អានតួអត្ថបទ
កម្ពុជា

ស្វែងរក​អ្នកកាសែត​កម្ពុជា​ឆ្នើម​ ក្នុងការ​សរសេរ​អត្ថបទ​អំពើ​ពុករលួយ​ នៅ​កម្ពុជា

ក្លឹប​អ្នកកាសែត​កម្ពុជា​ និង​អង្គការ​តម្លាភាព​កម្ពុជា ​បាន​សហការ ​រៀបចំ​កម្មវិធី​ប្រកួត​ប្រជែង ​ពានរង្វាន់​អ្នក​សារព័ត៌មាន​ឆ្នើម​ ស្តីពី​ ការ​សរសេរ​អត្ថបទ​បង្ហាញ​អំពើ​ពុករលួយ​ នៅ​កម្ពុជា។ ​នៅ​ថ្ងៃ​ទី​១៥ ​ខែ​មិថុនា​ ឆ្នាំ​២០១៥ ​គឺ​ជា​ថ្ងៃ​ផុត​កំណត់​ សម្រាប់​ការ​ដាក់​អត្ថបទ​ចូលរួម​ប្រកួត​ប្រជែង។ ​អត្ថបទ​លេខ​១​ នឹង​ត្រូវ​ទទួល​រង្វាន់​ជា​ទឹកប្រាក់​ចំនួន​ ១២០០ដុល្លារ​ និងមាន​ឱកាស​ទៅ​ចូលរួម​សន្និសីទ​ លើក​ទី​១៦ ​ស្តីពី​ ការ​ប្រឆាំង​អំពើ​ពុក​រលួយ ​ដែល​រៀបចំ​ដោយ​អង្គការ​តម្លាភាព​អន្តរជាតិ​ នៅ​ទីក្រុង​កូឡាឡាំពួរ​ ប្រទេស​ម៉ាឡេស៊ី ​ក្នុង​ខែ​កញ្ញា។

លោក ព្រាប កុល នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជា នៅក្នុង​សន្នីសីទព័ត៌មាន
លោក ព្រាប កុល នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជា នៅក្នុង​សន្នីសីទព័ត៌មាន @TIC
ផ្សាយពាណិជ្ជកម្ម

ដំណឹង​នៃការ​ប្រកួត​ប្រជែង​អត្តបទ​របស់​អ្នកកាសែត​ ដើម្បី​ប្រជែង​យក​ពានរង្វាន់​អ្នក​សារព័ត៌មាន​​ឆ្នើម ​ពាក់ព័ន្ធ​នឹង​អំពើពុករលួយ​ ត្រូវ​បាន​ប្រកាស​ កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៤​មេសា​នេះ ​នៅក្លឹប​អ្នកកាសែត​កម្ពុជា។ ​ក្លឹប​អ្នកកាសែត​កម្ពុជា​ និង​អង្គការ​តម្លាភាព​កម្ពុជា​ បាន​សហការ​ រៀបចំ​កម្មវិធី​ប្រកួត​ប្រជែង​ ដែល​នឹង​ផុត​កំណត់​ នៅ​ថ្ងៃ​ទី​១៥​ ខែ​មិថុនា​ ឆ្នាំ​២០១៥។

 
លោកព្រាប កុល នាយក​ប្រតិបត្តិ​អង្គការ​តម្លាភាព​កម្ពុជា​ បាន​ថ្លែង​ក្នុង​សន្និសីទ​កាសែត​ នៅ​ព្រឹក​ថ្ងៃ​២៤​មេសានេះ​ថា​ ការ​ប្រកួត​យក​ពានរង្វាន់​អ្នកសារព័ត៌មាន​ឆ្នើម​ ស្តី​ពី ​អំពើ​ពុក​រលួយ​ មាន​គោល​បំណង​ លើក​ទឹក​ចិត្ត​អ្នក​សារព័ត៌មាន​កម្ពុជា​ ឲ្យ​មាន​ការ​សរសេរ​ពី​អំពើ​ពុករលួយ​ នៅ​ក្នុង​ប្រទេស​កម្ពុជា​ ឲ្យ​កាន់​តែ​ច្រើន​ឡើង​ ក៏​ដូចជា​ ផ្តល់​ជូន​ស្នាដៃ​ដល់​ភាព​ក្លាហាន​ និង​ការ​ប្តេជ្ញា​ចិត្ត​របស់​អ្នក​សារព័ត៌មាន​ ដែល​បាន​លាត​ត្រដាង​ ពី​ការ​រំលោភ​បំពាន​ផ្នែក​អំណាច។

តាម​លោក​ ព្រាប កុល ​ការ​ប្រកួត​នេះ​ គឺ​បើក​ទូលាយ​ដល់​អ្នកសារព័ត៌មាន​កម្ពុជា​ ដែល​មាន​ស្ថាប័ន​ពិត​ប្រាកដ​ និង​អ្នក​សារព័ត៌មាន​ មិនមាន​ស្ថាប័ន​ពិត​ប្រាកដ​ធ្វើ​ការ​ដោយ​ឯករាជ្យ​ ទាំង​នៅ​ផ្នែក​បោះពុម្ព​ផ្សាយ​ កាសែត​ និង​ទស្សនាវដ្តី​ និង​តាម​រលក​អាកាស​វិទ្យុ ​និង​ទូរទស្សន៍​ ព្រម​ទាំង​អ្នកសារព័ត៌មាន​អនឡាញ​ ឬ​គេហទំព័រ​ អ្នក​សរសេរ​ព័ត៌មាន​បង្ហោះ​តាម​បណ្តាញ​ប្លុក។ ​ប៉ុន្តែ​អ្នកសារព័ត៌មាន​បរទេស​ មិន​អនុញ្ញាត​ឲ្យ​ចូល​រួម​ប្រកួត​ឡើយ។

រីឯ​លោក ​គី សុខលីម​ សមាជិក​គណៈកម្មាធិការ​នាយក​របស់​ក្លឹប​អ្នកកាសែត​កម្ពុជា​ បាន​មាន​ប្រសាសន៍​ថា​ អត្ថបទ​ដែល​នឹង​ត្រូវ​ដាក់​ចូល​ប្រកួត​ប្រជែង​ ត្រូវ​តែ​បរិយាយ​អំពី​ពុករលួយ​ ដែល​អាច​ជា​អត្ថបទ​ស៊ើប​អង្កេត​ ឬ​លាត​ត្រដាង​ពី​ផលប៉ះពាល់​នៃ​អំពើ​ពុក​រលួយ​របស់​បុគ្គល​ របស់​ក្រុម ​ឬ​របស់​ស្ថាប័ន ​ដែល​នាំ​ឲ្យ​អន្តរាយ​ទាំង​បុគ្គល ​និង​សង្គម។

នៅ​ថ្ងៃ​ទី​១៥ ​ខែ​មិថុនា ​ជា​ថ្ងៃ​ផុត​កំណត់​សម្រាប់​ការ​ដាក់​អត្ថបទ​ចូលរួម​ប្រកួត​ប្រជែង។ ​អត្ថបទ​នោះ ​ត្រូវ​តែ​ជា​អត្ថបទ​ ដែល​ត្រូវ​បាន​ផ្សាយ​រួច​ហើយ​ នៅ​ចន្លោះ​ពី​ថ្ងៃ​ទី​១ ​ខែ​មករា​ ឆ្នាំ​២០១៥ ​ដល់​ថ្ងៃ​ទី​១៥​ ខែ​មិថុនា​ ឆ្នាំ​២០១៥។ ​អ្នក​កាសែត​ម្នាក់​ អនុញ្ញាត​ឲ្យ​ដាក់​អត្ថបទ​ដ៏​ល្អ​បំផុត​ចំនួន​មួយ​ប៉ុណ្ណោះ ​សម្រាប់​ការ​ចូលរួម​ប្រកួត​នេះ។

លោក ព្រាប កុល ​បញ្ជាក់​ថា​ អត្ថបទ​លេខ​១​ ល្អ​បំផុត​ នឹង​ត្រូវ​ទទួល​រង្វាន់​ ជា​ទឹក​ប្រាក់​ចំនួន​ ១២០០ដុល្លារ​ និង​មាន​ឱកាស​ទៅ​ចូលរួម​សន្និសីទ​លើក​ទី​១៦​ ស្តីពី​ ការ​ប្រឆាំង​អំពើ​ពុករលួយ​ ដែល​រៀបចំ​ដោយ​អង្គការ​តម្លាភាព​អន្តរជាតិ​ នៅ​ទីក្រុង​កូឡាឡាំពួរ​ ប្រទេស​ម៉ាឡេស៊ី ​ក្នុង​ខែ​កញ្ញា ​ឆ្នាំ​២០១៥ ​ខាង​មុខ​នេះ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ