេខ​២ (Tier 2) ដែល​ជា​ចំណាត់​ថ្នាក់​ល្អ​បន្តិច​ជាង​ចំណាត់​ថ្នាក់​លេខ​២ (Tier 2 Watch List) ក្នុង​បញ្ជី​តាម​ដាន​កាល​ពី​ឆ្នាំ​ទៅ​។

ក្រសួងការបរទេសសហរដ្ឋអាមេរិក បាន​ចេញ​ផ្សាយ​របាយការណ៍​ប្រចាំ​ឆ្នាំ​២០១៦ ​ស្តីពី ​ស្ថានភាព​នៃ​ការ​ជួញដូរ​មនុស្ស​នៅ​ក្នុង​ប្រទេស​ចំនួន ​១៨៨ ​នៅ​លើ​ពិភព​លោក​។
ក្រសួងការបរទេសសហរដ្ឋអាមេរិក បាន​ចេញ​ផ្សាយ​របាយការណ៍​ប្រចាំ​ឆ្នាំ​២០១៦ ​ស្តីពី ​ស្ថានភាព​នៃ​ការ​ជួញដូរ​មនុស្ស​នៅ​ក្នុង​ប្រទេស​ចំនួន ​១៨៨ ​នៅ​លើ​ពិភព​លោក​។
ផ្សាយពាណិជ្ជកម្ម

របាយការណ៍​ក្រសួង​ការ​បរទេស​អាមេរិក​លើក​ទី​១៦​ ឆ្នាំ​២០១៦​នេះ បាន​កត់​សម្គាល់​ពី​ការ​រីក​ចម្រើន​មួយ​ចំនួន​របស់​កម្ពុជា ក្នុង​ការ​ឆ្លើយ​តប​ទៅ​នឹង​សកម្មភាព​នៃ​ការ​ជួញ​ដូរ​មនុស្ស​នៅ​២០១៦ ហើយ​ក៏​ជា​ចំណុច​នាំ​ឲ្យ​មាន​ការ​ប្រែប្រួល​ចំណាត់​ថ្នាក់​នេះ​ដែរ។

ក្នុង​នោះ រួម​មាន ការ​ចាប់​ផ្តើម​អនុវត្ត​នូវ​ផែនការ​សកម្មភាព​ថ្នាក់​ជាតិ ស្តីពី ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ជួញដូរ​មនុស្ស ដោយ​បាន​កំណត់​ផ្តល់​ថវិកា​ប្រចាំ​ឆ្នាំ ៥០០ ០០០ ដុល្លារ​អាមេរិក ដល់​គណកម្មាធិការ​អន្តរក្រសួង​ ដើម្បី​ប្រតិបត្តិការ, ការ​បង្កើត​ឡើង​នូវ​គោលការណ៍​ណែនាំ​ថ្នាក់​ជាតិ​សម្រាប់​កំណត់​និង​បញ្ជូន​ជន​រងគ្រោះ និង​ការ​ជួយ​សង្រ្គោះ​ជន​រង​គ្រោះ ដែល​មាន​ការ​កើន​ឡើង​ពី​ ៣២៦នាក់ កាល​ពី​ឆ្នាំ​ទៅ ទៅ​ដល់ ៥៨៩​នាក់​ជា​ដើម។ ក្រៅ​ពី​នេះ របាយការណ៍​ក៏​បាន​កត់​សម្គាល់​ឃើញ ពី​ដំណើរ​ការ​ជឿន​លឿន​របស់​រដ្ឋាភិបាល​កម្ពុជា ក្នុង​ការ​កាត់​ទោស និង​ដាក់​ទោស ពិសេស​លើ​បទល្មើស​នៃ​ការ​ជួញ​ដូរ​កម្លាំង​ពលកម្ម​នៅ​ក្នុង​ប្រទេស ដែល​កំពុង​អភិវឌ្ឍ​មួយ​នេះ​ផង​ដែរ។ នេះ​បើ​យោង​តាម​របាយការណ៍​របស់​ក្រសួង​ការ​បរទេស​សហរដ្ឋអាមេរិក ស្តីពី ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ជួញ​ដូរ​មនុស្ស ដែល​ចេញ​ផ្សាយ​ជា​ផ្លូវ​ការ​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​៣០​ ខែ​មិថុនា​ ឆ្នាំ​២០១៦ ហើយ​ត្រូវ​បាន​ស្ថានទូត​សហរដ្ឋអាមេរិក​ប្រចាំ​នៅ​ទីក្រុង​ភ្នំពេញ បាន​ផ្សព្វផ្សាយ​បន្ត​នៅ​ថ្ងៃ​ទី​ ១កក្កដា នេះ។ របាយការណ៍​នេះ​បាន​ដាក់​កម្ពុជា​នៅ​ក្នុង​ចំណាត់​ថ្នាក់​ទី​២ (Tier 2) ផុត​ពី​ក្នុង​បញ្ជី​តាម​ដាន កាល​​ពី​ឆ្នាំ​ទៅ ឬ (Tier 2 Watch List)។

កម្ពុជា​ត្រូវ​បាន​គេ​ចាត់​ទុក​ថា គឺ​ជា​ប្រភព និង​ជា​ទី​កន្លែង​ឆ្លងកាត់​នៃ​ការ​ជួញ​ដូរ​មនុស្ស ទាំង​ប្រុស ទាំង​ស្រ្តី និង​កុមារ​ផង លើ​កម្លាំង​ពលកម្ម និង​ផ្លូវ​ភេទ។ យុវជន​កម្ពុជា​ ដែល​ពេញ​កម្លាំង​ភាគ​ច្រើន បាន​រងគ្រោះ​ដោយ​ការ​ជួញដូរ នៅ​ពេល​ពួក​គេ​បាន​ធ្វើ​ចំណាក​ស្រុក​ ដើម្បី​ស្វែង​រក​ការងារ​ធ្វើ​នៅ​ក្រៅ​ប្រទេស និង​ការ​ធ្វើ​ចំណាក​ស្រុក​ពី​ជនបទ​មក​កាន់​ទីក្រុង។

សូម​បញ្ជាក់​ថា តាម​ការ​កំណត់​នៃ​ច្បាប់​របស់​សហរដ្ឋ​អាមេរិក ស្តីពី ការ​ការពារ​ជន​រងគ្រោះ​ដោយ​ការ​ជួញ​ដូរ (TVPA) តែង​តែ​បាន​ចេញ​ផ្សាយ​របាយការណ៍​ប្រចាំ​ឆ្នាំ​ស្តីពី​ការ​ជួញដូរ​មនុស្ស (Trafficking In Person) ដើម្បី​វាយ​តម្លៃ​រដ្ឋាភិបាល​នៅ​ជុំវិញ​ពិភព​លោក លើ​ការ​ខិតខំ​របស់​ពួក​គេ ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ទាសភាព​សម័យ​ទំនើប។ របាយ​ការណ៍ (TIP) ប្រចាំឆ្នាំ​លើក​ទី​១៦ របស់​ក្រសួង​ការ​បរទេស​អាមេរិក​នេះ បាន​រាប់​បញ្ចូល​ប្រទេស​ចំនួន​ ១៨៨ ដោយ​បាន​ផ្តល់​ចំណាត់​ថ្នាក់ ទៅ​តាម​ក្រុម​ប្រទេស​លេខ​១ (Tier1) ក្រុម​ប្រទេស​លេខ​២ (Tier2) ក្រុម​ប្រទេស​លេខ​២​ស្ថិត​ក្រោម​ការ​ឃ្លាំ​មើល ឬ(Tier 2 Watch List) និង​ចំណាត់​ថ្នាក់​ទី៣ (Tier3) ដែល​ជា​ចំណាត់​ថ្នាក់​អាក្រក់​បំផុត។

ប៉ុន្តែ​យ៉ាង​ណា​ក៏​ដោយ របាយការណ៍​ឆ្នាំ​២០១៦​នេះ បាន​រង​ការ​រិះគន់​ថា បាន​វាយ​តម្លៃ​លំអៀង​ទៅ​លើ​ស្ថានភាព​នៃ​ការ​ជួញ​ដូរ​មនុស្ស​នៅ​ប្រទេស​ជា​សម្ព័ន្ធ​មិត្ត​របស់​អាមេរិក​មួយ​ចំនួន តួ​យ៉ាង​ដូច​ជា​ប្រទេស​ថៃ និង​ម៉ាឡេស៊ី ថា​មាន​កម្រិត​ស្រាល (Tier 2 Watch List) ខណៈ​ដែល​ប្រទេស​ប្រជាធិបតេយ្យ​ថ្មី​ថ្មោង​ភូមា និង​អ៊ូបេគីស្ថាន មាន​ចំណាត់​ថ្នាក់​អាក្រក់​បំផុត​(Tier3)៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ